ភ្នំពេញ៖ ​អ្នក​ជំនាញ​របស់​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា (FFC) និង​មន្រ្តី​កីឡា​តំណាង​ឲ្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ធ្វើ​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​បើក​ឲ្យ​ដំណើរការ​របស់​សាលា​បាល់ទាត់​អន្តរជាតិ​ប្រេស៊ីល​នៅ​កម្ពុជា ហៅ​កាត់​ថា BIFA Cambodia ដោយ​ពួក​គាត់​សុទ្ធ​តែ​យល់​ថា ​សាលា​ដែល​ប្រមូល​ផ្តុំ​ដោយ​គ្រូ​បង្វឹក​ជា​​អ្នក​ជំនាញ និង​ជា​អតីត​កីឡា​ល្បីៗ​មក​ពី​ប្រេស៊ីល​មួយ​នេះ នឹង​រួម​ចំណែក​ជួយ​ឲ្យ​វិស័យ​បាល់​ទាត់​នៅ​កម្ពុជា​កាន់​តែ​មាន​ភាព​រីក​ចម្រើន​ស្រប​ទៅ​តាម​ស្តង់ដា​អន្តរជាតិ​យ៉ាង​ពិត​ប្រាកដ។


លោក កែវ សារ៉េត អគ្គលេខាធិការ FFC បាន​ថ្លែង​ថា៖ ​«ក្នុង​នាម​ឲ្យ​ FFC ខ្ញុំ​សូម​អបអរ​សាទរ​ជាមួយ​នឹង​ក្រុមហ៊ុន​រៀល​លាន​នែរ ដែល​បាន​ខិតខំ​រៀបចំ​ឲ្យ​មាន​សាលា​បាល់ទាត់​អន្តរជាតិ​ប្រេស៊ីល​ប្រចាំ​នៅ​កម្ពុជា​យើង ដូច្នេះ​យើង​សង្ឃឹម​ថា ទៅ​ថ្ងៃ​អនាគត​យុវជន​របស់​យើង​នឹង​មាន​របៀប​លេង​បាល់ទាត់​មួយ ទៅ​តាម​ទម្រង់​របស់​ប្រេស៊ីល​ អ៊ីចឹង​ភាព​អវិជ្ជមាន​ក្នុង​វ័យ​យុវជន នឹង​ត្រូវ​កាត់​បន្ថយ​ហើយ​កីឡា​បាល់ទាត់​ប្រាកដ​ជា​មាន​ការ​រីក​ចម្រើន​ខ្លាំង»។


ចំណែក​លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​តំណាង​ឲ្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ថ្លែង​ថា៖ ​«ខ្ញុំ​សូម​កោត​សរសើរ និង​វាយ​​តម្លៃ​ខ្ពស់​ចំពោះ​ ក្រុមហ៊ុន​រៀល​លាន​នែរ ដែល​បាន​សហការ​ជាមួយ BIFA បង្កើត​ឲ្យ​មាន BIFA Cambodia នៅ​ក្នុង​គោលបំណង​ផ្តល់​សេវាកម្ម​​បណ្តុះបណ្តាល​បាល់​ទាត់​ទៅ​តាម​ស្តង់ដា​ប្រេស៊ីល អ៊ីចឹង​ក្រសួង​​​អប់រំ សូម​អបអរ​សាទរ​កោត​សរសើរ និង​សូម​ឲ្យ BIFA Cambodia ដំណើរការ​បាន​ល្អ​ប្រសើរ និង​ផលិត​បាន​កីឡាករ​ល្អៗ​សម្រាប់​កម្ពុជា និង​ក្នុង​តំបន់»។


យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​ពិធី​​បើក​សម្ពាធ​ជា​ផ្លូវ​ការ​របស់​ BIFA Cambodia នៅ​សណ្ឋាគារ​​ណាហ្គាវើល​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ ទាំង​លោក គុយ ប៉ាន់ឆ័យ អគ្គ​នាយក​ក្រុមហ៊ុន​រៀលលាននែរ (Riellionaire) ដែល​ជា​ក្រុមហ៊ុន​នាំយក BIFA មក​កាន់​ប្រទេស ​កម្ពុជា លោក Ricardo Alves Fernandes ជា​ស្ថាបនិក​របស់​សាលា​បាល់ទាត់​អន្តរជាតិ​ប្រេស៊ីល (BIFA) និង ​លោក D.W Daniel នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Riellionaire សុទ្ធ​តែ​បាន​សម្តែង​ការ​សោកស្តាយ និង​សូមទោស​ចំពោះ​​ការ​ខកខាន​មិន​បាន​មក​កម្ពុជា​របស់​វីរបុរស​បាល់ទាត់​​ប្រេស៊ីល លោក Roberto Carlos ទៅ​តាម​អ្វី​ដែល​បាន​គ្រោង​ទុក។


