កណ្ដាលៈ​ ម្សៅ​ជ្រែ​អាច​យក​ទៅ​ធ្វើ​នំ​ម្សៅ​ជ្រែ​ តាំង​ហ៊ុន​ ឬ​មី​សួ​ និង​ធ្វើ​ជា​បង្អែ​មបាន​ច្រើន​មុខ​ ហើយ​ក៏​ជា​របរ​ប្រពៃ​ណី​ពី​ដូន​តា​សម្រាប់​អ្នក​ភូមិ​ពោធិ​មិត្ត​ ស្រុក​កោះធំ​ ខេត្ដកណ្ដាល​ផង​ដែរ ​ដែល​បច្ចុប្បន្ន​មាន​សិប្ប​កម្ម​ផលិត​ម្សៅ​ជ្រែ​ចំនួន៨​ទីតាំង​និង​បាន​ផ្តល់​ការងារ​ដល់​អ្នក​ភូមិ​ជាង ​៤០ ​គ្រួសារ​ក្នុង​សហ​គមន៍ ​ខណៈ​មន្ទីរ​វប្បធម៌​ខេត្ត​ក៏​ចាត់​ដើម​ជ្រែ​ជា​ធម្ម​ជាតិ​វប្ប​ធម៌​ដែរ​។​


​ដើម​ជ្រែ​គេ​មិន​អាច​ទាញ​យក​ទឹក​ឬ​ផ្លែ​របស់​វា​ដូច​ជា​ដើម​ត្នោត​បាន​ទេ​ ហើយ​នៅ​ពេល​ដែល​កសិករ​យក​ផល​ពី​ដើម​ជ្រែ​លុះ​ត្រាតែ​កាប់​រំលំ​ដើម​ ព្រោះ​ម្សៅ​ជ្រែ​គេ​ធ្វើ​ពី​ដើម​របស់​វា​។​អំណះ​អំណាង​នេះ​មិន​ខុស​អី​ពី​ការ​លើក​ឡើង​របស់​លោក​ យី តឿ ​ដែល​ជា​អ្នក​ផលិត​ម្សៅ​ជ្រែ​ម្នាក់​រស់​នៅ​ភូមិ​ពោធិ​មិត្ត ​ក្នុង​ស្រុក​កោះធំ ​ខេត្ត​កណ្តាល​នោះ​ទេ​។​

​លោក ​យី តឿ បាន​ប្រាប់​ថា​ របរ​ធ្វើ​ម្សៅ​ជ្រែ​ពី​ដើម​ជ្រែ​ជា​របរ​តំណ​ពី​ដូនតា​របស់​អ្នក​ភូមិ​ពោធិ​មិត្ត​ ឃុំ​លើក​ដែក​ ស្រុក​កោះ​ធំ ​ខេត្ត​កណ្តាល ​ហើយ​បច្ចុប្បន្ន​មាន​តែ​អ្នក​ភូមិ​ ៨​ គ្រួសារ​ប៉ុណ្ណោះ ​ដែល​នៅ​រក្សា​​ប្រពៃ​ណី​ដូន​តា​នេះ​។ ​ចំពោះ​ដើម​ជ្រែ​វិញ​បាន​បន្សល់​ទុក​ពី​ជំនាន់​មុន​សម័យ​ខ្មែរ​ក្រហម​ទៅ​ទៀត​ដែល​ចាស់ៗ​លោក​ដាំ​រាប់​រយ​ដើម​ក្នុង​ភូមិ​ពោធិ​មិត្ត​ ឃុំ​លើក​ដែក​។​មនុស្ស​ចាស់​កាលពី​ជំនាន់​មុន​ក៏​ពួក​គាត់​ប្រកប​របរ​ធ្វើ​ម្សៅ​ជ្រែ​នេះដែរ​ រីឯ​របៀប​យក​ម្សៅជ្រែ​វិញ​គឺ​ដំបូង​គេ​កាប់​រំលំ​ដើម​របស់​វា​ ហើយ​អារ​ជា​កង់ៗ​រួច​សក​សម្បក​ចេញ​ ហើយ​ក្រៅពី​នោះ​នៅ​សល់​សាច់​ឈើ​គឺ​គេ​យក​ទាំង​អស់​។​

