ភ្នំពេញ៖ ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឈាន​ដល់​ផ្អាក​ការ​លេង​កីឡា ឬ​ការ​ហាត់​ប្រាណ​គ្រប់​ប្រភេទ ដែល​មាន​លក្ខណៈ​ប្រមូល​ផ្តុំ​នៅ​តាម​ទីតាំង​កីឡដ្ឋាន​សាធារណៈ និង​ឯកជន​ជា​បណ្តោះ​អាសន្ន ដើម្បី​ចូលរួម​​ប្រយុទ្ធ​ប្រឆាំង​ការ​រីក​រាល​ដាល​ជំងឺ​ឆ្លង​កូវីដ ​១៩ នៅ​​កម្ពុជា។ នេះ​បើ​តាម​សេចក្តី​ណែនាំ​​របស់​ក្រសួង ដែល​បាន​ជម្រាប​ជូន​ទៅ​ដល់​លោក លោកស្រី​​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ ខេត្ត កាល​ពី​ថ្ងៃ​អង្គារ។


សេចក្តី​ណែនាំ​ដែល​មាន​ការ​ចុះ​ហត្ថលេខា​​ពី​លោក​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួងអប់រំ យុវជន និង​កីឡា ​នេះ គឺ​ជា​ការ​​វិធានការ​កាន់​តែ​តឹងតែង ព្រោះ​កន្លង​មក​ក្រសួង​អប់រំ​បាន​ចេញ​សេចក្តី​ណែនាំ ត្រឹម​ផ្អាក​ដំណើរ​ការ​អាជីវកម្ម​ក្លិប​ហាត់ប្រាណ និង​កំណត់​ការ​លេង​កីឡា និង​ហាត់ប្រាណ មិន​ឲ្យ​មាន​គ្នា​លើស​ពី ​១០ ​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​លើក​នេះ​ គឺ​ផ្អាក​ការ​លេង​កីឡា ឬការ​ហាត់​ប្រាណ​គ្រប់​ប្រភេទ​ទាំង​អស់​តែ​ម្តង។


នៅ​ក្នុង​សេចក្តី​ណែនាំ​ថ្មី​នេះ បាន​បញ្ជាក់​ថា៖​ «​តប​តាម​កម្មវត្ថុ​ខាង​លើ ខ្ញុំ​សូម​ជម្រាប​ជូន​ឯក​ឧត្តម លោក​ជំទាវ ជ្រាប​ថា កន្លង​មក​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្តី​ណែនាំ​ស្តីពី​ការ​ផ្អាក​ដំណើរការ​អាជីវកម្ម​ក្លិប​ហាត់​ប្រាណ​ជា​បណ្តោះ​អាសន្ន និង​ការ​កំណត់​ការ​លេង​កីឡា ឬ​ហាត់​ប្រាណ ដែល​មាន​លក្ខណៈ​ប្រមូល​ផ្តុំ មិន​ឲ្យ​លើស​ពី ​១០ ​នាក់​ រួច​មក​ហើយ»។


សេចក្តី​ណែនាំ​ដដែល​នេះ បាន​បញ្ជាក់​ថា៖ ​«ក្នុង​ស្មារតី​បង្កើត​ការ​ចូលរួម​បង្ការ និង​ទប់ស្កាត់​​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ ១៩ ក្រសួង អប់រំ យុវជន និង​កីឡា សូម​ស្នើ​ផ្អាក​ការ​លេង​​កីឡា ឬ​ការ​ហាត់​ប្រាណ​គ្រប់​ប្រភេទ ដែល​មាន​លក្ខណៈ​ប្រមូល​ផ្តុំ ជា​បណ្តោះ​អាសន្ន​នេះ ចាប់​ពី​ពេល​នេះ​តទៅ រហូត​ដល់​ស្ថានភាព​នៃ​ការ​រីក​រាល​ដាល​នេះ ត្រូវ​បាន​បញ្ចប់។ សេចក្តី​ដូច​​បាន​ជម្រាប​ជូន​ខាង​លើ សូម​ឯកឧត្តម លោក​ជំទាវ​ជ្រាប និង មាន​ចំណាត់​ការ​បន្ត ស្រប​តាម​សមត្ថកិច្ច​របស់​ខ្លួន ឲ្យ​មាន​​ប្រសិទ្ធភាព​ខ្ពស់»៕