ភ្នំពេញ: សម្រាប់​ការឆ្ពោះ​ទៅ​ធ្វើ​ជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​ ៣២ ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​នៅ​ឆ្នាំ​ ២០២៣ ខាង​មុខ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ក្រសួង​អប់រំ យុវជន និង​កីឡា​ព្រម​ទាំង​មន្ត្រី​ជាន់ខ្ពស់​ដឹកនាំ​ស្ថាប័ន​កីឡា​ជាតិ​បាន​ដាក់​គោលដៅ​ដណ្តើម​យក​មេដាយ​ឲ្យ​បាន​ច្រើន ដើម្បី​ឈរ​នៅ​ចំណាត់ថ្នាក់​ត្រឹម​លេខ​ ៥ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង​ ១១ ព្រោះ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ គប្បី​មាន​ប្រភេទ​កីឡា​មាន​សក្តានុពល​អាច​ដណ្តើម​បាន​ភាពខ្លាំង​មិន​អាច​មាន​ចំណាត់ថ្នាក់​ក្រោម​មធ្យម​នោះ​ទេ គឺ​បើ​មិន​បាន​លំដាប់​ជួរ​មុខ​ទេ ក៏​ត្រូវ​តែ​ឈរ​ក្នុង​លំដាប់​ពាក់​កណ្តាល​ដែរ​។


យ៉ាងណា​ក៏ដោយ​សម្រាប់​ផែនការ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ជា​គោលការណ៍​តាំងពី​ឆ្នាំ​ ២០១៦ ​នោះ NOCC បាន​រៀបចំ​ផែនការ​អនុវត្ត​ចំនួន​ ៤ ​ដំណាក់កាល ខណៈ​ដែល​ក្រុមមន្ត្រី​ដឹកនាំ​ជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ​កីឡា​បាន​សម្រេច​ដាក់​គោលដៅ​គឺ​ក្នុង​ឋានៈ​ប្រទេស​ជា​ម្ចាស់ផ្ទះ​យ៉ាង​ហោច​ណាស់​ក៏​ដណ្តើម​បាន​មេដាយមាស​យ៉ាង​តិច​បំផុត​ឲ្យ​បាន​ ៣០ ​ភាគរយ​នៃ​វិញ្ញាសា​ទាំងអស់​ក្នុង​កម្មវិធី​ប្រកួត​ដែរ​។

ទាក់ទឹង​នឹង​ផែនការ​ទាំង​ ៤ ​ដំណាក់​កាលនោះ​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និង​ជា​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​ ៣២ ឆ្នាំ​ ២០២៣ (CAMSOC) បាន​ឲ្យ​ដឹង​ថា ដំណាក់កាល​ទី​ ១ រៀបចំ​មូលដ្ឋាន​ដែល​ត្រូវ​ចាយ​ពេលវេលា​ពី​ឆ្នាំ​ ២០១៦ ដល់​ឆ្នាំ​ ២០១៧ ដោយ​សម្រេច​បាន​នូវ​ផែនការមេ និង​បង្កើត​បាន​រចនាសម្ព័ន្ធ CAMSOC​។


ចំណែក​ដំណាក់ការ​ទី ២ គឺ​អនុវត្ត និង​ពង្រឹង​ប្រសិទ្ធភាព​ដោយ​ប្រើប្រាស់​ពេល​ពី​ឆ្នាំ​ ២០១៨ ដល់​ឆ្នាំ​ ២០២១ ក្នុង​នោះ​រៀបចំ​ស្ថាប័ន​ជំនាញ​ចំនួន​ ៣ ​ឲ្យ​ដំណើរការ​គឺ​អគ្គលេខាធិការដ្ឋាន​របស់ CAMSOC ដើម្បី​ដំណើរការ​គណៈកម្មការ​ជំនាញ បង្កើត​គុណវឌ្ឍិ​កីឡាករ កីឡាការិនី គ្រូបង្វឹក អាជ្ញាកណ្តាល​ចៅក្រម ពិនិត្យ​កែ​លម្អ​ជួសជុល​ទីលាន​ប្រកួត​ឲ្យ​មាន​លក្ខណៈ​ស្តង់ដា​។