​សាច់​ឈើ​ដើម​ជ្រែ​ ក្រោយ​ពី​គេ​សក​សម្បក​រួច ​ត្រូវ​យ​កមក​ឈូស​នឹង​ប្រដាប់​ឈូស​ដោយ​ដៃ​ហើយ​ចំពោះ​អ្នក​ដែល​មាន​កម្លាំង​ឈូស​ក៏​ជា​បុរស​ទៀត​ ចំណែក​ឯ​ស្ត្រី​ជា​អ្នកធ្វើ​កិច្ចការ​ណា​ស្រាលៗ​។​ សាច់​ឈើ​ដែល​ឈូស​ជា​ចំណិតៗ​នោះ​ក៏​ត្រូវ​ធ្វើឱ្យ​ស្តើងៗ​ដែរ​ ហើយ​​បន្ទា​ប់មក​គេ​ត្រូវ​យ​កមក​កិន​នឹង​ម៉ា​ស៊ីន​ឱ្យ​ម៉ដ្ដលើក​ទី​១​។​ ក្រោយ​ពី​គេ​កិន​ម៉ដ្ដ​លើក​ទី​១ ​ហើយ​ ទើប​យកម​ក​ច្រោះ​លាយ​ជាមួយ​ទឹក​ល្បាយ​បញ្ចូល​គ្នា​និង​ច្រោះ​ទុក​តែ​កាក​រួច​យក​ទៅ​ហាល​ឱ្យ​ស្ងួត​ទើប​កិន​ឱ្យ​ម៉ដ្ដ​ម្តង​ទៀត​បាន​ជា​ម្សៅ​ជ្រែ​ដែល​ស្ងួត​តែម្ត​ង​។​នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ យី ​តឿ​។​

​លោក​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា​ របរ​នេះ​គឺ​លោក​បានធ្វើ​ចាប់​តាំង​ពី​ក្រោយ​ថ្ងៃ​រំដោះ​ ១៩៧៩ ​​មក​ម្ល៉េះ ​ហើយ​បើ​និយាយ​រួម​ទៅ ​អ្នក​ភូមិ​ពោធិ​មិត្ត​បាន​ប្រកប​របរ​នេះ​តាំង​ពី​ដូន​តា​មក​ម្ល៉េះ​។​


​ចំណែកឯ​ដើម​ជ្រែ​វិញ​ មិនមា​ន​អ្នក​ដាំ​បន្ត​ជំនាន់​ទេ​ ព្រោះ​ដើម​ជ្រែ​ពេល​ផ្លែ​ទុំ​វា​ជ្រុះ​កប់​ដី​ហើយ​បើ​ពេល​ទឹក​ឡើង​វា​អណ្តែត​តាម​ទឹក​កប់​ដី​នៅ​កន្លែង​ណា​វា​ដុះ​នៅ​កន្លែង​នោះ​។​ ហេតុដូ​ច្នេះ​ហើយ​គ្មាន​អ្នក​ដាំ​ទេ​ហើយ​វា​ក៏​ចេះតែ​ដុះ​បន្តៗ​គ្នា​រហូត​មក​ដែល​បើ​និយាយ​ថា ​កាប់​រំលំ​​ដើម​បែប​នេះ​ខ្លាច​អស់​ដើម​អី​នោះ គឺ​មិន​ងាយ​អស់​ទេ​។​បច្ចុប្បន្ន​មាន​អ្នក​ភូមិ​ចំនួន​ ​៨ ​គ្រួសារ​ រស់​នៅ​ក្នុង​ភូមិ​ពោធិ​មិត្ត ​ឃុំ​លើក​ដែក​នៅ​រក្សា​រប​រធ្វើ​ម្សៅ​ជ្រែ​នេះ​រហូត​ ហើយ​ដើម​ជ្រែ​ដែល​អាច​យក​ធ្វើ​ម្សៅ​បាន​ លុះ​ត្រា​តែ​វា​មាន​អាយុ​ចាប់ពី ៥០ ​ទៅ​ ៦០​ ឆ្នាំ​ឡើង​ទៅ​ ទើប​អាច​យក​ធ្វើជា​ម្សៅ​ជ្រែ​បាន​។​

