តើធ្វើដូចម្តេចទើបអាចក្លាយជាអ្នកចែកចាយគំនិតបាន? តើធ្វើម្តេចទើបគំនិតយើងអាចស័ក្តិសមនឹងចែកចាយបាន?
លោកបណ្ឌិត អ៊ុង វ៉ាន់ធឿន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យន័រតុនហើយលោកក៏ជាវេជ្ជបណ្ឌិតផ្នែកចិត្តវិទ្យាផងដែរនោះថ្លែងថាទាំងអស់នេះគឺកើតចេញពីការចេះគិតឲ្យបានច្រើនជ្រុង យកហេតុផលជាច្រើនមកថ្លឹងថ្លែង ដោយមានអំណះអំណាង និងបទពិសោធជាក់ស្តែងបន្ទាប់មកគឺចេះវាយតម្លៃ។
ការអប់រំចំណេះដឹងទូទៅ និងបណ្តុះបណ្តាលជំនាញផ្សេងៗពិតជាសំខាន់ និងបានឆ្លើយតបទៅកាន់តម្រូវការទីផ្សារការងារក្នុងសង្គម។ ហើយនៅពេលដែលយើងមានគំនិតដែលល្អ យើងនឹងអាចយកគំនិតមកប្រើប្រាស់ ឬគ្រាន់តែចែកចាយគំនិតនោះយើងក៏អាចរកចំណូលបានដែរ។ ឧទាហរណ៍ដូចជាក្នុងកម្មវិធី TedTalk ដែលជាកម្មវិធីដ៏ល្បីមួយដែលវាគ្មិនគឺមកពីគ្រប់មជ្ឈដ្ឋាន គ្រប់ជាតិសាសន៍ អ្នកខ្លះបកស្រាយពីរបកគំហើញថ្មី អ្នកខ្លះនិយាយពីបទពិសោធផ្ទាល់ខ្លួន។
លោកបានលើកឡើងថា៖ «យើងតែងដឹងថា លុយគឺជារូបិយប័ណ្ណក្នុងជីវភាពប្រចាំថ្ងៃ ប៉ុន្តែក្នុងសតវត្សរ៍ទី ២១ ត្រូវបានគេនិយាយថា «គំនិតគឺជារូបិយប័ណ្ណថ្មី»។
យោងតាមលោកសាកលវិទ្យាធិការរង សាស្ត្រាចារ្យដែលកំពុងបង្រៀននៅសាកលវិទ្យាល័យមួយចំនួនបានបង្ហាញអំពីការបារម្ភពីការចុះខ្សោយនៃសមត្ថភាពនៃការគិតរបៀបនៃការបញ្ចេញគំនិត និងបញ្ចេញមតិ។
«ជាមួយគ្នានេះដែរយើងក៏សង្កេតឃើញថា ក្នុងបណ្តាញសង្គមក៏ឃើញមានការចែកចាយនូវព័ត៌មានជាច្រើនដែលព័ត៌មានជាច្រើនគឺជាព័ត៌មានមិនពិត និងគ្មានប្រភពច្បាស់លាស់ដែលនេះក៏កើតឡើងដោយសារកង្វះការពិចារណាដោយផ្អែកលើភ័ស្តុតាង និងហេតុផលសមរម្យដែរ»។
លោកបណ្ឌិត វ៉ាន់ធឿន បានបន្តថា៖ «យើងមិនអាចគ្រាន់តែបង្រៀនឲ្យគាត់ថាតាមយើងនោះទេ យើងត្រូវរកវិធីដើម្បីឲ្យគាត់ចូលរួមគិត និងបញ្ចេញយោបល់ជាមួយយើង។ យើងគួររិះរកវិធីនានាដើម្បីទាញនិស្សិតឲ្យចូលរួមជាមួយការបង្រៀនដែរដោយយើងត្រូវប្រើបច្ចេកទេសឲ្យពួកគាត់ដែលជាសិស្ស និស្សិត ចេះឆ្ងល់, គាត់ចេះយករឿង ឬមេរៀនមកភ្ជាប់ជាមួយជីវភាពប្រចាំថ្ងៃ»។
លោកក៏បានលើកឧទាហរណ៍ទាក់ទងនឹងហេតុការណ៍ជាក់ស្តែងដែលកើតឡើងថា៖ «នៅពេលដែលមានអ្នកបើកបរម្នាក់បានបើកបុកមនុស្សម្នាក់ស្លាប់ ហើយក៏បានរត់គេច តែត្រូវមនុស្សជាច្រើនចោមរោមវាយសម្លាប់អ្នកបើកបរនោះដោយគិតថាដើម្បីរកយុត្តិធម៌។ ប៉ុន្តែពួកគាត់មិនបានគិតថា អ្នកបើកបរនោះគាត់អាចជាប់ទោសពីបទមនុស្សឃាតដោយអចេតនា ប៉ុន្តែប្រជាជនដែលព័ទ្ធវាយនោះអាចជាប់ទោសពីហិង្សា ឬមនុស្សឃាតដោយចេតនា»។
លោកសង្កត់ធ្ងន់ថា៖ «ការដែលចេះគិត និងថ្លឹងថ្លែងអាចបញ្ចៀសយើងពីបញ្ហា ហើយក៏អាចជួយឲ្យយើងរីកចម្រើន ច្នៃប្រឌិតជាគំនិតដែលមានប្រយោជន៍»។
លោកបណ្ឌិតក៏បានលើកយកកម្រងសម្តីរបស់លោកបេនចាមីន ហ្វ្រេងគ្លីន ដែលជាអ្នកនិពន្ធ និងអ្នកទស្សនវិទូនយោបាយដ៏ល្បីរបស់អាមេរិកមួយរូបដែលបានពោលថា៖ «បើអ្នកប្រាប់ខ្ញុំ ខ្ញុំនឹងអាចភ្លេច បើអ្នកបង្រៀនខ្ញុំ ខ្ញុំនឹងចាំ បើអ្នកឲ្យខ្ញុំចូលរួមជាមួយដែរ ខ្ញុំនឹងចេះ»៕