ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បញ្ជាក់ច្បាស់ៗថា កម្ពុជានឹងមិនដកថយហើយក៏មិនចរចាជាមួយភាគីណាទាំងអស់ពាក់ព័ន្ធនឹងគម្រោងព្រែក ជីកហ្វូណនតេជោ ដែលមានប្រវែង១៨០គីឡូម៉ែត្រ។
លោកថ្លែងថា៖ «ខ្ញុំអត់ថយក្រោយទេ ហើយខ្ញុំសុំបញ្ជាក់ថា គ្មានត្រូវការចរចាអីទៀតទេ និយាយគ្នាត្រង់ៗ។ កុំហៅកម្ពុជាទៅចរចា»។
លោកលើកឡើងដូច្នេះក្នុងពិធីពិសាអាហារសាមគ្គីគ្រួសារឧកញ៉ា នៅល្ងាចថ្ងៃទី២៦ខែមេសា ដោយបញ្ជាក់ថា កម្ពុជាត្រូវការតែការគាំទ្រពីពលរដ្ឋកម្ពុជាប៉ុណ្ណោះសម្រាប់គម្រោងនេះ។
លោកថ្លែងថា៖ «ខ្ញុំត្រូវការការយល់ពីប្រជាជនកម្ពុជាដើម្បីឲ្យក្លាយទៅជាចលនាជាតិដើម្បីគាំទ្រការសម្រេចបាននូវព្រែកជីកហ្វូណនតេជោរបស់យើង»។
ការសម្រេចលើគម្រោងព្រែកជីកនេះផ្អែកទៅលើកិច្ចព្រមព្រៀងមេគង្គ ១៩៩៥ ដែលតម្រូវឲ្យភាគីហត្ថលេខីជូនដំណឹងដល់គណៈកម្មការទន្លេមេគង្គមុនពេលចាប់ផ្ដើមគម្រោងណាមួយដោយមិនចាំបាច់ស្វែងរកការពិគ្រោះយោបល់ឬការយល់ព្រមពីប្រទេសហត្ថលេខីផ្សេងទៀត ប្រសិនបើគម្រោងនោះប្រើប្រាស់ដៃទន្លេងមេគង្គ។ នេះបើតាមការពន្យល់របស់លោក ហ៊ុន សែន។
លោកថា៖ «ឥឡូវខ្ញុំសូមពន្យល់ យើងអត់ទាំងបានប្រើប្រាស់ដៃទន្លេមេគង្គផង។ យើងប្រើប្រាស់ដៃនៃដៃទន្លេមេគង្គ។ ទន្លេបាសាក់ជាដៃទន្លេមេគង្គ ដូច្នេះពេលយើងជីក យើងជីកលើដៃទន្លេមេគង្គ។ ក្នុងន័យនេះ យើងមិនចាំបាច់ពិគ្រោះយោបល់ទេបើគ្រាន់តែប្រើដៃទន្លេមេគង្គ»។
បើតាមលោក ហ៊ុន សែន កម្ពជាបានជូនដំណឹងនេះទៅគណៈកម្មការទន្លេមេគង្គរួចហើយតាំងពីខែ៨ឆ្នាំមុន។
លោកបញ្ជាក់ដូច្នេះថា៖ «ឥឡូវកិច្ចព្រមព្រៀងទន្លេមេគង្គនេះនៅមានសុពលភាពឬអត់? បើវានៅមានសុពលភាព មិនចាំបាច់ខ្វល់ទៅចរចាអ្វីទាំងអស់ ចង់ដឹងទៅមើលឯកសារនៅឯគណៈកម្មការទន្លេមេគង្គ ហើយបើខ្វះខាតឯកសារអីយើងអាចផ្ញើជូនឯកសារបន្ថែម ប៉ុន្តែគ្មានតម្រូវការអនុម័តដោយឯកច្ឆន្ទថាឲ្យធ្វើឬមិនឲ្យធ្វើនោះទេ»។
លោកស្នើឲ្យប្រទេសមួយចំនួនកុំឲ្យយកបញ្ហាព្រែកជីកហ្វូណនតេជោនេះធ្វើជាលេសដើម្បីប្រឆាំងនឹងកម្ពុជា។
ពាក់ព័ន្ធនឹងផលប្រយោជន៍ពីព្រែកជីកនេះ លោក ហ៊ុន សែន បានលើកឡើងថា វានឹងបង្កការងាយស្រួបសម្រាប់ការដឹកជញ្ជូនក្នុងប្រទេសដែលតភ្ជាប់ទៅសមុទ្រដោយមិនចាំបាច់ឆ្លងកាត់ប្រទេសផ្សេង។ វានឹងធ្វើសេដ្ឋកិច្ចនៅទិសនិរតី និងនៅទូទាំងប្រទេសមានការរីកចម្រើន ព្រោះវាតភ្ជាប់លំហូរកសិកផលពីខេត្តនានានៅតាមដងទន្លេមេគង្គនិងបឹងទន្លេសាបឆ្លងកាត់ព្រែកជីកនេះឆ្ពោះទៅកាន់សមុទ្រ។ វាក៏នឹងបញ្ចៀសការបង់ថ្លៃនៅពេលដឹកទំនិញទៅវៀណាមផងដែរ។