​លោក ​យី តឿ​ បាន​បញ្ជាក់​ថា ​ម្សៅ​ជ្រែ​ជា​វត្ថុធាតុ​ដើម​សុទ្ធ​ល្អ​មិនមាន​លាយ​សារ​ធាតុ​គីមី​អ្វី​ទាំង​អស់​ ហើយ​គេ​អាច​យក​វា​ទៅ​ធ្វើជា​តាំង​ហ៊ុន​ឬ​មីសួ​ ធ្វើ​នំដង្កូវ​ នំ​ម្សៅ​ជ្រែ​ បង្អែម​បបរ​គ្រាប់​ជ្រែ​ ឬ​ជា​អាហារ​សម្រាប់​ហូប​មួយ​ចំនួន​ទៀត​បាន​។​ ចំពោះ​ស្លឹក​របស់​វា​វិញ​ក៏​អាច​យក​មក​ត្បាញ​ជា​កន្ទេល​ដែល​ហៅ​ថា ​កន្ទេល​ជ្រែ​ឬ​ធ្វើជា​អង្រឹង​ជ្រែ​ហើយ​គម​ជ្រែ​ក៏​គេ​យក​ស្ល​បាន​ទៀត​ផង​។​ប៉ុន្តែ​យ៉ាង​ណា​ក្ដី បច្ចុប្បន្ន​ទីផ្សារ​ម្សៅ​ជ្រែ​ហាក់​មិន​ខ្ពស់​ឡើយ​ដោយ​ក្នុង​ម្សៅ​ជ្រែ​ ១​ គីឡូ​ក្រាម ​គឺ​លោក​លក់​ឱ្យ​ឈ្មួញ​កណ្តាល​បាន​តែ​ ១​ ១០០ ​រៀល​ទៅ​ ១​ ២០០​ រៀល​ប៉ុណ្ណោះ ​ហើយ​បើ​ថា​ប្រកួត​ប្រជែង​ជាមួយ​ម្សៅ​ជ្រែ​នាំ​ចូល​ក៏​អត់​ដែរ​ ព្រោះ​គ្មាន​ម្សៅ​ជ្រែ​នាំ​ចូល​ទេ​។​

​លោក​បានថ្លែង​ថា​៖ «​បញ្ហា​ទីផ្សារ​ម្សៅ​ជ្រែ​នេះ​ខ្ញុំ​បាន​ទៅ​ចូល​រួម​ប្រជុំ​នៅ​ថ្នាក់​ខេត្ត​ដែរ​ ជាមួយ​មន្ត្រីៗ​ខេត្ត​និយាយ​អំពី​ភូមិ​ ១ ​ផលិត​ផល​​ ១​។​ ពេល​នោះ​ខ្ញុំ​យក​ទាំង​ម្សៅជ្រែ​​យក​ទាំង​នំ​ធ្វើ​ពី​ម្សៅ​ជ្រែ​ដាក់​កន្លែង​តាំង​បង្ហាញ​ជូនអ្នក​ចូល​រួម​ តែ​ចំពោះ​ផលិត​ផល​ផ្សេងៗ​គេ​មាន​ដៃគូ​ រីឯ​ផលិត​ផល​ម្សៅជ្រែ​​ខ្ញុំ​រក​ដៃគូ​មិន​បាន​នឹង​គេ​សោះ​។​ប៉ុន្តែ​តម្រូវ​ការ​ធ្វើ​នំ​ពី​ម្សៅ​ជ្រែ​មួយ​ចំនួន​គឺ​ចោល​ម្សៅ​ជ្រែ​ក៏​អត់​បាន​ដែរ​»​។​

​បើតាម​លោក ​យី​ តឿ​  ចំពោះ​សិប្បកម្ម​ផលិត​ម្សៅ​ជ្រែ​ ១​ កន្លែងៗ​ត្រូវ​ប្រើ​កម្លាំង​ពលកម្មមនុស្ស​ពី​ ៥​ ទៅ ៦​ នាក់​ ហើយ​បើ​មនុស្ស​ស្រី​ចំណាយ​ថ្លៃ​ឈ្នួល​ក្នុង​ម្នាក់ ​៣៥ ០​០០ ​រៀល​ ខណៈ​កម្មករ​​បុរស​ថ្លៃ​ឈ្នួល​កម្លាំង​ពល​កម្ម​ក្នុង​ម្នាក់ ​៤​ ម៉ឺន​រៀល​ ក្នុង ​១ ​ថ្ងៃ​។​ ដូច្នេះ​បើ​គិត​ជា​មធ្យម​បើ​សិប្ប​កម្ម​ចំនួន​  ៨​ កន្លែង​ អាច​ជួយ​ផ្គត់​ផ្គង់​ជីវភាព​ប្រជាព​លរដ្ឋ​ក្នុង​សហគ​មន៍​បាន​ជាង ​៤០​ គ្រួសារ ដែរ​។​ប៉ុន្តែ​លោក​ក៏​ជួប​បញ្ហា​ទៅលើ​ការ​ចំណាយ​ថ្លៃ​ជួល​កម្លាំង​ពល​កម្ម​ច្រើន​ដែរ​ដែល​ស្ទើរ​តែ​ទូទាត់​ឈ្នួល​ពល​កម្ម​សឹង​តែ​មិន​គ្រប់​ផង​ព្រោះ​តម្លៃ​លក់​ម្សៅ​ជ្រែ​លើ​ទីផ្សារ​ថោក​ពេក​។​

