ព្រឹត្តិការណ៍សំខាន់ៗក្នុងឆ្នាំ ២០១៧ប្រហែលជា ឆ្នាំដ៏អាក្រក់បំផុតសម្រាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤ បានបញ្ចប់ទៅដោយការសាទរពីសំណាក់បណ្ដាប្រទេសម្ចាស់ជំនួយ តែមួយប៉ប្រិចភ្នែកការសាទរក៏ប្រែជាការរិះគន់ និងការផ្ដាច់ជំនួយ បន្ទាប់ពីការចាប់ខ្លួនប្រធាន ការរំលាយគណបក្ស និងការដកហូត សិទ្ធិធ្វើនយោបាយ ៥ឆ្នាំ ពីសមាជិកជាន់ខ្ពស់ ១១៨រូប របស់គណបក្សប្រឆាំងដ៏ធំជាងគេនៅកម្ពុជានេះ។
ស្ថានភាពនយោបាយចាប់ផ្ដើមមានភាពតានតឹង បន្ទាប់ពីបោះឆ្នោតថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧
ជាលទ្ធផលគណបក្សប្រជាជនកម្ពុជា ឈ្នះ គណបក្សសង្គ្រោះជាតិយ៉ាងប្រផឹតប្រផើយ ដោយគណបក្សប្រជាជនកម្ពុជាទទួលបាន ៦,៥០៣ អាសនៈស្មើនឹង ៥៦,២០% នៃសំឡេងសរុប រីឯគណបក្សសង្គ្រោះជាតិទទួលបាន ៥,០០៧ អាសនៈ ស្មើនឹង ៤៣,២៧% នៃសំឡេងសរុប។ បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតបញ្ចប់ទៅ នៅក្នុងខែសីហា ឆ្នាំ២០១៧ ក្រសួងព័ត៌មានបានបិទម៉ោងផ្សាយវិទ្យុប្រមាណ ២០ស្ថានីយ ក្នុងនោះភាគច្រើនជាវិទ្យុដែលលក់ ម៉ោងផ្សាយឲ្យវិទ្យុរិះគន់រដ្ឋាភិបាល ដូចជាវិទ្យុសំឡេងសហរដ្ឋអាមេរិក និង វិទ្យុអាស៊ីសេរី ជាដើម ហើយប្រតិប័ត្រ ព័ត៌មាន មួយផ្សេងទៀតដែលរិះគន់រដ្ឋាភិបាលមិនសំចៃ ខេមបូឌា ដេលីក៏ត្រូវបិទទ្វារក្នុងខែបន្ទាប់ក្រោមបទចោទ មិនបានបង់ពន្ធចូលរដ្ឋរយៈពេល១០ឆ្នាំ ដែលគិតជាទឹកប្រាក់សរុប ៦,៣ លានដុល្លារ។ សកម្មភាពទាំងនេះត្រូវបានអន្តជាតិ ចាត់ទុកថាជាការបំបិទសេរីភាពសារព័ត៌មាន។ បន្ទាប់ពីបិទស្ថាប័នព័ត៌មានមិនចំណុះរដ្ឋាភិបាលផ្ទួនៗ ថ្ងៃទី១ ខែតុលា លោក កឹម សុខា ក៏ត្រូវបានសមត្ថកិច្ចឆ្មក់ចូលចាប់ខ្លួនទាំងកណ្ដាលអាធ្រាត្រ នៅគេហដ្ឋាន ដោយចោទប្រកាន់ពីទោសក្បត់ជាតិតាមរយៈវីដេអូ ថ្លែងសាររបស់លោកនៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៣។ តាមច្បាប់វិសោធនកម្មគណបក្សនយោបាយ ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិប្រឈមនិងការរំលាយបក្ស ក្រោយការចាប់ខ្លួនលោក កឹម សុខា ប្រធានបក្ស ១០ថ្ងៃបន្ទាប់ពីការចាប់ខ្លួន លោក គី តិច មេធាវីតំណាងឲ្យក្រសួងមហាផ្ទៃបាននាំយកភស្តុតាងទៅតុលាកាកំពូល ដើម្បីប្ដឹងរំលាយគណបក្សប្រឆាំង។ អំឡុងពេលនៃការប្ដឹងតវ៉ា ច្បាប់បែងចែកអាសនៈបក្សនយោបាយក្នុងរដ្ឋសភា ត្រូវបានអនុម័តជាធរមាននៅថ្ងៃទី ២៥ ខែតុលា ២០ថ្ងៃបន្ទាប់ ក្នុងខែវិច្ឆិកា តុលាការកំពូលបានប្រកាសរំលាយគណបក្សសង្គ្រោះជាតិ និងដកហូតសិទ្ធិធ្វើនយោបាយ ៥ឆ្នាំ ពីសមាជិកជាន់ខ្ពស់ ១១៨រូប នៃបក្សនេះ។ នៅថ្ងៃទី ២ ធ្នូ លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន បានប្រារព្ធពិធីរាប់បាត្រព្រះសង្ឃ ៥០០០អង្គ នៅមុខប្រាសាទអង្គរវត្ត។ ២ធ្នូរ ឆ្នាំ១៩៧៨ គឺជាថ្ងៃដែលបណ្តាមេដឹកនាំកំពូលៗ របស់កម្ពុជាបច្ចុប្បន្នបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា គាំទ្រដោយកងទ័ពវៀតណាម ប្រឆាំងទៅនឹងរបបដឹកនាំរបស់ ពល ពត។ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានបដិសេធថា មិនជាប់ពាក់ព័ន្ធគ្នានោះទេព្រោះនេះជាព្រះរាជពិធីបុណ្យដែលព្រះរាជាគ្របជំនាន់តែងប្រារព្ធធ្វើ។ នៅមុនថ្ងៃទី២ ធ្នូ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានអញ្ជើញទៅកាន់ការដ្ឋានសាងសង់វិមានឈ្នះឈ្នះ ដោយលោកលោកបានថ្លែងបញ្ជាក់ថា លោកនឹងបញ្ជាឲ្យសិល្បករឆ្លាក់បន្ថែមព្រឹត្តិការណ៍ ដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជោគជ័យរំលាយគណបក្សសង្គ្រោះជាតិចោល ដោយអះអាងថាវាជាជំហានជោគជ័យនៃ នយោបាយឈ្នះឈ្នះរបស់លោកនាយករដ្ឋមន្ត្រី។ មកទល់នឹងពេលបច្ចុប្បន្ន លោក កឹម សុខា កំពុងឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុងនៅឡើយរីឯសមាជិកជាន់ខ្ពស់របស់បក្ស មួយចំនួនធំកំពុងនៅក្រៅប្រទេសធ្វើការតវ៉ា។