​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ បាន​ណែនាំ​ដល់​គ្រប់​ក្រសួង​-​ស្ថាប័ន នៅ​ទូទាំងប្រទេស​ត្រៀមលក្ខណៈ​ចូលរួម​អបអរសាទរ និង​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​១៣-១៦ ខែមេសា ឆ្នាំ​២០២៤ ដោយ​រៀបចំ​តុបតែង​លម្អ ភ្លើងពណ៌ សណ្តាប់ធ្នាប់​សាធារណៈ និង​រៀបចំ​ទីតាំង​លេងល្បែង​ប្រជាប្រិយ​របស់​ជាតិ​។​

យោងសេចក្តី​ណែនាំ​របស់​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ លោក​ចៅ​ហ្វា​វាំង គង់ សំអុល ដែល​ត្រូវបាន​ចេញផ្សាយ​នៅ​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២៤ បានឱ្យដឹងថា ជា​រៀងរាល់ឆ្នាំ ប្រជារាស្ត្រ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស តែងតែ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​របស់ខ្លួន ក្នុង​មនោសញ្ចេតនា​សប្បាយរីករាយ ប្រកបដោយ​ស្មារតី​សាមគ្គីភាព​យ៉ាង​ជិតស្និទ្ធ និង​ទទួលបាន​សព្ទសាធុការ​ពរជ័យ ពី​ទេវតា​ឆ្នាំ​ថ្មី ព្រះនាម ម​ហោ​ទរា​ទេវី​។​

ពិធីបុណ្យ​ចូលឆ្នាំថ្មី ឆ្នាំរោង នឹង​ប្រព្រឹត្ត​តាម​ដំណើរ​សង្ក្រាន្ត​ដូចតទៅ ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២៤ វេលា​ម៉ោង ២២:១៧ នាទី​យប់ ជា​ថ្ងៃ​ចូលឆ្នាំថ្មី​។ ​ថ្ងៃទី​១៤-១៥ ជា​ថ្ងៃ​វ័ន​បត និង​ថ្ងៃទី​១៦ ជា​ថ្ងៃ​ឡើងស័ក​។​


ដើម្បី​រៀបចំ​ពិធីបុណ្យ​ឱ្យស្រប​តាម​ប្រពៃណី និង​រក្សា​ទំនៀមទម្លាប់​របស់​ជាតិ​ឱ្យបាន​គង់វង្ស និង​ប្រកបដោយ​ភាពរុងរឿង គណៈកម្មការ​ធិ​ការ​បុណ្យជាតិ បាន​ណែនាំ​ភាគី​ពាក់ព័ន្ធ​ចូលរួម​រៀបចំ​ពិធី​នេះ​ឱ្យមាន​សណ្តាប់ធ្នាប់​។


គណៈកម្មការ ក៏បាន​ណែនាំ​ដល់​ក្រសួងព្រះបរមរាជវាំង​ឱ្យ​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ តាម​ព្រះរាជហឫទ័យ​របស់​ព្រះមហាក្សត្រ​។


លោក​ចៅ​ហ្វា​វាំង​ក៏បាន​ឱ្យ​គ្រប់​ក្រសួង​ស្ថាប័នរដ្ឋ លេខាធិការដ្ឋាន រដ្ឋបាល​រាជធានី ខេត្ត និង​វត្ត​អារាម​ទាំងអស់​រៀបចំ​តាំង​ព្រះ​បរម​ឆាយាល័ក្ខណ៍​របស់​ព្រះមហាក្សត្រ​ខ្មែរ ,​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ និង​ព្រះ​បរម​ឆាយាល័ក្ខណ៍ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ដោយមាន​តុបតែង​លម្អ​កំណាត់​បូ បំភ្លឺ​ភ្លើងពណ៌ និង​លើក​បដា​ពាក្យស្លោក ទង់ជាតិ ទង់សាសនា ទង់​ព្រះមហាក្សត្រ ឱ្យបាន​ស័ក្តិ​សមនិង​រៀបចំ​សារលិខិត​ថ្វាយព្រះពរ ដល់​ព្រះមហាក្សត្រ និង ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ផងដែរ​។​