ចំពោះ​ដំណាក់កាល​ទី​ ៣ ត្រូវ​ត្រៀម​ឲ្យ​បាន​រួចរាល់​នូវ​ប្រភេទ​កីឡា​ដែល​ត្រូវ​ដាក់​ឲ្យ​ប្រកួត​នៅ​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ និង​ត្រូវ​ប្រកួត​ធ្វើតេស្ត​នៅ​គ្រប់​ព្រឹត្តិការណ៍​កីឡា​ដោយ​ត្រូវ​ចំណាយពេល​ដល់​ឆ្នាំ​ ២០២២ ហើយ​ដំណាក់កាល​ទី​ ៤ គឺ​ប្រតិបត្តិការ​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​ឆ្នាំ​ ២០២៣ និង​ការដោះស្រាយ​បញ្ហា​ផ្សេងៗ​នៅ​ក្រោយ​ការប្រកួត​ក្នុង​ឆ្នាំ​ ២០២៤ ដើម្បី​ចងក្រង​ជា​ឯកសារ​សម្រាប់​ជា​ស្នាដៃ និង​កេរ្តិ៍ឈ្មោះ​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ មុន​ពេល​ប្រគល់​ទង់​ស៊ីហ្គេម​ឲ្យ​ទៅ​ប្រទេស​ដែល​ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ​បន្ត​។


រូបភាព​នៃ​ការកសាង​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ​ដែល​ត្រូវ​បាន​ថត​ដោយ​អ្នកជំនាញ​ពី​លើ​ឱកាស​។ សហការី

សម្រាប់​ការប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ ដ៏ធំ​នៅ​ប្រទេស​កម្ពុជា​នាពេល​ខាង​មុខ​នេះ​គឺ​តាម​ការ​ព្យាករ និង​តាម​គម្រោង​របស់​គណៈកម្មការ​រៀបចំ​នឹង​មាន​អ្នកចូលរួម​ប្រមាណ​ ១០ ​ម៉ឺន​នាក់​ក្នុង​នោះ​អត្តពលិក​ជាង​ ៧០០០ ​នាក់​រួម​ជាមួយ​មន្ត្រី​អម​ប្រតិភូ ភ្ញៀវ អង្គការ​កីឡា​អន្តរជាតិ​នានា​ប្រមាណ​ ៣០០០ ​នាក់​ទៀត​។

លោក​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន NOCC បាន​ថ្លែង​ថា ដើម្បី​ឲ្យ​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​តំបន់​មួយ​នេះ​ទទួល​បាន​លទ្ធផល​ល្អ​គឺ CAMSOC ត្រូវ​បង្កើត​ឲ្យ​បាន​នូវ​អង្គភាព​ជំនាញ​ចំនួន​ ១៥ ​ស្ថាប័ន​ជា​ស្ថាពរ​ទី​ ១ គណៈ​កម្មករ​បើក និង​បិទ​កម្មវិធី​ទី​ ២ មជ្ឈមណ្ឌល​ព័ត៌មាន​ទី​ ៣ ទីផ្សារ​កីឡា និង​ចលនា​ឧបត្ថម្ភ ទី​ ៤ Games IT និង​ការធ្វើ​បណ្ណ​សម្គាល់​ខ្លួន​ (AD Card)​។

ចំណែក​ទី​ ៥ ត្រូវ​មាន​សន្តិសុខ​សណ្តាប់ធ្នាប់​ទី​ ៦ ស្នាក់នៅ និង​ហូបចុក​ទី​ ៧ ទំនាក់ទំនង និង​សេវាកម្ម​កីឡា​ទី​ ៨ ​ពិធីការ ទី​ ៩ ​កីឡា និង​បទបញ្ញាតិ ទី​ ១០ ដឹកជញ្ជូន និង​ភ័ស្តុភារ​ទី​ ១១ ទីលាន​ប្រកួត ទី​ ១២ ​វប្បធម៌​បរិស្ថាន និង​អប់រំ​កីឡា ទី​ ១៣ ​ហិរញ្ញវត្ថុ និង​ផ្គត់ផ្គង់ ទី​​ ១៤​ ​ក្រុម​អ្នកស្ម័គ្រចិត្ត និង​ទី​ ១៥ ​វេជ្ជសាស្ត្រ​កីឡា​។

