ការ​ចេញ​ទៅ​ហាត់​នៅ​ជប៉ុន ធ្វើ​ឲ្យ​ក្រុម​ប្រដាល់​សកល រំពឹង​ឈ្នះ​មេដាយ​ស៊ីហ្គេម

Content image - Phnom Penh Post
កីឡាករ ណាត សៀកនិន (ឆ្វេង) វី ស្រីខួច, លោក វ៉ែន សុផល និង​កីឡាការិនី នូវ ស្រីពៅ ដែលចេញ​​ទៅ​ហាត់នៅជប៉ុន។ ពន្លក

ភ្នំពេញ៖ ​ថ្នាក់​ដឹកនាំ​របស់​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) មាន​ការ​រំពឹង​ថា អត្តពលិក​ឆ្នើម​ទាំង ​៣ ​នាក់ ដែល​បាន​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស ​ជប៉ុន កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ អាច​នឹង​ពង្រឹង​សមត្ថភាព​របស់​ពួក​គេ​ឲ្យ​កាន់​តែ​បាន​ល្អ​ថែម​ទៀត ដើម្បី​ប្រជែង​យក​មេដាយ​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម នៅ​ប្រទេស ហ្វីលីពីន នា​ចុង​ខែ​វិច្ឆិកា និង​ដើម​ខែ​ធ្នូ ឆ្នាំ ​២០១៩ ខាង​មុខ​នេះ។

កីឡាករ​ទម្ងន់ ៥៦ ​គីឡូក្រាម ​ណាត សៀកនិន ​ដែល​គេ​ស្គាល់​ថា​ ជា ​ពេជ្រ​ ម្ទេសខ្មាំង​ ព្រម​ទាំង​​កីឡាការិនី​ វី​ ស្រីខួច​ មាន​ទម្ងន់ ​៦០ ​គីឡូក្រាម​ កីឡា​ការិនី​ទម្ងន់ ​៥១ ​គីឡូក្រាម ​នូវ ​ស្រីពៅ ​និង​​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ប្រដាល់​សកល​ចាស់​វស្សា​ លោក វ៉ែន​ សុផល​​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស ​ជប៉ុន កាល​ពី​ថ្ងៃ​ចន្ទ​​ម្សិលមិញ ដើម្បី​ធ្វើ​ការ​ហ្វឹកហាត់​នៅ​ទី​នោះ​រយៈពេល ​៣ ​ខែ។

នៅ​ក្នុង​ជំនួប​សំណេះ​សំណាល​ ​កាល​ពី​ចុង​សប្តាហ៍​មុន​នេះ ​លោក​ វេជ្ជ​បណ្ឌិត ​ឆឹង យ៉ៅយ៉េន​ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា បាន​​ឲ្យ​ដឹង​ថា​ ​ប្រដាល់​សកល​កម្ពុជា​ទទួល​បាន​ការ​សហការ​ឧបត្ថម្ភ​ពី​សហព័ន្ធ​ប្រដាល់​សកល​នៃ​ប្រទេស ​ជប៉ុន ​រយៈពេល ​៣ ​ខែ ​ដើម្បី​ហាត់​បំប៉ន​បច្ចេកទេស​ពី​គ្រូ​ជំនាញៗ​ នៅ​ទីនោះ គឺ​ពួក​គាត់​នឹង​​ហ្វឹកហាត់​នៅ​​​ជប៉ុន​ ​​រហូត​ដល់​ថ្ងៃ​​ចេញ​ទៅ​ប្រកួត​​ស៊ីហ្គេម​ នៅ​ប្រទេស ​ហ្វីលីពីន ​តែ​ម្តង ​ដោយ​មិន​ត្រឡប់​មក​ប្រទេស កម្ពុជា ​ឡើយ​។​

លោក​បាន​បន្ត​ថា៖ ​«តាម​កម្មវិធី​ពួក​គាត់​នឹង​ហ្វឹហាត់​នៅ​ទីក្រុង​អូសាកា ​តាមរយៈ​ MoU​ រវាង​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា ​និង​ក្លិប​ប្រដាល់​មួយ​របស់​ជប៉ុន​នៅ​អូសាកា​ ដែល​នៅ​ក្រោម​​សហព័ន្ធ​ប្រដាល់​សកល​ប្រទេស ​ជប៉ុន​។ ​ក្លិប​នោះ ​គេ​បាន​ផ្ដល់​អាហា​រូបករណ៍​ សម្រាប់​ការ​ហ្វឹកហាត់​នេះ​ទាំង​សោហ៊ុយ ការ​ធ្វើ​ដំណើរ ហូប​ចុក និង​ស្នាក់នៅ​ ក្នុង​អំឡុង​​ហ្វឹកហាត់​នេះ។ បន្ថែម​​លើ​នេះ​ គេ​ក៏​បាន​​សន្យា​ផ្ដល់​ដល់​កម្ពុជា​នូវ​សម្ភារ​ហ្វឹកហាត់ និង​ផល​ប្រយោជន៍​ជា​ច្រើន​ទៀត​ ដល់​ប្រដាល់​សកល​កម្ពុជា​ ដើម្បី​ស្តារ​មុខ​មាត់​ឈ្នះ​មេដាយ​លើ​ឆាក​អន្តរ​ជាតិ​ឡើង​វិញ»​។