លោក គុយ ប៉ាន់ឆ័យ បាន​ថ្លែង​ថា៖ «​ខ្ញុំ​មាន​ការ​សោកស្តាយ និង​សូមទោស​ទៅ​ដល់​ភ្ញៀវ​កិត្តិយស​ទាំង​អស់​សម្រាប់​ការ​ខកខាន​របស់ លោក Roberto Carlos ដែល​ជា​តួឯក​នៅ​ក្នុង​កម្មវិធី​របស់​យើង។ ទោះ​យ៉ាងណា​ក្រុមហ៊ុន​រៀល​លាននែរ មាន​កិត្តិយស​ខ្លាំង​ណាស់ ដែល​បាន​ធ្វើ​ការ​ជាមួយ BIFA ក្នុង​ការ​នាំ​យក​ សាលា​​បាល់ទាត់​អន្តរជាតិ​ប្រេស៊ីល​មក​កាន់​ប្រទេស ​កម្ពុជា ដើម្បី​ចូល​រួម​ចំណែក​ជាមួយ​​ FFC និង​ក្រសួង​អប់រំ​ក្នុង​ការ​ជំរុញ​ឲ្យ​វិស័យ​មួយ​នេះ អាច​ឈាន​ទៅ​ដល់​កម្រិត​មួយ ដែល​អាច​ប្រកួត​ប្រជែង​ជាមួយ​គេ​បាន​ពិសេស​ការ​ត្រៀម​ខ្លួន ក្នុង​ស៊ីហ្គេម ឆ្នាំ ​២០២៣ ដែល​ត្រូវ​ធ្វើ​នៅ​កម្ពុជា»។


យ៉ាង​ណា​ក៏​ដោយ លោក Roberto Carlos ដែល​គ្រោង​មក​ដល់​កម្ពុជា​កាល​ពី​យប់​ថ្ងៃ​អង្គារ​ក៏​បាន​បង្ហាញ​ការ​សោកស្តាយ ចំពោះ​ការ​ខកខាន​នេះ​ដែរ។ លោក​បាន​ថ្លែង​តាមរយៈ​វីដេអូ​ឡាយ​ថា លោក​បាន​ជួប​បញ្ហា​លំបាក​មួយ​ក្នុង​ពេល​​ផ្លាស់ប្តូរ​ជើង​ហោះហើរ​នៅ​ឌូបៃ ដែល​មិន​អាច​ឲ្យ​លោក​បន្ត​ដំណើរ​មក​កាន់​ប្រទេស ​កម្ពុជា ​បាន។

អតីត​កីឡាករ​ដ៏​ឆ្នើម​​ប្រេស៊ីល​មាន​រហស្សនាម​ជើង​ឆ្វេង​គ្មាន​ស្រមោល លោក Roberto Carlos បាន​បន្ថែម​ថា៖ ​«​ខ្ញុំ​ពិត​ជា​មាន​ការ​សោកស្តាយ ចំពោះ​ការ​ខកខាន​នេះ និង​សូម​ទោស​ដល់​អ្នក​ឧបត្ថម្ភ​ទាំង​អស់ ពិសេស​គណៈ​គ្រប់គ្រង​របស់ BIFA Cambodia ព្រោះ​​នេះ​ជា​ការ​ខកខាន​ដ៏​ធំ​មួយ ដែល​ខ្ញុំ​មិន​ធ្លាប់​​ជួប​ប្រទះ​ស្ថានភាព​ណា ដែល​ពិបាក​បែប​នេះ​​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​​នឹង​រៀបចំ​កាល​វិភាគ​ថ្មី ដើម្បី​​ធ្វើ​ដំណើរ​មក​កាន់​​ប្រទេស ​កម្ពុជា នៅ​ពេល​ក្រោយ»៕