លោក ថោង ខុន បាន​បន្ថែម​ថា​៖ «​ក្នុង​មាន​ជា​ម្ចាស់ផ្ទះ​រៀបចំ​ប្រកួត​គឺ​យើង​ត្រូវ​មាន​ប្រៀបខ្ពស់​ក្នុង​ការជ្រើស​យក​ប្រភេទ​កីឡា​ណា​ដែល​យើង​មាន​សក្តានុពល​ជាង​ដើម្បី​ឈ្នះ​មេដាយ ព្រោះ​ច្បាប់​នៅ​ក្នុង​ការជ្រើសរើស​ប្រភេទ​កីឡា​សម្រាប់​ដាក់​ក្នុង​ស៊ីហ្គេម​កំណត់​ថា​ក្នុង​ចំនួន​ប្រភេទ​កីឡា​ថ្នាក់​តំបន់ ឬ​កម្រិត​ទ្វីប​ចំនួន​ ៣៧ គឺ​យ៉ាងហោច​ណាស់​យើង​ត្រូវ​ជ្រើសរើស​ឲ្យ​បាន​ ១៤ ​ប្រភេទ​ហើយ​ក្នុង​ប្រភេទ​កីឡា​អូឡាំពិក​ចំនួន​ ១៦ យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​ជ្រើស​ឲ្យ​បាន​ ៨ ​ប្រភេទ​ដែរ ខណៈ​ដែល​កីឡា​អត្តពលកម្ម និង​ហែល​ទឹក​ជា​អាទិភាព​ដំបូង​បំផុត​ដែល​ជ្រើស​យក​ដោយ​ខាន​មិន​បាន​»​។

ជាមួយ​គ្នា​នេះ​ដើម្បី​សម្រេច​ឲ្យ​បាន​តាម​គោលដៅ និង​ទទួល​បាន​លទ្ធផល​ល្អ ក្នុង​នាម​ម្ចាស់​ផ្ទះ​ត្រូវ​ផ្តល់​អាទិភាព​ធ្វើការ​បង្វឹក និង​ប្រមូលផ្តុំ​នូវ​កីឡាករ​កីឡាការិនី​ថ្នាល​ដែល​មាន​វ័យ​ចាប់ពី​ ១៣ ទៅ​ ១៥ ​ឆ្នាំ ព្រោះ​ទម្រាំ​ដល់​ឆ្នាំ​ ២០២៣ ពួកគេ​មាន​អាយុ​ពេញ​ដើម្បី​ប្រកួត ឯ​ថាមពល និង​សមត្ថភាព​របស់​ពួកគេ​ក៏ល្អ​ហើយ​អ្វី​ដែល​សំខាន់​ត្រូវ​បញ្ជូន​អត្តពលិក​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

តាម​ការវាយតម្លៃ​សន្និដ្ឋាន​របស់ CAMSOC កត្តា​ជោគជ័យ​ទៅ​បាន​គឺ​ត្រូវ​មាន​ការចូលរួម​គ្រប់​ភាគី​ពាក់ព័ន្ធ​មាន​ប្រជាពលរដ្ឋ សិស្ស កម្លាំង​ប្រដាប់​អាវុធ អង្គភាព​កីឡា​អ្នកជំនាញ និង​ត្រូវ​មាន​នូវ​ឧបករណ៍​សម្ភារហេដ្ឋារចនាសម្ព័ន្ធ​កីឡា​គ្រប់គ្រាន់​តាម​ស្តង់ដា​បច្ចេកទេស និង​ថវិកា​ទ្រទ្រង់​សកម្មភាព តម្លាភាព គណនេយ្យភាព សុចរិតភាព ដើម្បី​ក្លាយ​ខ្លួន​ក្លាយ​ជា​ឧស្សាហកម្ម​កីឡា​។

ចំពោះ​សកម្មភាព​ទាំងអស់​នេះ​គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា​ដើម្បី​ឆ្ពោះ​ទៅ​មហាកិត្តិយស​ស៊ីហ្គេម​លើក​ទី​ ៣២ ឆ្នាំ​ ២០២៣ ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ដែល​រំពឹង​មិន​ឲ្យ​ធ្លាក់​ក្រោម​ចំណាត់ថ្នាក់​លេខ​​ ៥ ​នោះ​ឡើយ​៕