ភ្នំពេញៈ ការប្រកួតប្រភេទកីឡាប្រដាល់គុនខ្មែរ ដែលត្រូវដាក់ឲ្យប្រកួតនៅពិធីបុណ្យទន្លេនៅខេត្តកំពង់ឆ្នាំងនាល្ងាចថ្ងៃទី ១៥ និងថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០១៩ ត្រូវបានគណៈកម្មការរៀបចំការប្រកួតបានប្រាប់ថា មានចំនួន ១១ គូដែលជាការប្រកួតកម្រិតថ្នាក់ជាតិរវាងកីឡាករខ្មែរ និងខ្មែរមិត្តភាពដកស្រង់បច្ចេកទេស ដើម្បីអបអរសាទរពិធីបុណ្យជូនមហាជនទស្សនាដោយសេរី។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ NOCC និងជាប្រធានគ្រប់គ្រងកម្មវិធីកីឡានៅបុណ្យទន្លេនេះបានប្រាប់ឲ្យដឹងថា៖ «ប្រដាល់គុនខ្មែរចំនួន ១១ គូនឹងត្រូវដាក់ឲ្យប្រកួតចំនួន ២ ថ្ងៃនៅបុណ្យទន្លេក្នុងកម្រិតលក្ខណៈមិត្តភាព ដើម្បីបង្កភាពសប្បាយរីករាយជូនមហាជនទស្សនាដោយយើងពុំមានប្រកួតលក្ខណៈអន្តរជាតិនោះទេ ហើយការរៀបចំនេះគឺអនុវត្តទៅតាមលទ្ធភាពសមត្ថភាពថវិការបស់កម្មវិធី ហើយក៏មិនមែនប្រកួតដណ្តើមពាន ឬខ្សែក្រវាត់អ្វីនោះដែរ គឺមិត្តភាពដកស្រង់បច្ចេកទេសក្នុងកម្រិតមធ្យម»។
លោកបានបន្តថា៖ «កម្មវិធីប្រកួតនេះធ្វើឡើងនៅទីលានកីឡារបស់ខេត្តកំពង់ឆ្នាំងនៅពេលល្ងាចដោយមានសហការជាមួយទូរទស្សន៍អប្សរាក្នុងការផ្សាយផ្ទាល់ពីការប្រកួតនេះ ចំណែកខ្លឹមសារនៃការប្រកួតគឺមិនមែនសម្រួចទៅរកចំណាត់ថ្នាក់ជាចម្បងនោះទេគឺគ្រាន់តែមិត្តភាពជាតិធម្មតា សម្រាប់កម្សាន្តប៉ុណ្ណោះ»។
ចំណែកលោក គង់ ចាន់ធីណា ជំនួយការរៀបចំប្រដាល់គុនខ្មែរឲ្យដឹងថា៖ «សមាសភាពអ្នកប្រដាល់ត្រូវបានរៀបចំតាមការស្ម័គ្រចិត្តដោយមានការសម្របសម្រួល និងណែនាំពីឯកឧត្តមប្រធាន វ៉ាត់ ចំរើន ដែលភាគច្រើនជាកីឡាករជើងថ្មីៗ ហើយខ្ញុំគ្រប់គ្រងផ្ទាល់នៅសមាគមប្រដាល់ក្រសួងមហាផ្ទៃ»។
តាមលោក គង់ ចាន់ធីណា គឺនៅថ្ងៃទី ១៥ ខែមីនា មានការប្រកួត ៦ គូ ក្នុងនោះគូទី ១ ឆៃម៉េងហុង ជួប រ៉ាស រ៉ាយ ក្នុងទម្ងន់ ៥១ គីឡូក្រាម គូទី ២ ចាន់ មឿត ប៉ះ ឡុង សំណាង ក្នុងទម្ងន់ ៦០ គីឡូក្រាម គូទី ៣ មាស ចាន់នឿន ប្រកួតជាមួយ សល់ ស្រស់ ក្នុងទម្ងន់ ៥៤ គីឡូក្រាម គូទី ៤ លី តឿន ត្រូវតទល់នឹង ម៉ិល សារុន ក្នុងទម្ងន់ ៦០ គ.ក្រ គូទី ៥ ម៉ន សាម៉េត ប៉ះ មាស សារ៉ាក់ ក្នុងទម្ងន់ ៥៧ គ.ក្រ ហើយគូទី ៦ ម៉ី ស្លិនសុខ ជួប ឡុង ពិសិដ្ឋ ទម្ងន់ ៥១ គ.ក្រ។
សម្រាប់ថ្ងៃទី ១៦ ខែមីនាវិញមាន ៥ គូក្នុងនោះគូទី ១ ឡុងគឹមហួរ ប៉ះ អឿន សំអូន ក្នុងទម្ងន់ ៥៧ គីឡូក្រាម គូទី ២ ឡុង មីត ប្រកួតជាមួយ ឯម ដារ៉ូ ក្នុងទម្ងន់ ៦០ គីឡូក្រាម គូទី ៣ រឿង សារិទ្ធិ ជួប សយសុខ ក្នុងទម្ងន់ ៥៧ គ.ក្រ គូទី ៤ អូន ចាន់ឡឹង ប៉ះ ភុន សោភ័ណ្ឌក្នុងទម្ងន់ ៦៧ គ.ក្រ ហើយគូទី ៥ កីឡាករ ម៉ន ព្រហ្មម៉ាញ ត្រូវប្រឈមជាមួយ ធា នុរាជ ទម្ងន់ ៦៥ គ.ក្រ៕