សៀមរាបៈ បាតុ​ភូត​សម​រាត្រី​នៅ​ប្រា​សាទ​អង្គរវត្ដ​បាន​ទទួល​ភ្ញៀវ​ទេសច​រ​ក្នុង​ចំនួន​ដ៏​ច្រើន​រហូត​ដល់​លើស ​១​ ម៉ឺន​នាក់​ក្នុង​ ១​ ថ្ងៃ នៃ​ព្រឹ​ត្ដិ​ការណ៍​ថ្ងៃទី​ ២១ និង​ទី ​២២ ​ខែ​មីនា ឆ្នាំ​ ២០២៤​។


លោក​ ឡុង ​កុសល ​អ្នក​នាំ​ពាក្យ​អាជ្ញា​ធរ​ជាតិ​អប្សរា​បាន​ឱ្យដឹង​ថា ​ព្រឹ​ត្ដិ​ការណ៍​សម​រាត្រី​នេះ​ទទួល​ភ្ញៀវ​ជាតិ​ និង​អន្ដរ​ជាតិ​ច្រើន​យ៉ាង​ច្រើន​កកកុញ​ជា​ពិសេស​ក្នុង​រយៈ​ពេល​ ២ ​ថ្ងៃ គឺ​ថ្ងៃទី ​២១​ និង​ថ្ងៃទី​ ២២​ ខែមីនា ​ចំនួន​ភ្ញៀវ​ទេស​ចរ​ក្នុង​ ១ ​ថ្ងៃ​កើន​លើស ​១ ​ម៉ឺន​នាក់​។

​លោក​បាន​ថ្លែ​ងប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​យោងតា​ម​តួលេខ​ដែល​ខ្ញុំ​ទទួល​បាន​ម្សិល​មិញ​មាន​ចំនួន​ជាង​ ១ ​ម៉ឺន​នាក់ហើយ​សម្រាប់​ថ្ងៃទី​ ២២ ​នេះ​ចំនួន​ភ្ញៀវ​មាន​ប្រមាណ​ជិត​ ១២ ​០០០​ នាក់​។ ចំពោះ​ភ្ញៀវ​បរទេស​សម្រាប់​ថ្ងៃ​នេះ​មាន​ចំនួន​ជាង​ ២ ​៦០០ ​នាក់​»​។


​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី ​២២​ ខែមីនា​ ឆ្នាំ​ ២០២៤​ ភ្ញៀវទេ​សចរ​ជាតិ​និង​អន្ត​រជាតិ​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ខ្លោង​ទ្វារ​ប្រវត្តិ​សាស្ត្រ​ស្ពាន​ហាល​ដោយ​រង់​ចាំ​យ៉ាង​អន្ទះ​សា​បើក​នៅ​ម៉ោង​ ៥ ​ព្រឹក​ ដើម្បី​ទស្សនា​ទិដ្ឋ​ភាព​ឋាន​សួគ៌​នៃ​បាតុ​ភូត​ថ្ងៃ​រះ​សម​រាត្រី​នៅ​ប្រា​សាទ​អង្គរ​វត្ត​។​


​ពេល​ដែល​ឆ្មាំ​អង្គ​របើក​ច្រក​ចូល​ភ្ញៀវទេ​សចរ​បានសម្រុកចូល​ទៅកាន់​គោល​ដៅ​មុខ​កំពូល​ប្រា​សាទ​ជាទី​កន្លែង​ផ្ដិត​យក​រូប​ភាព​ដ៏​អស្ចារ្យ​សម្រាប់​បង្ហោះ​លើ​បណ្ដាញ​សង្គម​។


​ពន្លឺ​រះ​ពណ៌​​លឿងទុំ​ចាប់​ផ្ដើម​ជះ​លើ​ផ្ទៃ​មេឃ​ពី​ក្រោយ​កំពូល​កណ្ដាល​នៃ​ប្រា​សាទ​អង្គ​រវត្ត​ ខណៈ​ដែល​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​មក​ពី​ជុំវិញ​ពិភព​លោក​រង់ចាំ​ដោយ​ចិ​ត្ដ​អន្ទះ​សា​ក្នុង​ការ​ផ្ដិត​យក​រូប​ភាព​សម​រាត្រី​នេះ​។​

​បរិ​យាកា​ស​ពោរ​ពេញ​ទៅ​ដោយ​អារម្ម​ណ៍​រំភើប​ញាប់​ញ័រ​បាន​ចាប់​ផ្ដើម​នៅ​ពេល​ដែល​រង្វង់​ពង​មាន់​ក្រហម​បាន​ចាប់​ផ្ដើម​ផុស​ឡើង​ដែល​បង្កើត​បាន​ជា​ទស្ស​នី​យ​ភាព​ដ៏​ស្រស់​ត្រកាល​។​