​បច្ចុប្បន្ន​នៅ​ក្នុង​ស្រុក​កោះ​ធំ​មាន​ឃុំ​ចំនួន​២​ដែល​នៅ​មាន​ដើម​ជ្រែ​ច្រើន​ គឺ​ឃុំ​កំពង់​កុង​និង​ឃុំ​លើក​ដែក​ក្នុង​ស្រុក​កោះធំ​ តែ​សម្រាប់​អ្នក​ឃុំ​កំពង់​កុង​ មិន​មាន​គ្រួសារ​ណា​មួយ​ធ្វើ​ម្សៅ​ជ្រែ​ឡើយ​ បើទោះជា​មាន​ដើម​ជ្រែ​ច្រើន​ក៏ដោយ​។​មូល​ហេតុ​ដោយ​សារ​នៅ​ភូមិ​សាស្ត្រ​ឃុំ​កំពង់​កុង​ មិន​សូវ​សម្បូរ​ប្រភព​ទឹក​ ហើយ​ការ​ផលិត​ម្សៅ​ជ្រែ​នេះ​បើ​គ្មាន​ទឹក​គ្រប់​គ្រាន់​ទេ​គឺ​គេ​មិន​អាច​ផលិត​ម្សៅ​ជ្រែ​បានដែ​រ​។​នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ វ៉ាត​ រ័ត្ន​ សមា​ជិក​ក្នុង​សហ​គមន៍​កំពង់​កុង​ ស្រុក​កោះ​ធំ ខេត្តកណ្តាល​។​

​ចំពោះ​អ្នក​ផលិត​ម្សៅ​ជ្រែ​វិញ​គាត់​ចេះ​មើល​ដើម​ជ្រែ​ណា​មាន​ម្សៅ​ និង​ដើម​ជ្រែ​ណា​មិន​ទាន់​មាន​ម្សៅ​ ដោយ​សម្គាល់​ដើម​ដែល​មាន​លក្ខណៈ​ស្តួច​ពី​គល់​ប៉ោង​នៅ​កណ្តាល​ដើម​ ហើយ​ស្តួច​នៅត្រង់​ក​នៃ​ដើម​ជ្រែ​គឺ​ដើម​នោះ​ហើយ​មាន​ម្សៅ​ឬ​ដាក់​ម្សៅ​។​

​លោក ​វ៉ាត​ រ័ត្ន​ បានបន្ថែម​ថា​ សម្រាប់​នៅ​តាម​ភូមិ​ក្នុង​ឃុំ​កំពង់​កុង​បច្ចុប្បន្ន​ មាន​ដើម​ជ្រែ​ដុះ​រាប់​ពាន់​ដើម​រាប់​ទាំង​ដើម​ជ្រែ​ដុះ​ចាស់​ និង​កូន​ដើម​ជ្រែ​ដុះ​ថ្មីៗ​បន្ថែម​ទៀត​។​ តែបើ​ប្រជា​ពលរដ្ឋ​ត្រូវការ​ដី​ធ្វើស្រែ​ធ្វើ​ចម្ការ​គឺ​លោក​ឃើញ​គាត់​កាប់​លក់​បន្ត​បន្ទាប់​ដែរ​។ ​ម្យ៉ាង​ដោយ​សារ​ដើម​ជ្រែ​គ្មាន​អ្នក​ដាំ​ឡើង​វិញ​ផង​នោះ​លោក​ក៏​ខ្លាច​ផុត​ពូជ​ដែរ​ទៅ​ថ្ងៃ​អនាគត​បើ​មិន​បាន​ថែរ​ក្សា​វា​ទុក​។​ចំពោះ​ដើម​ជ្រែ​វា​មាន​ប្រយោជន៍​ដូច​ដើម​ត្នោត​ដែរ ​តែ​ដើម​ជ្រែ​មិន​មាន​ដុះ​គ្រប់​ខេត្ត​ដូច​ដើម​ត្នោត​ឡើយ​។
 
