ភ្នំពេញៈ កីឡាករកម្ពុជាមានសមត្ថភាពប្រកួតល្អៗចំនួន ៤ នាក់នឹងត្រូវធ្វើការប្រកួតប្រជែងគ្នានៅថ្ងៃសៅរ៍ខាងមុខនេះដើម្បីស្វែងរកឱកាសឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រដាល់កំពូលជើងឯក TV5 Boxing Knock Out Serie (K-cement) ដោយក្នុងនោះ បឺត សង្ឃឹម ត្រូវជួប ស៊ឹម ប៊ុនឆៃ ខណៈ សៀវ ង៉ុយ ត្រូវប៉ះកីឡាករ ធន អៀងឡៃ។
យ៉ាងណាក៏ដោយនៅក្នុងការប្រកួតជម្រុះជុំទី ៣ ដែលនៅសល់តែកីឡាករ ៨ នាក់នេះកីឡាករ បឺត សង្ឃឹម បានកក់កៅអីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិទៅហើយដោយសារគូប្រកួតរបស់គេ ស៊ឹម ប៊ុនឆៃ ឡើងមកប្រកួតជំនួសកីឡាករ ម៉ន រដ្ឋា ដែលរងរបួសធ្ងន់ធ្ងរដោយគ្រោះថ្នាក់ចរាចរណ៍ ហេតុនេះលទ្ធផលឈ្នះចាញ់ក្នុងការប្រកួតរបស់អ្នកទាំង ២ គេមិនគិតចូលឡើយ។
ទោះជាយ៉ាងណាកីឡាករ បឺត សង្ឃឹម មិនអាចបន្ធូរដៃឲ្យ ស៊ឹម ប៊ុនឆៃ នោះទេ គឺពួកគេនឹងត្រូវប្រកួតគ្នាដោយអស់ពីចិត្ត ដើម្បីរកអ្នកឈ្នះ ចាញ់ ខណៈការប្រកួតជម្រុះផ្លូវការកាលជុំទី ១ បឺតសង្ឃឹម បានឈ្នះ សយ សី ក្លិបពន្លឺវិបុល ដោយពិន្ទុ និងជុំទី ២ គេបានឈ្នះអ្នកប្រដាល់ជើងចាស់ ឆាយ មាស ក្លិបសំរោងកោងខេត្តបាត់ដំបងដោយពិន្ទុ។
ដោយឡែកការវិលមកជួបគ្នារវាង សៀវ ង៉ុយ របស់ក្លិបកងពលធំអន្តរាគមន៍លេខ ២ និង ធន អៀងឡៃ របស់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ដែលធ្លាប់ជាសិស្សប្អូន និងសិស្សច្បងនោះគឺអាចនិយាយបានថា សៀវ ង៉ុយ អាចនឹងស៊ីផុយ។
គួរបញ្ជាក់ថាសម្រាប់ការប្រកួតជម្រុះនៅជុំទី ១ សៀវ ង៉ុយ បានឈ្នះ នួន រ៉ាថេនក្លិបតាឯកដំបងដែកមានរិទ្ធដោយពិន្ទុ និងជុំទី ២ ឈ្នះ ពុទ្ធ ភារិន្ទ ក្លិបពុទ្ធសេរីវង្ស ដោយពិន្ទុចំណែក ធន អៀងឡៃ កាលជុំទី ១ បានឈ្នះ អេរ៉ាវ៉ាន់ ចាន់រាជ ក្លិបកុសលកីឡាដោយពិន្ទុ និងនៅជុំទី ២ គេបានឈ្នះ សេក គឹមសាន្ត ក្លិបអង្គរមានជ័យខេត្តសៀមរាបនៅទឹកទី ១ គឺ ធន អៀងឡៃ ជាកីឡាករជើងថ្មីដែលទើបនឹងខ្លាំងជំនាន់ក្រោយ។
ចំណែកលោក ម៉ាង ម៉ន គ្រូបង្វឹកម្នាក់បានធ្វើការវាយតម្លៃពីសមាសភាព ៤ នាក់ចុងក្រោយដែលអាចឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតប្រដាល់កំពូលជើងឯក TV5 Boxing Knock Out Serie យ៉ាងដូច្នេះថា៖ «អ្នកប្រដាល់ឆ្នើមៗចំនួន ៤ នាក់ដែលអាចនឹងបានឡើងទៅវគ្គបន្ត ខ្ញុំគិតថានឹងមានកូនខ្ញុំ ម៉ន សាម៉េត ជាមិនខានចំណែក ៣ នាក់ទៀតអាចជាកីឡាករ សៀវ ង៉ុយ,បឺត សង្ឃឹម និង គួន ប៊ុនហ៊ីម»។
បន្ថែមទៅលើការប្រកួតជម្រុះជុំទី ៣ កំពូលជើងឯក TV5 Boxing Knock Out Serie គណៈកម្មការបានរៀបចំដាក់ឲ្យប្រកួតមិត្តភាពអន្តរជាតិ ១ គូដែរគឺការជួបគ្នារវាងកីឡាករកម្ពុជា សារឿន ច័ន្ទ របស់ក្លិបតាព្រហ្មមានជ័យ និងអ្នកប្រដាល់ថៃ Phak Langphich ដោយពួកគេប្រកួតគ្នាក្នុងទម្ងន់ ៦០ គីឡូក្រាម ដើម្បីទាក់ទាញមហាជន។
លោក សេង កដិកា នាយកគ្រប់គ្រងកម្មវិធីប្រចាំនៅសង្វៀនប៉ុស្តិ៍លេខ ៥ បានអះអាងថាអ្នកទស្សនានៅសង្វៀនប៉ុស្តិ៍លេខ ៥ របស់លោកពេលនេះមានការពេញនិយមការប្រកួត TV5 Boxing Knock Out Serie ខ្លាំងណាស់ ខណៈដែលបញ្ហាអសកម្មកន្លងមកត្រូវបានយើងធ្វើការដោះស្រាយ និងសម្របសម្រួលឲ្យបានកាន់តែប្រសើរឡើង៕