ក្រុង​ស៊ូវ៉ា៖ កីឡាករ​បាល់​ឱប​ជម្រើស​ជាតិ​ប្រទេស​ ​ហ្វ៊ីជី ចំនួន ​២ រូប​ ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​មិន​គោរព​តាម​ច្បាប់​របស់​ជាតិ​ប៉ាស៊ីហ្វិក ដែល​តម្រូវ​ឲ្យ​នៅ​ដាច់​ពី​គ្នា​ ដើម្បី​ទប់ស្កាត់​វីរុស​កូរ៉ូណា ដោយ​អាជា្ញធរ​មូលដ្ឋាន​បាន​និយាយ​ថា ​អាកប្បកិរិយា​ព្រងើយ​កន្តើយ​នេះ នឹង​ត្រូវ​ផ្ដល់​ព័ត៌មាន​ឲ្យ​ទៅ​ស្ថាប័ន​​គ្រប់គ្រង​បាល់​ឱប​របស់​ពិភព​លោក​។


ទោះបី​យ៉ាងណា កីឡាករ​ទាំង ​២ ​រូប​នោះ​មិន​ត្រូវ​បាន​គេ​បង្ហាញ​អត្តសញ្ញាណ​ឲ្យ​ដឹង​នោះ​​ទេ ប៉ុន្តែ​សមាគមបាល់​ឱប​នៃ​ប្រទេស​ ​ហ្វ៊ីជី បាន​អះអាង​ថា ​ពួក​គេ​ជា​កីឡាករ​អាជីព ខណៈ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ធ្វើ​ការ​រាយការណ៍​ផ្សេង​​ថា ​ជា​កីឡាករ​​លេង​នៅ​កម្មវិធី​ប្រកួត ដែល​កំណត់​អ្នក​លេង​​ត្រឹម ​៧ ​នាក់ (sevens players) ​​និង​ជា​កីឡាករ​ក្រុម​ជម្រើស​ជាតិ​។​​​ 

ក្រុម​ជម្រើស​ជាតិ​ហ្វ៊ីជី គឺ​ជា​ម្ចាស់​មេដាយ​មាស​អូឡាំពិក​រដូវ​ក្ដៅ កាល​ឆ្នាំ ​២០១៦ នៅ​ប្រេស៊ីល​សម្រាប់​​វិញ្ញាសា​បាល់ឱប​កីឡាករ ៧ នាក់ និង​កំពុង​​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី ​៣ នៅ​ក្នុង​ព្រឹត្តិការណ៍ World Rugby Sevens Series រដូវកាល​ឆ្នាំ​ ២០១៩-២០២០ ដែល​ពេល​នេះ​ត្រូវ​បាន​ផ្អាក​ហើយ ដោយសារ​ការ​រាល​ដាល​វីរុស​កូរ៉ូណា​។


លោក​នាយក​រដ្ឋមន្ត្រី Frank Bainimarama បាន​ចោទ​ប្រកាន់​កីឡាករ​ទាំង ​២ នោះ​ថា ​បាន​ដាក់​ប្រទេស ​ហ្វ៊ីជី ទាំង​មូល​ទៅ​ក្នុង​គ្រោះ​ថ្នាក់​។ លោក​នាយក​រដ្ឋមន្រ្តី​មាន​ប្រសាសន៍​ថា​៖ ​«​កីឡាករ​ម្នាក់​ដែល​បាន​មក​ពី​ប្រទេស ​សិង្ហបុរី មាន​ហានិភ័យ​ខ្ពស់​បំផុត ក្នុង​ការ​ឆ្លង​វីរុស​ ពេល​នៅ​បរទេស​នោះ ហើយ​បន្ទាប់​មក​បាន​គេច​ពី​ការ​ដាក់​ឲ្យ​នៅ​ដោយ​ឡែក​ពី​គេ នៅ​​មន្ទីរ​ពេទ្យ​ហ្វ៊ីជី​»​។


លោក Bainimarama បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​៖ ​«​សំណាង​មិន​ល្អ ដែល​ជំហាន​របស់​គាត់​មិន​អាច​ទៅ​ណា​ឆ្ងាយ​ពី​​កម្លាំង​ប៉ូលិស។ គាត់​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ​ឯង នៅ​ឯ​មន្ទីរពេទ្យ​ Nadi​»​។


នាយក​ប្រតិបត្តិ​សហព័ន្ធ​បាល់ឱប​ហ្វ៊ីជី លោក John O''Connor បាន​និយាយ​ថា​៖ ​«សហព័ន្ធ​កីឡា​បាល់​ឱប​ហ្វ៊ីជី នឹង​ចាត់​វិធាន​ការ​វិន័យ​សម​ស្រប​ទល់​នឹង​កីឡាករ​បាល់​ឱប​អាជីព​ទាំង​អស់​រួម​ទាំង​ការ​រាយការណ៍​អំពី​អាកប្បកិរិយា ​ដែល​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​នេះ​ដល់​ក្លិប​របស់​ពួក​គេ និង​សហព័ន្ធ​បាល់​ឱប​ពិភព​លោក​»​។

លោក O''Connor បាន​បន្ត​ទៀត​ថា​៖ ​«​គ្រួសារ​បាល់​ឱប​របស់​ប្រទេស​ ​ហ្វ៊ីជី ចង់​លុប​បំបាត់​ការ​ខក​ចិត្ត​ដ៏​ធំ ចំពោះ​អាកប្បកិរិយា​ដ៏​ខ្ជីខ្ជា​របស់​កីឡាករ​ទាំង ​២ នាក់ ដែល​កំពុង​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​ពួក​គេ និង​ប្រជាជន​ហ្វ៊ីជី​ផ្សេង​ទៀត​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​»​។​

លោក​នាយក​ប្រតិបត្តិ​ John O''Connor បាន​និយាយ​បន្ថែម​ចុង​ក្រោយ​ថា​៖​ «​អំពើ​ដែល​ខ្វះ​ភាព​ចាស់​ទុំ​នេះ គឺ​ខុស​ឆ្គង​ទាំង​ស្រុង ហើយ​យើង​អត់​មាន​ការ​ជំទាស់​អ្វី​ឡើយ​ ចំពោះ​ការ​អនុវត្ត​របស់​សមត្ថកិច្ច​ ដែល​ចាប់​ខ្លួន​គេ​ទាំង​ ២ ​នាក់​​ ហើយ​ក៏​គាំទ្រ​ផង​ដែរ​រាល់​វិធានការ​ទាំង​ឡាយ​ណា​ ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​ចំពោះ​ពួក​គេ​»​៕ AFP/VN