ភ្នំពេញ: អ្នក​ប្រដាល់​កម្ពុជា ឃីម ឌីម៉ា ក្លិប​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ជា​ម្ចាស់​មេដាយមាស ស៊ីហ្គេម ឆ្នាំ​ ២០១៧ នឹង​បង្ហាញ​វត្តមាន​ជាថ្មី ដោយ​បើក​ឱកាស​ឲ្យ​កីឡាករ​ចំណូល​ថ្មី​របស់​ថៃ​ឈ្មោះ Kim Young មក​ប្រកួត ក្នុង​លក្ខណៈ​មិត្តភាព​វាស់ស្ទង់​សមត្ថភាព​នៅលើ​សង្វៀន SEATV នា​ល្ងាច​ថ្ងៃ​សៅរ៍​ក្នុង​កម្មវិធី​ជំនួស​គូប្រកួត​ដណ្តើម​ខ្សែក្រវាត់​ខារ៉ាបាវ ដែល​ត្រូវ​សម្រាក​ ២ ​សប្តាហ៍​។


កីឡាករ Kim Young មិន​ធ្លាប់​មក​ប្រកួត​នៅ​ប្រទេស​ កម្ពុជា​ សោះ ហើយ​ត្រូវ​បាន​ក្រុម​អ្នក​តាមដាន​ការប្រដាល់​លាន់មាត់​ថា កីឡាករ​ថៃ​រូប​នេះ​ទំនង​មក​ប្រកួត​ផ្សងសំណាង​ច្រើន​ជាង ដើម្បី​ចង់​ឈ្នះ​ជើង​ខ្លាំង​របស់​កម្ពុជា ប៉ុន្តែ​ប្រភព​ពី​អ្នក​នាំ​កីឡាករ​ថៃ​មក​ប្រកួត​បាន​អះអាង​ថា ការ​ចាញ់ ឬ​ឈ្នះ​នឹង​មាន​លក្ខណៈ​តឹងតែង ឯ​ប្រភព​ខ្លះ​ទៀត​ពី​ភាគី​ថៃ​លាន់មាត់​ថា ឃីម ឌីម៉ា ទោះ​ឈ្នះ ឬ​ចាញ់​ក៏​រូបគេ​នឹង​គ្រាំគ្រា​ជា​មិនខាន​។


ប្រភព​ពី​គណៈកម្មការ​ផ្គូផ្គង​បាន​បង្ហើប​ឲ្យ​ដឹងថា​៖ «Kim Young ជា​អ្នក​ប្រដាល់​ថៃ​លំដាប់​ខ្លាំង​ម្នាក់ ទើប​តែ​មាន​ឈ្មោះ​បោះ​សំឡេង និង​ទើប​តែ​ឈ្នះ​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដ៏ធំ​ ១ ​នៅ​ខេត្ត​ឈៀងរ៉ៃ​ប្រទេស​ ថៃ​ ថ្មីៗ​កន្លង​មក ហើយ​ការ​ហ៊ាន​ដាក់​ពាក្យ​មក​សុំ​ប្រកួត​ជាមួយ​ម្ចាស់​មេដាយមាស​ស៊ីហ្គេម​កម្ពុជា ឃីម ឌីម៉ា ក៏​គេ​មាន​សមត្ថភាព​មិន​ខ្សោយ​នោះ​ទេ​»​។


ចំណែក​លោក ថៃ អ៊ូ ជា​អ្នក​ដឹកនាំ​អ្នក​ប្រដាល់​ថៃ​មក​ប្រកួត​នៅ SEATV បាន​និយាយ​ថា​៖ «​ខ្ញុំ​មិន​ធ្លាប់​បាន​ឃើញ​អ្នកប្រដាល់​ថៃ​រូប​នេះ​ប្រកួត​ទេ តែ​តាម​ប្រធាន​ក្លិប និង​គ្រូបង្វឹក​របស់​គេ​ប្រាប់​ថា វា​ខ្លាំង​គួរសម ហើយ​ប្រសិន​បើ​គេ​ចាញ់ ឬ​ឈ្នះ​ក៏​ ឃីម ឌីម៉ា ទ្រម​ខ្លួន​ដូច​គ្នា​ដែរ​»​។