​ភ្ញៀវទេ​សចរ​អ៊ីតាលី​មក​លេង​ប្រទេស​កម្ពុជា​ ជា​លើក​ដំបូង​ជា​មួយ​សមា​ជិក​គ្រួសារ​ទាំ​ង​ ៣ ​ទៀត ​លោក​ Mark ​ដែល​ប្រាប់​តែ​ឈ្មោះ​ផ្ទាល់ខ្លួ​នបាន​សម្តែង​ការ​ភ្ញាក់​ផ្អើល​ពេល​ឃើញ​មនុស្ស​យ៉ាង​ច្រើន​ដែល​ប្រមូល​ផ្តុំគ្នា​ដើម្បី​មើល​ថ្ងៃ​រះ​នៅ​ប្រា​សាទ​។​

លោក​ Mark ដែល​ថតរូប ​Selfie ជា​មួយ​បងប្រុស​របស់លោ​ក​រួច​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា​៖ «​ពិត​ជា​មាន​មនុស្ស​ច្រើន​មែន​ប៉ុន្តែ​ខ្ញុំ​ចូល​ចិត្ត​ ​ពិត​ជា​អស្ចារ្យ​ណាស់​ពីព្រោះ​មនុស្ស​ច្រើន​មិន​ខុសពី​កម្មវិធី​ប្រគុំ​តន្ត្រី​ខ្នាត​យក្ស​មួយ​ទៅ​ហើយ​ ​ពិត​ជា​រីក​រាយ​មែន​»​។​

​ទេសច​រ​ជន​ជាតិ​អ៊ីតា​លី​ដែល​ចំណាយ​ពេល​ ៧ ​ថ្ងៃ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ជា​ពិសេស​នៅ​ក្នុង​ខេត្តសៀ​មរាប​​ និង​ទីក្រុង​ភ្នំពេញ​បាន​និយាយ​ថា ​ពួក​គេ​បាន​មក​ប្រា​សាទ​ដើម្បី​មើល​ថ្ងៃ​រះ​នេះ​នៅ​ម៉ោង ​៥:​៤០​។​

​លោក​ Joost​ Jansen មកពី​ប្រទេស​ហូ​ឡង់​ បាន​សម្តែង​ក្តីរំ​ភើប​របស់​លោក​ដោយ​ប្រាប់​មគ្គុ​ទ្ទេសក៍​ទេសច​រណ៍​ដែល​និយាយ​ភាសា​អង់​គ្លេស​ បន្ទាប់​ពី​បាន​ឃើញ​បាតុ​ភូត​សម​រាត្រី​នៅ​ថ្ងៃទី​ ២១ ខែ​មីនា​។​លោក​បាន​និយាយ​ថា​៖ «​វា​ពិត​ជា​អស្ចារ្យ​ណាស់​ហើយ​វា​ពិតជា​ស្រស់​ស្អាត​ដែល​បាន​ឃើញ​ទិដ្ឋ​ភាព​បែប​នេះ​»​។​

​លោក​ ធី​ម ​សិរី​វុ​ទ្ធ ប្រធាន​ស្តីទី​មន្ទីរ​ទេស​ចរណ៍​ខេត្ត​សៀម​រាប​បាន​ឱ្យដឹ​ង​ថា​ នៅ​ថ្ងៃទី ​២១​ ខែ​មីនា​ ឆ្នាំ​ ២០២៤ អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​សៀម​រាប​អង្គរ ​មាន​លំហូរភ្ញៀវ​ទេស​ចរ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​។​

​ជើង​ហោះហើរ​សរុប​ចំនួន ​២៣ ជើង​ត្រូវ​បាន​កត់​ត្រា​ដែល​ក្នុង​នោះ​មាន​ជើង​ហោះហើរ​អន្តរ​ជាតិ​ចំនួន​ ២០ ជើ​ង និង​ជើង​ហោះ​ហើរ​ក្នុង​ស្រុក​ចំនួន ៣​ ជើង ជា​មួយ​នឹង​ចំនួន​អ្នក​ដំណើរ​សរុប​ចំនួន​ ២ ​៧៩ នាក់​។​

​លោក​បាន​បង្ហាញ​តួលេខ​ថា​៖ «​ក្នុង​ចំណោម​នោះ​មាន​បុគ្គល​ចំនួន​ ៣ ៧០១​ នាក់ ​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​អង្គរ​ដោយ​មាន​ចំនួន​ ២​ ០៩៨ ​នាក់​ ជ្រើស​រើស​ដំណើរ​រយៈពេល ​១ ​ថ្ងៃ​ ១​ ៥៧២​ នាក់​ ជ្រើស​រើស​បណ្ណ​ចូល​ទស្សនា​រយៈ​ពេល​ ៣ ​ថ្ងៃ​ និង​ ៣១​ នាក់ ​ជ្រើស​រើស​បណ្ណ​ចូល​ទស្សនា​រយៈ​ពេល​ ១​ សប្តាហ៍​»៕