ជាមួយគ្នានេះ រដ្ឋបាល​រាជធានី​/​ខេត្ត ត្រូវ​ណែនាំ​ម្ចាស់​រោងចក្រ សហគ្រាស សាលារៀន​ឯកជន មណ្ឌល​កម្សាន្ត រមណីយដ្ឋាន​នានា ឱ្យចូល​រួម​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី និង​ត្រូវ​សហការ​ការពារ​រក្សា​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​ឱ្យបាន​ល្អប្រសើរ តាម​មណ្ឌល​កម្សាន្ត និង​រមណីយដ្ឋាន​នានា ចាត់តាំង​ឱ្យមាន​ការលេង​ល្បែង​ប្រជាប្រិយ​របស់​ជាតិ និង​ត្រូវ​យកចិត្តទុកដាក់​បំផុស​ស្មារតី​ប្រុងប្រយ័ត្ន​ក្នុង​ការដុត​ទៀន ធូប ភ្លើងចង្ក្រាន និង​គ្រឿង​ឆេះ​ផ្សេងៗ ដែលនាំឱ្យ​មាន​គ្រោះ​អគ្គិភ័យ​។​

ចំណែក ក្រសួង​ធម្មការ និង​សាសនា ត្រូវ​ណែនាំ​គ្រប់​មន្ទីរ​ធម្មការ និង​សាសនា រាជធានី ខេត្ត រំឭក​គ្រប់​វត្ត​អារាម​ឱ្យធ្វើ​ការសម្អាត និង​តុបតែង​លម្អ​ដោយ​ទង់ជាតិ ទង់សាសនា ទង់​ព្រះមហាក្សត្រ បដា​ពាក្យស្លោក​ឱ្យបាន​សមរម្យ និង​សហការ ជាមួយ​រដ្ឋបាល រាជធានី ខេត្ត ដើម្បី​រៀបចំ​ពិធីបុណ្យ​នេះ​ឱ្យបាន​ល្អ​។​

ចំពោះ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ត្រូវ​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រីបុរាណ សម័យ ផ្សព្វផ្សាយ​តាម​វិទ្យុ ទូរទស្សន៍​ជាតិ និង​ឯកជន ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​។​

ជុំវិញ​ការរៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ​ខាងមុខ​នេះដែរ លោក ឡុង ឌី​ម៉​ង់ អភិបាលរង​ខេត្ត​ព្រះសីហនុ​បានឱ្យដឹង​នៅ​ថ្ងៃទី​៧ ខែមីនា តាមរយៈ​សេចក្តីណែនាំ​នេះ​ខេត្ត​ក៏បាន​ណែនាំ​បន្ត​ដល់​រដ្ឋបាល​ក្រុង​/​ស្រុក ឱ្យ​រៀបចំ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ និង​ចរាចរណ៍​ជាដើម​។​ទន្ទឹមគ្នានេះ រដ្ឋបាលខេត្ត ក៏បាន​ណែនាំ​ឱ្យ​ស្ថាប័ន​នានា និង​ប្រជាពលរដ្ឋ រៀបចំ​តុបតែង សម្អាត​បរិស្ថាន ដើម្បី​លើកកម្ពស់​សោភណភាព​ផងដែរ​។​

លោក​បន្តថា​៖« ដោយសារតែ​ខេត្ត​ព្រះសីហនុ គឺជា​ខេត្ត​ទេសចរណ៍​ដ៏​សំខាន់​របស់​កម្ពុជា និង​ដើម្បី​ធានា​សុខ​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ រហូតមកដល់​ពេលនេះ ខេត្ត​បានគិត​គូរ និង​ត្រៀមលក្ខណៈ​រួចរាល់ ហើយ​ខេត្ត​ក៏បាន​រៀបចំ​ទីតាំង​ប្រគំ​តន្ត្រី និង​លេងល្បែង​កម្សាន្ត​ប្រជាប្រិយ​ខ្មែរ ដើម្បី​បង្ក​ការសប្បាយ​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​»​។​

គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ ក៏បាន​ណែនាំ​ឱ្យ​ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ សហការ​ការពារ​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម ចរាចរណ៍ ធានាបាន​សុវត្ថិភាព​មុន​-​ក្រោយ​ពិធីបុណ្យ​នេះ និង​ធ្វើយ៉ាងណា​ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​រាជធានី ខេត្ត មាន​វិធានការ​ទប់ស្កាត់ និង​លុបបំបាត់​នូវ​សកម្មភាព​ណា ដែល​ល្មើសច្បាប់ ហើយ​ប្រាសចាក​នឹង​ប្រពៃណី​ទំនៀមទម្លាប់​ជាតិ​៕