ភ្នំពេញៈក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងដាក់ឯកសារស្នើសុំចុះបញ្ជី «អាពាហ៍ពិពាហ៍ខ្មែរ» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នាចុងខែមីនានេះ ខណៈបច្ចុប្បន្នក្រសួងបានប្រមូលធាតុចូល ដើម្បីជាប្រយោជន៍ក្នុងការរៀបចំឯកសារនេះរួចរាល់ហើយ។
លោកស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៣ ខែមីនាថា គោលបំណងនៃការស្នើចុះបញ្ជី«អាពាហ៍ពិពាហ៍ខ្មែរ» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ គឺដើម្បីបង្ហាញពីអត្តសញ្ញាណនៃប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ព្រមទាំងទទួលបានតម្លៃទាំងថ្នាក់ជាតិ និងអន្តរជាតិ។
លោកបានបន្តថា៖«ការចុះបញ្ជីទៅក្នុងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ គឺវាសំខាន់ ដើម្បីទទួលស្គាល់នៅកម្រិតថ្នាក់ជាតិ និងអន្តរជាតិថា តម្លៃអាពាហ៍ពិពាហ៍បែបម៉េច? ឧទាហរណ៍ បង្វិលពពិលយ៉ាងម៉េច? បាចផ្កាស្លាមានន័យយ៉ាងម៉េច?ហេតុអ្វីចាំបាច់ត្រូវធ្វើវាជាដើម?»។
លោកស៊ីយ៉ុន សុភារិទ្ធ សង្កត់ធ្ងន់ថា ការចុះបញ្ជីនេះ ក៏ជាការធានាអះអាងរបស់ប្រទេសកម្ពុជាទៅលើឆាកអន្តរជាតិ ទៅកាន់រដ្ឋដែលជាប្រទេសសមាជិករបស់អង្គការយូណេស្កូប្រមាណជាង ១៨០ប្រទេស ថា កម្ពុជា ពិតជាធានាបាននូវការរៀបចំប្រពៃណីនៃអាពាហ៍ពិពាហ៍ដោយមិនឱ្យបាត់បង់សម្រាប់ក្មេងជំនាន់ក្រោយផងដែរ។
បច្ចុប្បន្នក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីជាប្រយោជន៍ក្នុងការរៀបចំឯកសារនេះរួចរាល់ហើយ ដោយគ្រោងនឹងស្នើចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ តាមការកំណត់របស់អង្គការយូណេស្កូ។
ជាមួយគ្នានេះដែរ លោកស៊ីយ៉ុន សុភារិទ្ធ ក៏បានឱ្យដឹងដែរថា ក្រោយពីដាក់ឯកសារស្នើសុំនេះរួចរាល់ហើយ គឺត្រូវប្រើពេលប្រមាណជា២ឆ្នាំទៀត ទើបដឹងថា តើអង្គការយូណេស្កូ ទទួលយល់ព្រមចុះបញ្ជីបេតិកភណ្ឌ ឬអត់?
ជុំវិញរឿងនេះ លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរបានថ្លែងអំណរគុណទៅកាន់ក្រសួងវប្បធម៌ ចំពោះការយកចិត្តទុកដាក់លើការចងក្រង និងដាក់ឯកសារស្នើចុះបញ្ជី«អាពាហ៍ពិពាហ៍ខ្មែរ» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូនេះ ដើម្បីកុំឱ្យមានភាពអនាធិបតេយ្យនៃការប្រារព្ធពិធី។
លោកបានមានប្រសាសន៍ថា៖«ភាពសំខាន់នៃអាពាហ៍ពិពាហ៍ខ្មែរ គឺមានតម្លៃណាស់ ព្រោះថា មុននឹងរៀបចំពិធីជាទូទៅតាមទំនៀមទម្លាប់ខ្មែរ ដំបូងតែងមានពិធីចែចូវ ឬចូលស្តីដណ្តឹង ដើម្បីប្រកាសឱ្យដឹងពីទំនាក់ទំនងរវាងកូនប្រុសស្រីទៅកាន់អ្នកជុំវិញឱ្យបានដឹង»។
លោកសាស្រ្តាចារ្យបានបន្តទៀតថា មួយទៀតពិធីហែជំនូន ក៏សំខាន់ណាស់ដែរ ព្រោះបញ្ជាក់ថា កូនប្រុសចូលដណ្តឹងកូនស្រី ធ្វើដំណើរតាមផ្លូវមានញាតិផៅហែហមដោយមានផ្លែឈើ នំ ចំណី ចូលទៅរៀបអាពាហ៍ពិពាហ៍នៅផ្ទះកូនស្រី ហើយកូនស្រីចេញមកស្វាគមន៍ដោយមានឪពុកម្តាយទាំងសងខាងចាំអបអរស្វាគមន៍ ត្រង់នេះក៏ចាំបាច់ត្រូវមានការចងក្រងជាឯកសារច្បាស់លាស់ដែរ។
លោកសំបូរ មាណ្ណារ៉ា បានបន្ថែមថា៖«ពិធីចងដៃវិញ ក៏សំខាន់ ព្រោះបានបញ្ជាក់ពីញាតិផៅទាំងអស់ ទទួលស្គាល់ពីអាពាហ៍ពិពាហ៍របស់កូនប្រុសកូនស្រី ដោយមិនចោទថា អ្នកទាំង២ ឥតមានខាន់ស្លា ខណៈនៅពេលរៀបការចប់ ក៏មានពិធីទៅវត្ត កាត់ចំណងដៃកូនប្រុសស្រី ដើម្បីទទួលបានដំបូន្មានពីព្រះសង្ឃក្នុងការអប់រំចិត្ត និងសុំពរជ័យពីព្រះសង្ឃបន្ថែម ដូច្នេះចំនុចទាំងនេះ ក៏សុទ្ធតែសំខាន់ឱ្យមានការរៀបឯកសារច្បាស់លាស់»។
លោក សំបូរ មាណ្ណារ៉ា ក៏បានបញ្ជាក់ដែរថា បើចុះបញ្ជីអាពាហ៍ពិពាហ៍ខ្មែរក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូបាននោះ កម្ពុជានឹងអាចផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងពូជពង្សរបស់ខ្មែរ ឱ្យបរទេសបានដឹងពីរូបភាពដ៏ផូរផង់នៃអាពាហ៍ពិពាហ៍ខ្មែរកាន់តែខ្លាំង៕