សាលា​អន្តរជាតិ​ថ្មី​មួយ​កំពុង​ត្រៀម​ខ្លួន​ចូលក្នុង​វិស័យ​សាលា​អន្តរជាតិ​នៅ​កម្ពុជា ដែល​នឹង​នាំមក​នូវ​កម្មវិធីសិក្សា​ប្រកប​ដោយ​គុណភាព​ខ្ពស់​។

សាលា​អន្តរជាតិ Invictus ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ប្រទេស​សិង្ហបុរី​ក្នុង​ឆ្នាំ​ ២០១៥ ដោយ​សហគ្រិន​បច្ចេកវិទ្យា​អាហ្វ្រិក​ខាងត្បូង លោក John Fearon ដើម្បី​ផ្តល់​ការអប់រំ​កម្រិត​ខ្ពស់​ជាមួយ​តម្លៃ​សមរម្យ​នឹង​បើក​ដំណើរការ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ខែ​មីនា​ខាងមុខ ជាមួយ​នឹង​តម្លៃ​ ៨ ០០០ ​ដុល្លារ​ ក្នុង ១​ ឆ្នាំ​។


សាលា​អន្តរជាតិ​នេះ​នឹង​ផ្តោត​សំខាន់​លើ​ការអប់រំ​គ្រប់​ជ្រុងជ្រោយ និង​ការអភិវឌ្ឍ​អត្តចរិត​ដោយ​ផ្តោត​ជាពិសេស​លើ​ភាព​ជា​អ្នកដឹកនាំ ការបង្រៀន​ពហុភាសា និង​កម្មវិធី សិក្សា​គណិតវិទ្យា​ស្តង់ដារ​បស់​ប្រទេស​សិង្ហបុរី ដើម្បី​ធានាថា សិស្ស​ដែល​បញ្ចប់​ការសិក្សា​នឹងមាន​ចំណេះដឹង និង​ជំនាញ​ច្បាស់លាស់ និង​មាន​ជម្រើស​ច្រើន​ដើម្បី​បន្ត​ការសិក្សា​នៅ​គ្រឹះស្ថាន​ឧត្តមសិក្សា​។


សាលា​អន្តរជាតិ Invictus កំពុង​ស្ថិត​នៅក្នុង​ដំណាក់កាល​ពង្រីក​សាខា​របស់ខ្លួន​ទៅ​កាន់​ប្រទេស​ដទៃ​បន្ទាប់ពី​ភាពជោគជ័យ​នៅក្នុង​ប្រទេស​សិង្ហបុរី និង​ទទួល​បាន​ការផ្តល់​អនុសាសន៍​គាំទ្រ​យ៉ាងខ្លាំង​ពី​សហគមន៍​អន្តរជាតិ​។


សាខា​នៅ​កម្ពុជា​នេះ​គឺ​បើក​ដំណើរការ​ស្រប​ជាមួយ​សាខា​ថ្មី​ ២ ​ផ្សេង​ទៀត​នៅ​ទីក្រុង​ហុងកុង ហើយ​ក៏​មាន​ផែនការ​នាំយក​ការអប់រំ​លំដាប់​ខ្ពស់​របស់​សាលា Invictus ទៅ​កាន់​ប្រទេស​ថៃ​ផងដែរ​។



គណៈ​គ្រប់គ្រង​នៅ​សាលា Invictus សុទ្ធ​តែមាន​បទពិសោធ​ខ្ពស់​ដោយ​មួយចំនួន​បាន​បម្រើ​ការងារ​នៅ​ក្រសួង​អប់រំ​សិង្ហបុរី​ទៀតផង​។

ក្នុងនោះ​លោកស្រី Cecilia Ng ដែលជា​នាយិកា​សាលា លោកស្រី​បាន​រៀបរាប់ថា ចំណូលចិត្ត​របស់​លោកស្រី​គឺ​ការអប់រំ ហើយ​លោកស្រី​ពិតជា​រំភើប​ណាស់​ដែល​បាន​ក្លាយជា​ថ្នាក់ដឹកនាំ​របស់​សាលា​អន្តរជាតិ Invictus នៅ​ទីក្រុង​ភ្នំពេញ​។

