ភ្នំពេញៈ កម្ពុជា និងចិន ប្តេជ្ញាចិត្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកកងទ័ពជើងគោកទាំងគុណភាព និងយុទ្ធសាស្ត្រ ដើម្បីរួមចំណែកដល់ការជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ខណៈកម្ពុជាអរគុណដល់ភាគីចិនដែលបានជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពកងទ័ពជើងគោកកម្ពុជានារយៈពេលកន្លងទៅនេះបន្ទាប់ពីភាគីទាំង ២ បើកទំព័រប្រវត្តិសាស្ត្រនៃទំនាក់ទំនងយោធាដោយចុះ MOU កាលពីឆ្នាំ ២០២២។
ការប្តេជ្ញារវាងមិត្តដែកថែបទាំង ២ នេះ ធ្វើឡើងក្នុងជំនួបពិភាក្សារវាងមេទ័ពជើងគោកនៃប្រទេសទាំង ២ ក្នុងរដ្ឋធានីប៉េកាំង ពោលគឺរវាងលោកម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក និងលោក លី ឈែវមីង (LI QIAOMING) មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៤។ នេះបើយោងតាមខ្លឹមសារផ្សព្វផ្សាយពីកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី ២៧ ខែមីនា។
ប្រភពដដែលបញ្ជាក់ថា នៅក្នុងជំនួបនោះភាគីកម្ពុជា លោកម៉ៅ សុផាន់ បានសង្កត់ធ្ងន់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជានិងចិន ដែលវិវឌ្ឍទៅមុខជាវិជ្ជមាន ក្នុងទំព័រប្រវត្តិសាស្ត្រថ្មី ដែលកើតចេញពីការជ្រោមជ្រែងដោយលោកហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ននិងជាអតីតមេបញ្ជាការកងទ័ពជើងគោកតាមរយៈគំនិតផ្តួចផ្តើមចុះអស្សរណៈយោគយល់នៃកិច្ចសហប្រតិបត្តិការកងទ័ពជើងគោកប្រទេសទាំង ២ កាលពីឆ្នាំ ២០២២។
លោកបានថ្លែងអំណរគុណភាគីចិនដូច្នេះថា៖ «សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកងទ័ព និងប្រជាជនចិន ដែលបានចូលរួមគាំទ្រយ៉ាងសកម្ម នៅក្នុងដំណើរការកសាង និងអភិវឌ្ឍន៍លើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា និងតែងតែបានជួយឧបត្ថម្ភគាំទ្រដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងសមត្ថភាពគុណភាពទ័ព ក្នុងរយៈពេលកន្លងមក»។
ជាមួយគ្នានេះពីភាគីចិនលោក លី ឈែវមីង ក៏បានកត់សម្គាល់ផងដែរថា ទំនាក់ទំនងរវាងស្ថាប័នកងទ័ពជើងគោកកម្ពុជា-ចិន ពិតជាបានរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យរឹងមាំបន្ថែមទៀតលើកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង ២។
លោកបន្ថែមថា៖ «កងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន នឹងបន្តគាំទ្រដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទក្នុងការកសាងធនធានមនុស្សតាមរយៈការផ្តល់វគ្គហ្វឹកហ្វឺន ការផ្លាស់ប្តូរគ្រប់កម្រិត ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យមានប្រសិទ្ធភាពគុណភាព និងយុទ្ធសាស្រ្ត ស្របតាមគោលគំនិតថ្នាក់ដឹកនាំ និងក្រសួងការពារជាតិនៃប្រទេសទាំង ២។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាលើកឡើងថាការពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងកងទ័ពជើងគោកកម្ពុជា និងចិន ជាផលប្រយោជន៍ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងគោកកម្ពុជា និងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងក្របខ័ណ្ឌមិត្តដែកថែបនិងត្បូងពេជ្រខណៈកម្ពុជាក៏តែងបើកទូលាយកិច្ចសហប្រតិបត្តិការយោធាជាមួយមហាអំណាចដទៃផងដែរ ដោយមិនមែនឱបតែចិនឡើយ។
លោកបន្ថែមថា៖ «សម្រាប់ខ្ញុំប្រទេសទាំង២នឹងមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការគ្នាល្អទៅលើវិស័យយោធា ដែលនឹងមានលក្ខណៈកាន់តែល្អប្រសើរហើយនឹងមានការពង្រឹងបន្ថែមទៀតទៅលើសមត្ថភាពកងទ័ពយុទ្ធោបករណ៍ដែលជាប្រយោជន៍ទ្វេភាគីនៃមិត្តទាំង ២»។
សម្រាប់លោក សេង វណ្ណលី សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ និងជាអ្នកតាមដាននយោបាយតំបន់កត់សម្គាល់ថា ភាពស្អិតល្មួតនៃទំនាក់ទំនងផ្នែកការពារជាតិនិយាយជាមួយនិងផ្នែកកងទ័ពជើងគោកនិយាយដោយឡែករវាងកម្ពុជានិងចិន សបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់ចិនលើទំនាក់ទំនងប្រទេសអាស៊ានដូចជាកម្ពុជា ខណៈកម្ពុជាជាមិត្តស្និទ្ធបំផុតរបស់ចិននៅក្នុងតំបន់អាស៊ាននៅលើគ្រប់វិស័យ។
លោកថា ចិនផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការយោធា ដើម្បីធានាឱ្យកម្ពុជាធ្វើទំនើបកម្មផ្នែកការពារជាតិខ្លួនបាន ជាពិសេសផ្នែកកងទ័ពជើងគោកដែលស្របនឹងផែនការចំណាយច្រើនរបស់ចិនលើផ្នែកយោធានារយៈពេលចុងក្រោយនេះ។
លោកបន្តថា៖ «កិច្ចសហប្រតិបត្តិការយោធាក្នុងទំព័រថ្មីនៃប្រទេសទាំង ២ នេះគឺចិននឹងចូលរួមសកម្មភាពកិច្ចសហប្រតិបត្តិការយោធាខ្លាំងជាងសព្វមួយដងដោយសារកម្ពុជាជាចំណុចសំខាន់ ដើម្បីធ្វើតុល្យភាពឥទ្ធិពលរបស់ចិនខ្លួនឯងជាមួយមហាអំណាចដទៃទៀត ខណៈសមាជិកអាស៊ានផ្សេងទៀតភាគច្រើនមានទំនាក់ទំនងយោធាស្និទ្ធនឹងលោកខាងលិចដូចជាសិង្ហបុរីម៉ាឡេស៊ីឥណ្ឌូនេស៊ីហ្វីលីពីននិងវៀតណាម»។
លោក សេង វណ្ណលី យល់ថា កិច្ចសហប្រតិបត្តិការសន្តិសុខនិងយោធារវាងកម្ពុជានិងចិននឹងកាន់តែស្អិតល្មួតឡើងពី ១ ឆ្នាំ ទៅ ១ ឆ្នាំ ដែលជះឥទ្ធិពលវិជ្ជមានដល់ទំនើបកម្មប្រព័ន្ធយោធាកម្ពុជា ខណៈកម្ពុជាជាស្នូលសំខាន់របស់ចិនក្នុងតំបន់ក៏ប៉ុន្តែភាពស្និទ្ធរវាងមិត្តដែកថែបទាំង ២ ជះឥទ្ធិពលអវិជ្ជមានដោយបង្កក្តីព្រួយបារម្ភដល់ប្រទេសក្នុងតំបន់ និងលោកខាងលិចក្នុងបរិបទប្រណាំងប្រជែងភូមិសាស្ត្រនយោបាយដ៏ស្រួចស្រាល់នេះ។
គួរជម្រាបជូនថាលោក ម៉ៅ សុផាន់ បានដឹកនាំគណប្រតិភូកងទ័ពជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៤ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជានិងចិនស្របតាមនិយាមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ តាមការអញ្ជើញរបស់លោក លី ឈែវមីង មេបញ្ជាការកងទ័ពជើងគោកនៃកងទ័ពរំដោះប្រជាជនចិន៕