ភ្នំពេញៈ សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​បាន​បង្ហាញ​ពី​មោទនភាព ដែល​ទទួល​បានការ​គាំទ្រ​ថវិកា​ពី​វិស័យ​ឯកជន គឺ​ក្រុមហ៊ុន​អាហារ​បំប៉ន Herbalife បាន​ឧបត្ថម្ភ​ធំ​នូវ​ទឹកប្រាក់​ចំនួន​ ២០៧០០ ​ដុល្លារ ដើម្បី​ទ្រទ្រង់​ដល់​ការប្រកួត​កីឡា​ទោចក្រយាន​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​ ២០២០ ដែល​បាន​លើក​យកមក​ធ្វើ​នៅ​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​នេះ​ក្នុង​ខេត្តសៀមរាប​។


លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​បាន​និយាយ​នៅក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​អង្គារ​ថា​៖ «​ការប្រកួត​ថ្នាក់ជាតិ​ឆ្នាំ​នេះ មាន​លក្ខណៈពិសេស​ជាង​ឆ្នាំមុនៗ ព្រមទាំង​ធំ និង​ល្អ​ជាង ដោយសារ​សហព័ន្ធ ស្វែងរក​បាន​ការជួយ​ឧបត្ថម្ភ​ពី​វិស័យ​ឯកជន បន្ថែម​ពីលើ​ប្រាក់​របស់​ក្រសួង​អប់រំ​គឺ​ក្រុមហ៊ុន Herbalife បាន​ឧបត្ថម្ភ​ធំ ចំពោះ​ព្រឹត្តិការណ៍​នេះ​នូវ​ថវិកា​ចំនួន ២០៧០០ ​ដុល្លារ​»​។

ការទទួល​បាន​ការឧបត្ថម្ភ​ធំ​ពី​ក្រុមហ៊ុន​ឯកជន គឺ​ស្រប​ពេលដែល​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​ចាប់ផ្តើម​ពង្រឹងគុណភាព​នៃ​ការប្រកួត តាម​ទម្រង់​ស្តង់ដា​អន្តរជាតិ ដើម្បី​សម្រួច​គោលដៅ​ទៅកាន់​ការប្រកួត​ស៊ីហ្គេម​ដោយ​អ្នកឈ្នះ​ជយលាភី​នឹង​ត្រូវ​បានជ្រើសរើស​ជា​អត្តពលិក​សម្រាប់​ក្រុម​ជម្រើសជាតិ ឆ្នាំ​ ២០២១ ហើយ​ពួកគេ​ក៏​ទទួល​បាន​ប្រាក់រង្វាន់​ច្រើនជាង​មុន ពី​ការប្រកួត​ថ្នាក់ជាតិ​នេះ​។


លោក ចំរើន បាន​បញ្ជាក់ថា​៖ «​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​ ២០២០ គឺជា​ឆ្នាំ​ដ៏សំខាន់​មួយ​ដែល​សហព័ន្ធ ចាប់ផ្តើម​ពង្រឹងគុណភាព​បច្ចេកទេស និង​មន្ត្រី​គណៈកម្មការ​តាម​ទម្រង់​ស្តង់ដា​អន្តរជាតិ ដើម្បី​សម្រួច​គោលដៅ​ឆ្ពោះទៅ​ស៊ីហ្គេម​លើក​ទី​ ៣១ ឆ្នាំ​ ២០២១ ​នេះ​នៅ​វៀតណាម និង​ស៊ីហ្គេម​លើក​ទី​ ៣២ ឆ្នាំ​ ២០២៣ ដែល​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​»​។


តាម​លោក នូ ចំរើន គឺ​ការប្រកួត​ថ្នាក់ជាតិ​នេះ​មាន​ប្រតិភូ គ្រូបង្វឹក និង​អត្តពលិក​ចូលរួម​សរុប​ ៣១៩ ​នាក់​មកពី​ ២៤ ​ក្លិប​ហើយ​មាន​មន្ត្រី​ស្ម័គ្រចិត្ត​រួមជាមួយ​គណៈកម្មការ​បច្ចេកទេស​ចន្លោះ​ពី​ ៥០០ ដល់​ ៥៥០ ​នាក់ ដើម្បី​ជួយ​រៀបចំ​ឱ្យ​ដំណើរការ​ប្រកួត​នេះ​បាន​រលូន ស្របតាម​បទដ្ឋាន​អន្តរជាតិ​។


ជាមួយ​គ្នា​នេះ​ក្លិប​ម៉ូតូ​ធំ BMW ក៏​នឹងចូលរួម​ជួយ​សម្រួល​លើ​វិញ្ញាសា​កង់គួក ដែល​ពួកគេ​សុទ្ធតែជា​កីឡាករ​មាន​សមត្ថភាព និង​បទពិសោធ​ខ្ពស់ ហើយ​ធ្លាប់​ចូលរួម​រៀបចំ​ការប្រណាំង​កង់​ពិភពលោក​នៅ​កម្ពុជា​កាលពី​ដើម​ឆ្នាំ​ ២០២០​។ ចំណែក​ក្រុម​ជ្រើសរើស​ប្រចាំឆ្នាំ សហព័ន្ធ ដាក់​ឱ្យ​ប្រកួតប្រណាំង​កង់គួក ចម្ងាយ​ ១៥០ ​គីឡូម៉ែត្រ និង​ប្រណាំង​កង់​ភ្នំ ចម្ងាយ​ ៤៣ ​គីឡូម៉ែត្រ​។

លោក នូ ចំរើន បាន​បញ្ជាក់ថា​៖ «​ដោយ​អនុវត្តតាម​ផែនការ​យុទ្ធសាស្ត្រ​របស់​សហព័ន្ធ និង​មានការ​ឯកភាព​ពី​ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ជា​ប្រធាន​សហព័ន្ធ គឺ​យើង​បានដាក់​ចេញ​នូវ​ការពង្រឹង​សមត្ថភាព​គណៈកម្មការ​បច្ចេកទេស និង​គណៈកម្មកា​រៀបចំ​ក្នុង​ដំណើរ​ឈាន​ទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ ក៏ដូចជា​ការប្រកួត​កីឡា​ទោចក្រយាន​លើ​ឆាក​អន្តរជាតិ​ផ្សេងៗ​នាពេល​ខាងមុខ ហើយ​តាមរយៈ​ការប្រកួត​នេះ​បាន​ផ្តល់​ឱកាស​ដល់​ក្រុម​អត្តពលិក​ជាច្រើន​មកពី​រាជធានី-ខេត្ត ក្នុងប្រទេស​កម្ពុជា​បាន​បង្ហាញ​នូវ​ទេពកោសល្យ សមត្ថភាព ទៅតាម​ជំនាញ​នៃ​ការប្រកួតប្រជែង​របស់​ពួកគាត់​ផង​ដែរ​»៕