«​ការបង្រៀន​គឺជា​ចំណង់ចំណូល​ចិត្ត​របស់ខ្ញុំ ហើយ​វា​គឺជា​ការងារ​តែមួយគត់​ដែល​ខ្ញុំ​បាន​ធ្វើ​គឺជា​គ្រូបង្រៀន រហូត​ដល់​ក្លាយជា​នាយិការង ហើយ​បន្ទាប់មក​ជា​នាយិកា​សាលា​នៅក្នុង​ក្រសួង​អប់រំ​របស់​ប្រទេស​សិង្ហបុរី​»​។

លោកស្រី Ng មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​បានមក​កាន់​ប្រទេស​កម្ពុជា​។ ​ខ្ញុំ​ចង់​ធ្វើឱ្យ​មាន​ការខុសប្លែក ដោយ​ផ្តល់នូវ​ជំនាញ​ចាំបាច់ ដូច្នេះ [​សិស្ស​] អាច​ចូលរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ និង​ភាពជោគជ័យ​របស់​ប្រទេស​កម្ពុជា​»​។

នាយិកា​ដែលមាន​បទពិសោធ​រយៈពេល​ ៣០ ​ឆ្នាំ​រូបនេះ បាន​បន្តថា​ការសិក្សា​ ៣ ​ភាសា​ គឺ​ភាសា​អង់គ្លេស ខ្មែរ និង​ចិន​នឹង​ក្លាយជា​ចំណុច​ពិសេស​របស់​សាលា​អន្តរជាតិ Invictus ។

លោក John Fearon ស្ថាបនិក​សាលា​អន្តរជាតិ Invictus ។

«​ជាមួយ​នឹង​សកលភាវូបនីយកម្ម វា​មាន​សារៈសំខាន់​ណាស់​ដែល​យើង​បង្កើន​សមត្ថភាព ពហុភាសា​ដល់​សិស្ស​របស់​យើង​ដោយ​យើង​ដឹងថា​ការចេះ​ច្រើន​ភាសា​នឹង​ផ្តល់ឱ្យ​ពួកគេ​នូវ​ការប្រកួតប្រជែង​ច្រើន​។ ការចេះ​ច្រើនជាង​ ១ ​ភាសា​ជួយ​បង្កើន​ការយល់ដឹង និង​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ជាច្រើន​ទៀត​។

លោកស្រី Ng បន្ថែម​ថា​៖ « ការស្រាវជ្រាវ​ជាច្រើន​បាន​បង្ហាញថា កុមារ​អាច​រៀន​ភាសា​ផ្សេងៗ​បាន​យ៉ាង​ឆាប់រហ័ស និង​ងាយ​ចេះ​។ ការរៀនសូត្រ​ច្រើន​ភាសា​គួរតែ​ចាប់ផ្តើម​នៅ​វ័យក្មេង ដូច្នេះ​ហើយ​ទើប​សាលា​អន្តរជាតិ Invictus មានកម្ម​វិធី​បង្រៀន​កុមារ​រហូត​ដល់​ ៣ ​ភាសា​។

ទស្សនៈ​របស់​សាលា​អន្តរជាតិ Invictus គឺ​ផ្តល់​ឲ្យ​សិស្ស​នូវ​ការអប់រំ​គ្រប់​ជ្រុងជ្រោយ​ទាំង​ផ្នែក​កម្មវិធីសិក្សា និង​ក្រៅ​កម្មវិធីសិក្សា​។

«​ការសិក្សា​គ្រប់​ជ្រុងជ្រោយ​នៅក្នុង​ថ្នាក់រៀន​គឺ​ផ្តោតលើ​មុខវិជ្ជា​បន្ទាប់មក​គឺ​អនុវត្ត​តាមរយៈ​បទពិសោធ ការពិភាក្សា ធ្វើ​កិច្ចការ​ជា​ក្រុម និង​ការសិក្សា​ជាក់ស្តែង​»​។