ផលប្រយោជន៍ផ្សេងទៀតពីព្រែកជីកនេះរួមមានការបង្កើតប្រព័ន្ធស្រោចស្រពសម្រាប់ខេត្តនៅទិសនិរតី ជាពិសេសនៅពេលខ្វះទឹកភ្លៀង ដូចជាខេត្តកណ្ដាល កំពត កំពង់ស្ពឺ និងកែបជាដើម បូករួមទាំងផលប្រយោជន៍សម្រាប់ការធ្វើវារីវប្បកម្ម។ ព្រែកជីកនេះក៏នឹងរំដោះទឹកជំនន់នារដូវវស្សាផងដែរ។
ចំពោះផលប៉ះពាល់សម្រាប់ពលរដ្ឋនៅលើគន្លងព្រែកនេះ លោកថាវាមិនមានផលប៉ះពាល់ធំដុំទេព្រោះភាគច្រើននៃគន្លងនេះគឺជាគន្លងព្រែកចាស់ រីឯផលប៉ះពាល់ទៅខាងវៀតណាមក៏មិនមានដែរ។
លោកពន្យល់ទៅក្រុមអ្នកស្រាវជ្រាវវៀតណាមនៅសាកលវិទ្យាល័យ Can Tho ក្នុងប្រទេសវៀតណាមដែលអះអាងថា ព្រែកជីកនេះនឹងធ្វើឲ្យបាត់បង់ទឹកទន្លេមេគង្គដែលហូរចូលទៅវៀតណាមរហូតដល់ ៧០ភាគរយ។
លោកថ្លែងថា៖ «ពេលយើងជីកព្រែកនេះ គ្រាន់តែទឹកភ្លៀងវាគ្រប់គ្រាន់ហើយ។ យើងមានទ្វារទឹករហូតដល់ទៅ៣ ដែលធានាថាមិនឲ្យទឹកសាបចូលទៅសមុទ្រនិងមិនឲ្យទឹកសមុទ្រចូលតាមព្រែកជីកនេះ។ ដូច្នេះព្រែកជីកនេះមិនធ្វើឲ្យបាត់ទឹកទៅណាទេ»។
ពាក់ព័ន្ធនឹងការចោទប្រកាន់ថា ព្រែកជីកនេះនឹងត្រូវបានប្រើដោយកងទ័ពចិន លោក ហ៊ុន សែន បញ្ជាក់ថា កម្ពុជាមិនល្ងង់រហូតដល់យកកងទ័ពចិនមកដាក់លើទឹកដីរបស់ខ្លួនដែលផ្ទុយទៅនឹងរដ្ឋធម្មនុញរបស់ខ្លួននោះទេ។ លោកថាចិនក៏មិនល្ងង់យកកងទ័ពមកដាក់ចោលក្នុងស្រុកខ្មែរដែលផ្ទុយនឹងគោលការណ៍នៃការគោរពឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជានោះដែរ។
លោកលើកឡើងដូច្នេះថា៖ «ដូច្នេះ កុំជ្រុលនិយមប្រមាថមាក់ងាយចំពោះកម្ពុជា។ មិនថាប្រទេសណាទេមិនអាចឈរជើងលើស្រុកខ្មែរទេ លើកលែងតែអនុព័ន្ធយោធា»។
លោកក៏បានទម្លាយអំពីអ្វីដែលលោកព្យាយាមមិននិយាយពាក់ព័ន្ធទៅនឹងជំនន់ដើមរដូវវស្សានៅក្នុងខេត្តកណ្ដាល ព្រៃវែង ស្វាយរៀង តាកែវ និងកំពត ដែលបណ្ដាលមកពីការបិទទ្វារទឹកនៅវៀតណាមដើម្បីឲ្យប្រជាកសិករវៀតណាមប្រមូលផលដំណាំរួចសិន។
លោកថា៖ «ខ្ញុំមិនដែននិយាយរឿងនេះទេ ប៉ុន្តែថ្ងៃនេះ ខ្ញុំបង្ខំចិត្តត្រូវតែនិយាយ។ កុំឲ្យអ្នកឯងគិតតែផលប្រយោជន៍អ្នកឯង ហើយមកវាយប្រហារខ្ញុំទាំងខ្ញុំមិនទាន់បានធ្វើអីផង»។
លោកក៏បានព្រមានដែរថា ប្រសិនបើវៀតណាមមិនសប្បាយចិត្តនឹងគម្រោងព្រែកជីកនេះទេ ទំនិញកម្ពុជាទាំងអស់ដែលដឹកចេញតាមទន្លេមេគង្គប្រហែលជាមិនអាចធ្វើទៅបានទេ។
នៅចុងបញ្ចប់លោក ថ្លែងទៅកាន់ប្រជាជនកម្ពុជាដូច្នេះថា៖ «ខ្ញុំអំពាវនាវជនរួមជាតិកម្ពុជាគាំទ្រគ្រោងព្រែកជីកហ្វូណនតេជោ»៕