ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ឆ្នាំ ២០២៣ (CAMSOC) ព្រមទាំងក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានគ្រោងបញ្ជូនប្រភេទកីឡារហូតដល់ ៣២ ដើម្បីទៅចូលរួមប្រកួតប្រជែងរកមេដាយ នៅស៊ីហ្គេម លើកទី ៣១ ក្នុងប្រទេសវៀតណាម នាចុងឆ្នាំ ២០២១ នេះ។
សម្រាប់ការប្រកួតស៊ីហ្គេមនៅឆ្នាំ ២០២១ នេះ ម្ចាស់ផ្ទះវៀតណាម បានសម្រេចដាក់ប្រភេទកីឡាចំនួន ៤០ ដើម្បីឱ្យប្រតិភូកីឡា មកពីតាមបណ្តាប្រទេសទាំង ១១ នៅក្នុងតំបន់អាស៊ាន ធ្វើការប្រកួតប្រជែងគ្នា ហើយនៅក្នុងប្រភេទកីឡាទាំង ៤០ នោះ គឺមានរហូតដល់ ៥២៦ វិញ្ញាសា ឬ ៥២៦ មេដាយមាស ដោយក្នុងនោះការប្រកួតកីឡាផ្នែកបុរស មាន ២៥៦ មេដាយមាស ផ្នែកនារីមាន ២៣២ និងប្រកួតចម្រុះបុរស-នារី មានចំនួន ៣៨ មេដាយមាស។
យោងតាមចំនួនប្រភេទកីឡា ដែលត្រូវបានដាក់ឱ្យប្រកួតស៊ីហ្គេមនៅប្រទេសវៀតណាមលើកនេះមានន័យថា កម្ពុជាបានត្រៀមបម្រុងក្រុមអត្តពលិករបស់ខ្លួន ស្ទើរគ្រប់ប្រភេទកីឡា គឺរហូតដល់ ៣២ ប្រភេទកីឡា ដើម្បីត្រៀមទៅចូលរួមព្រឹត្តិការណ៍នេះ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន កាលពីព្រឹកថ្ងៃចន្ទនេះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «នៅក្នុងចំណោមប្រភេទកីឡាទាំង ៤០ ដែលម្ចាស់ផ្ទះវៀតណាមបានដាក់ឱ្យប្រកួតនៅស៊ីហ្គេមលើកនេះ គឺកម្ពុជាយើងបានត្រៀមបម្រុងប្រភេទកីឡាចំនួន ៣២ ឱ្យទៅចូលរួមប្រកួត ដែលប្រភេទកីឡាទាំងនេះ សុទ្ធតែជាប្រភេទកីឡាត្រូវបានប្រមូលផ្តុំជាក្រុមជម្រើសជាតិ ហើយភាគច្រើនក៏ជាប្រភេទកីឡា ដែលមានសក្តានុពល ក្នុងការប្រជែងរកមេដាយជូនជាតិផងដែរ»។
តាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន គឺប្រភេទកីឡាទាំង ៣២ ដែលកម្ពុជាត្រៀមបម្រុងសម្រាប់ការប្រកួតស៊ីហ្គេមនៅប្រទេសវៀតណាម ចុងឆ្នាំនេះ រួមមាន កីឡាប៉េតង់ តេក្វាន់ដូ (WT) ប្រដាល់គុនខ្មែរ (Muay) ជឺជិតស៊ូ ចំបាប់ វ៉ូវីណាម ប្រដាល់សកល ប្រដាល់ឃិកប៊ុកស៊ិង កាយវប្បកម្ម វាយកូនបាល់ អត្តពលកម្ម ហែលទឹក កីឡា Finswimming បាល់ទាត់ (លេង ១១ នាក់ និងហ្វុតសាល) បាល់ទះ បាល់បោះ ទូកកានូ-កាយ៉ាក វ៉ូស៊ូ ទោចក្រយាន (ប្រណាំងកង់) កីឡារាំ គុនដាវ វាយកូនគោល កាយសម្ព័ន្ធ យូដូ ការ៉ាតេ សីប៉ាក់តាក្រ កីឡាលើកទម្ងន់ បាញ់កាំភ្លើង វាយកូនឃ្លីលើតុ ទ្រីយ៉ាត្លុង កីឡាអេឡិចត្រូនិក និងកីឡាអុកចត្រង្គ។
យោងតាមប្រភេទកីឡា ដែលកម្ពុជាបានត្រៀមបម្រុងទាំង ៣២ ប្រភេទកីឡានេះ គឺមានន័យថា កម្ពុជាមិនចូលរួមប្រកួតតែលើប្រភេទកីឡាចំនួន ៨ ប៉ុណ្ណោះ សម្រាប់ការប្រកួតស៊ីហ្គេមចុងឆ្នាំ ២០២១ នេះក្នុងនោះមានកីឡា បាញ់ធ្នូ បញ្ចសិលា កីឡា Kurash កីឡា Diving កីឡា Rowing កីឡា Handball កីឡា Billard និងកីឡា Bowling៕