លោក​វេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន​ បាន​បញ្ជាក់​ថា៖​​ «កីឡាករ និង​កីឡាការិនី​ទាំង ​៣ ​នាក់ ដែល​យើង​បាន​ជ្រើសរើស​បញ្ជូន​ឲ្យ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស ​ជប៉ុន លើក​នេះ គឺ​ពួក​គេ​សុទ្ធ​តែ​ជា​អត្តពលិក​ឆ្នើម មាន​បទពិសោធ ​និង​ជា​ទី​សង្ឃឹម​ក្នុង​ការ​ដណ្ដើម​បាន​មេដាយ​ពី​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ​២០១៩ នេះ»​។​

ចំណែក​លោក​ឧត្តមសេនីយ៍​ឯក​ តែម​ ម៉ឺន ​អគ្គ​លេខាធិការ​រង​ NOCC ​និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ បាន​ប្រាប់​ទៅ​អត្តពលិក​ទាំង ​៣ ​នាក់​ឲ្យ​​ខិតខំ​ហ្វឹកហាត់​ និង​រក្សា​ទម្ងន់ ឲ្យ​​បាន​ល្អ​តាម​ការ​កំណត់​ ​ព្រោះ​ការ​​ចាញ់​ដោយ​ស្វ័យ​ប្រវត្តិ ដោយសារ​រក្សា​ទម្ងន់​មិន​បាន​នេះ​គឺ​ជា​ការ​ចាញ់​ដោយ​អាម៉ាស់​។​

លោក​​បញ្ជាក់​ថា​៖ ​«ការ​ចេញ​ទៅ​​ហាត់​នេះ​ ត្រូវ​រក្សា​វិន័យ ​និង​កិត្តិយស​ជា​ខ្មែរ​ឲ្យ​បាន​ជា​ដាច់​ខាត​ ពិសេស​បេក្ខភាព​កីឡាការិនី ​​វី ​ស្រី​ខួច​ និង ​នូវ ​ស្រីពៅ​ ព្រោះ​អ្នក​ទាំង ​២ ​ជា​បេក្ខនារី​ប្រដាល់​ឆ្នើម​បំផុត​ ដែល​សង្ឃឹម​ខ្ពស់ ​ក្នុង​ការ​ឈ្នះ​មេដាយ​។ ​ចំណែក ​ពេជ្រ​ ម្ទេសខ្លាំង ទោះ​ជា​ល្អ​ ប៉ុន្តែ​គេ​នឹង​ជួប​ឧបសគ្គ​ធំ​ ​ព្រោះ​ប្រដាល់​សកល​ផ្នែក​បុរស ​មាន​ប្រទេស​ជា​ច្រើន ​មាន​ប្រៀប​ល្អ​ជាង​យើង ​ដូច​ជា​ម្ចាស់​ផ្ទះ​ ហ្វីលីពីន​ និង​ថៃ ​ជា​ដើម»​។​

សម្រាប់​ការ​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស ជប៉ុន ​នេះ​ដែរ លោក Cassey Barnet នាយក​​វិទ្យាស្ថាន​ខេមអេដ បាន​ជួយ​ឧបត្ថម្ភ​ដល់​កីឡាករ កីឡាការិនី ​និង​គ្រូ​បង្វឹក​ នូវ​ប្រាក់​ចំនួន​ ១ ០០០ ដុល្លារ​ ចំណែក​លោក តែម ម៉ឺន លោក​ ហូ គឹមសៀន​ សមាជិក​គណៈកម្មការ​ទ្រទ្រង់​សហព័ន្ធ ​​និង​លោក ​ហេង សុឃន​ បាន​​ជួយ​ម្នាក់​ ​២០០ ​ដុល្លារ ខណៈ​​​លោក​ ​ឆឹង ​យ៉ៅយ៉េន​ ជូន ​១ ​លាន​រៀល ហើយ​ក៏​មាន​សប្បុរសជន​មួយ​ចំនួន​ទៀត បាន​ចូលរួម​ជួយ​ឧបត្ថម្ភ​ផង​ដែរ ព្រោះ​អ្នក​ទាំង​នេះ​សុទ្ធ​តែ​ចង់​ឃើញ ក្រុម​ប្រដាល់​សកល​កម្ពុជា ដណ្តើម​បាន​មេដាយ នៅ​ស៊ីហ្គេម លើក​នេះ៕