កីឡាករ​ថៃ Kim Young មាន​កម្ពស់​ ១,៦៩ ​ម៉ែត្រ​ទម្ងន់​ ៦៣,៥ ​គីឡូក្រាម​ធ្លាប់​ប្រកួត​ ៧២ ​ដង ឈ្នះ​ ៥៩ ចាញ់​ ១១ និង​ស្មើ​ ២ ​ដង ហើយ​សម្រាប់​ប្រកួត​ចុងក្រោយ​នៅ​ក្នុង​ព្រឹត្តិការណ៍​ចម្រុះ​ជាតិសាសន៍​នៅ​ខេត្ត​ឈៀងរ៉ៃ​ទឹកដី​ថៃ គេ​បាន​ឈ្នះ​។ រីឯ​ជើងខ្លាំង ឃីម ឌីម៉ា ធ្លាប់​ប្រកួត​ ១០៧ ​ដង ឈ្នះ​ ៩៣ ចាញ់​ ១២ និង​ស្មើ​ ២ ​ដង ហើយ​គិត​ត្រឹម​ក្រោយ​ឈ្នះ​មេដាយមាស កីឡា​ស៊ីហ្គេម ឆ្នាំ​ ២០១៧ ឌីម៉ា​ប្រកួត​ចាញ់​ចំនួន​ ៣ ​ដង ក្រៅពី​នេះ​ឈ្នះ​ទាំងអស់​ប្រហែល​ ១៥ ​ដង​។


លោក ហេង ប៊ុនឃីម ដែល​ជា​ពុក និង​ជា​គ្រូបង្វឹក​របស់ ឃីម ឌីម៉ា បាន​ប្រាប់​ថា​៖ «​ឌីម៉ា​កំពុង​ហ្វឹកហាត់​យក​កម្លាំង​ត្រៀម​ប្រកួត​មិន​ឲ្យ​ចាញ់​ទេ ប៉ុន្តែ​យើង​មិន​ត្រូវ​មើលងាយ​ដៃគូ​ឡើយ​ព្រោះ​គេ​ក៏​ហាត់ យើង​ក៏​ហាត់​។ ទោះ​ជា​យ៉ាងណា​ខ្ញុំ​មាន​ជំនឿ​ចិត្ត​ថា កូនប្រុស​របស់​ខ្ញុំ​នឹង​ប្រឹង​វាយ​ឲ្យ​អស់​ពី​សមត្ថភាព ប៉ុន្តែ​គ្នា​មិន​ចេះ​និយាយ​ច្រើន​ទេ​»​។

លោក ហេង ប៊ុនឃីម បាន​បន្ថែម​ថា​៖ «​ការប្រកួត​ចាញ់​កន្លង​មក ឌីម៉ា មិន​ដែល​ខឹង ឬ​តវ៉ា​ជាមួយ​នឹង​គណៈកម្មការ​នោះ​ទេ ប៉ុន្តែ​បណ្តាញ​ព័ត៌មាន​មួយ​ចំនួន​និយាយ​ពន្លើស​បន្ថែម​ធ្វើឲ្យ​គេ​ខឹង​វា​។ រឿង​ចាញ់ ឬ​ឈ្នះ វា​ជា​រឿង​ធម្មតា​របស់​អ្នក​កីឡា បើ​យើង​ខ្សោយ​គឺ​គេ​ឈ្នះ តែ​បើ​យើង​ខ្លាំង​អ្វីៗ​គឺ​ទទួល​បាន​លទ្ធផល​ល្អ​»​។ ចំណែក ឌីម៉ា និយាយ​ថា​ដឹង​តែ​ពី​វ៉ៃ​អស់​ពី​សមត្ថភាព រឿង​លទ្ធផល​មិន​ហ៊ាន​និយាយ​ទេ​។

ចំណែក​កីឡាករ ប៊ុន សុធា ត្រូវ​ជួប​ថៃ Chhart Phat ក្នុង​ទម្ងន់​ ៥៤ ​គីឡូក្រាម​។ សុធា ដែល​ល្អ​ជង្គង់ និង​កែង​នោះ​ធ្លាប់​ប្រកួត​បាន​ ៥៣ ​ដង ឈ្នះ​ ៤៧ ចាញ់​៥ និង​ស្មើ​ ១ ​ដង ចំណែក Chhart Phat ធ្លាប់​ប្រកួត​បាន​ ៤៨ ​ដង ឈ្នះ​ ៤០ ចាញ់​ ៧ និង​ស្មើ​ ១ ​ដង​៕