​លោក​ថ្លែង​ថា​៖ «​បើ​និយាយ​ទៅ​ដើម​ជ្រែ​វា​សំខាន់​ទី​១ ​ផ្តល់​ប្រយោជ​ន៍​ប្រហាក់​ប្រហែល​នឹង​ដើម​ត្នោត​ដែរ​ គ្រាន់​តែ​ថា​ត្នោត​វា​មាន​ដុះ​នៅ​គ្រប់​ខេត្ត​។​តែ​បើ​ដើម​ជ្រែ​វិញ​ វា​មាន​ដុះ​ដោយ​តំបន់​ ហើយ​ដើម​ជ្រែ​គ្មាន​អ្នក​ដាំ​ឡើង​វិញ​ឡើយ​ដូច្នេះ​វា​អាច​ប្រឈម​នឹង​ការ​ផុត​ពូជ​នៅ​ពេល​ខាង​មុខ​»​។​

​ជុំវិញ​ដើម​ជ្រែ​នេះ​ ភ្នំពេញ​ ប៉ុស្តិ៍​ បាន​ទូរស័ព្ទ​ទាក់​ទង​លោក ​ប៊ុន​ ទួន​ស៊ី​ម៉ូ​ណា ប្រ​ធាន​មន្ទីរ​កសិក​ម្ម ​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត​កណ្តាល​ដែរ​ ដើម្បី​សុំ​ការប​ញ្ជាក់​បន្ថែម​ពាក់​ព័ន្ធ​ការ​ដាំ​ដើម​ជ្រែ​ តែ​ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នក​ទទួល​ឡើយ​។​

​ទោះ​យ៉ាង​ណា បើតាម​លោក​ស្រី​មួង សារឹម ប្រធាន​មន្ទីរ​វប្បធម៌ និ​ង​វិចិត្រ​សិល្បៈ​ខេត្ត​កណ្តាល​បាន​ឱ្យដឹ​ងថា ​ដើម​ជ្រែ​ដែល​ផ្តល់​ផល​បាន​ទាល់​តែមាន​អាយុ​ពី ​៥០​ ឆ្នាំទៅ​ ៦០ ​ឡើងទៅ ​ហើយ​បើ​គេ​ចង់​យក​ផល​ពី​វា​លុះត្រាតែ​​កាប់​រំលំ​ដើម​សិន​ ព្រោះ​ម្សៅ​ជ្រែ​គេ​ធ្វើ​ពី​ដើម​ជ្រែ​។​ទន្ទឹម​នេះ​ខាង​មន្ទីរ​វប្បធម៌​ និង​វិ​ចិត្រសិល្បៈ​ខេត្តកណ្តាល​បាន​រាប់​ប​ញ្ចូល​ដើម​ជ្រែ​ជា​វប្ប​ធម៌​ធម្ម​ជាតិ​មួយ​ដែរ​។​

​លោក​ស្រី​ថ្លែង​ថា​៖ «​ប៉ុន្តែ​ការអភិ​រក្ស​ប្រហែល​ជា​ពិបាក​ដែរ​ពីព្រោះ​ការ​ដាំ​ឡើង​វិញ​វា​អត់​មាន​ហើយ​បើ​ដាំ​ក៏​វា​មិន​ងាយ​ដុះ​ដែរ​ តែបើ​​ផ្លែ​ទុំ​ជ្រុះ​លើ​ដី​គឺ​វា​ដុះ​តាម​ធម្ម​ជាតិ​តែម្តង​។​ម្សៅ​ជ្រែ​ក៏​យើង​បាន​ដាក់​ចូលទៅ​ក្នុង​កម្ម​វិធី​ភូមិ​ ១​ ផលិត​ផល ​១ ​របស់​ខេត្ត​កណ្តាល​រួច​ហើយ​ដែរ​»៕