​ភ្នំពេញៈ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(​គ​.​ជ​.​ប​)​ នឹង​បោះពុម្ព​សន្លឹកឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ ហៅ​កាត់​ថា «​ក្រុមប្រឹក្សា​» អាណត្តិ​ ទី​៤ ឆ្នាំ​ ២០២៤ ជាង ១០ ម៉ឺន​សន្លឹក​។​


​លោក ហង្ស ពុទ្ធា សមាជិក និង​ជា​អ្នកនាំពាក្យ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានឱ្យដឹង​នៅ​ថ្ងៃទី ​២៧ ខែមីនាថា គ​.​ជ​.​ប​ នឹង​បោះពុម្ព​សន្លឹកឆ្នោត​សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​អាណត្តិ​ទី៤ ឆ្នាំ​ ២០២៤​ នេះ ចំនួន ១០០ ៨៥០​ សន្លឹក​។​លោក​បាន​ថ្លែងថា​៖ «​គ​.​ជ​.​ប នឹង​បន្ត​រៀបចំ​នីតិវិធី​បោះពុម្ព​សន្លឹកឆ្នោត ទាំង​ទម្រង់ និង​ទំហំ គឺ​បាន​ពិគ្រោះ និង​ពិភាក្សាគ្នា ដោយបាន​សម្រេច​រួច​អស់ហើយ ហើយ​ក្នុងការ​បោះពុម្ព​នេះ​នឹងត្រូវ​ចំណាយ​ថវិកា​អស់​ចំនួន ៩០៨ ៤៤២ ៥០០​ រៀល​»​។​

​សូម​រំឭក​ដែរ​ថា គ​.​ជ​.​ប​ បាន​ចាប់ឆ្នោត​លេខ​រៀង​របស់​គណ​បក្សនយោបាយ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុម​​ប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ​អាណត្តិ​ទី៤ ឆ្នាំ ​២០២៤ នៅតាម​បណ្តា​គណៈ​កម្ម​ការ​រាជធានី​ខេត្ត​ទាំង​ ២៥ ត្រូវបាន​បិទ​បញ្ចប់​ដោយ​រលូន​មិនមាន​ជា​បញ្ហា​អ្វី​ឡើយ​។​

​ការបោះឆ្នោត​ក្រុមប្រឹក្សា​ គឺជា​ការបោះឆ្នោត​អសកល​ដែលមាន​សមាជិក​ក្រុមប្រឹក្សាឃុំ​-សង្កាត់ នៅក្នុង​មុខតំណែង​ជា​អ្នកបោះឆ្នោត ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ ២ ​ប្រភេទ​គឺ​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត និង​ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ​។​

​សូម​បញ្ជាក់ដែរថា គណបក្ស​​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​របស់​គណបក្សនយោបាយ​មាន​ចំនួន ៥​ គណបក្ស គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​កម្លាំង​ជាតិ គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួម​រួម​ជាតិ​។​


​ការបោះឆ្នោត​ក្រុមប្រឹក្សា​នេះ​នឹងធ្វើ​នៅ​ថ្ងៃទី ​២៦ ខែឧសភា ឆ្នាំ​ ២០២៤​។​ដោយឡែក កាលពី​ថ្ងៃទី​ ២៦ ខែមីនា លោក ប្រាជ្ញ ចន្ទ ប្រធាន គ​.​ជ​.​ប បាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ និង​សម្រេច​លើ​ឯកសារ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន ឆ្នាំ​ ២០២៤ ដូចជា វីដេអូ​អប់រំ​ដែល​បាន​ផលិត​រួច​សម្រាប់​ផ្សព្វផ្សាយ​,​ សៀវភៅ​ណែនាំ​សម្រាប់​ការបោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា និង​ការបោះ​​ពុម្ព​សៀវភៅ​ច្បាប់​ស្តីពី​ការបោះ​​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​សភា និង​ច្បាប់​ស្តីពី​វិសោធន​​កម្ម​នៃ​ច្បាប់​នេះ ជា​ភាសា​អង់​គ្លេ​ស​ផងដែរ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ ​គ​.​ជ​.​ប ​បានឱ្យដឹងថា អង្គប្រជុំ​ គ​.​ជ​.​ប បាន​កែសម្រួល​ខ្លឹមសារ​មួយចំនួន​លើ​ឯកសារ​ទាំងនោះ និង​បានសម្រេច​ឯកភាព​ជាគោលការណ៍​លើ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន​សម្រាប់​បម្រើឱ្យ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះ​ឆ្នោត ឆ្នាំ​ ២០២៤ ផងដែរ​។​

សេចក្តីប្រកាស​បន្តថា អង្គ​​ប្រជុំ​ក៏បាន​ឯកភាព​លើ​រូបភាព និង​ខ្លឹមសារ​ស្ប៉ត​វីដេអូ​អប់រំ​ចំនួន​ ៣ ​រឿង​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី៤ ឆ្នាំ ​២០២៤ ​ផងដែរ ក្នុងនោះ​រួមមាន ស្ប៉ត​វីដេអូ​អប់រំ​មាន​ចំណងជើង​ថា​ «​តើ​អ្វី​ជាការ​បោះឆ្នោត​អសកល​»,«​ការបោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​»​ និង​ស្ប៉ត​វីដេអូ​អប់រំ​បែប​គំនូរជីវចល​មាន​ចំណងជើង​ថា​«​ការឃោសនាបោះឆ្នោត​»​។​

​ចំណែក​ទាក់ទង​នឹង​គោលការណ៍​លើ​ខ្លឹមសារ​សៀវភៅ​ណែនាំ គណៈកម្មការ​កា​រិ​យា​ល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​ (​គ​.​ក​.​ប​/​គ​.​ក​.​រ​)​ និង​គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត ​(​គ​ធ​.​ខ​ប​)​ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​​ប្រឹក្សា រួម​នឹង​សៀវភៅ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និង​ច្បាប់​ស្តីពី​វិសោធនកម្ម​នៃ​ច្បាប់​នេះ​ជា​ភាសា​អង់គ្លេស​ក៏ត្រូវ​បាន​អង្គ​​ប្រជុំ​ឯកភាព​ផងដែរ​៕