«​ការអភិវឌ្ឍ​អត្តចរិក​ក៏​ជា​ផ្នែក​សំខាន់​មួយ​នៃ​កម្មវិធីសិក្សា​របស់​យើង​ផងដែរ ពីព្រោះ​យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា គុណតម្លៃ​ការអប់រំ​ខ្ពស់​ និង​ប្រាជ្ញា​ទាំង​ ២ ​ត្រូវតែមាន​តុល្យភាព​»​។

លោកស្រី Cecilia Ng នាយិកា​សាលា Invictus នៅ​ភ្នំពេញ ។

លោកស្រី​លើកឡើង​ថា​៖ «​ចំពោះ​ភាពជា​អ្នកដឹកនាំ ក៏​ជា​ផ្នែក​មួយ​ដែល​យើង​នឹង​ផ្តោត​ជា​សំខាន់​ផងដែរ ពីព្រោះ​យើង​ជឿជាក់​ថា​ «​កុមារ​គ្រប់រូប គឺជា​អ្នកដឹកនាំ​»​។

កម្មវិធីសិក្សា​របស់​យើង​ធានាថា​ឱកាស​ទាំងនោះ​នឹងត្រូវ​បាន​ផ្តល់​ដល់​កុមារ​គ្រប់រូប​ដើម្បី​អភិវឌ្ឍ​ជំនាញ​ជីវិត​ដូច្នេះ​ពួកគេ​នឹងមាន​ទំនុកចិត្ត និង​អាច​ប្រាស្រ័យ​ទាក់ទង​បាន​ល្អ​ជាមួយ​សហគមន៍​។

អ្នកដឹកនាំ​ពិតប្រាកដ​គឺជា​អ្នក​ដែល​មាន​ចក្ខុវិស័យ សុទិដ្ឋិនិយម ចេះ​សម្រប​ខ្លួន មាន​ទំនុកចិត្ត មាន​ការសម្រេចចិត្ត និង​មាន​ជំនាញ​ទំនាក់ទំនង​រឹងមាំ​» ។

លោកស្រី​ក៏​លើកឡើង​ផងដែរ​ថា​៖ «​ចំពោះ​ជំនាញ​កុំព្យូទ័រ​ក៏មាន​បង្រៀន​នៅក្នុង​កម្មវិធីសិក្សា​របស់​យើង​ដែរ​។ យើង​មាន​គម្រោង​បង្រៀន​ជំនាញ​សរសេរ​កូដ និង​ជំនាញ​ទាក់ទង​នឹង​ព័ត៌មានវិទ្យា​»​។

ទាំងអស់នេះ​មានន័យថា សិស្ស​នៅពេល​ចាកចេញ​ពី​សាលា Invictus ពួកគេ​មាន​ចំណេះដឹង និង​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ចូលរៀន​នៅ​សាកលវិទ្យាល័យ និង​ជំនាញ​ផ្សេងៗ​ដើម្បី​ទទួល​បាន​ជោគជ័យ​នៅក្នុង​ជីវិត​។

លោកស្រី Ng ថ្លែងថា​៖« យើង​ចង់​ឲ្យ​សិស្ស​ដែល​បញ្ចប់​ការសិក្សា​ជាមួយ​យើង​ក្លាយ​អ្នកដឹកនាំ​ប្រកប​ដោយ​ទំនុកចិត្ត​ជាមួយ​នឹង​ទស្សនវិស័យ​សកល​ជាមួយនឹង​ជំនាញ​រឹងមាំ ដែល​អាច​បន្ត​ការសិក្សា​នៅ​គ្រឹះស្ថាន​ឧត្តមសិក្សា​នៃ​ជម្រើស​របស់​ពួកគេ ហើយ​ជំនាញ​ទន់​អាច​ផ្តល់​ឥទ្ធិពល​ជា​វិជ្ជមាន​ដល់​មនុស្ស​ជុំវិញខ្លួន និង​ដឹកនាំ​ពួកគេ​ដោយ​ក្តីស្រឡាញ់ និង​ការពេញចិត្ត​៕

សម្រាប់ព័ត៌មានលម្អិត

http://www.cambodia.invictus.school

http://www.facebook.com/invictusintlschoolcambodia