ភ្នំពេញ៖ សមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង បានខិតកាន់តែកៀកក្នុងការឈ្នះកៅអីឡើងទៅលេងនៅលីគកំពូលកម្ពុជារដូវកាលឆ្នាំ ២០២១ នេះ បន្ទាប់ពីពួកគេបានបន្តរកឃើញជ័យជម្នះលើក្រុមមន្ទីរអយកខេត្តត្បូងឃ្មុំ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ ១ នៃការប្រកួតជម្រើសជើងឯកកម្ពុជាលីគ ២ ឆ្នាំ ២០២០ ដែលទើបបញ្ចប់ការប្រកួតវិលជុំទាំង ៩ លើកពីថ្ងៃអង្គារ។
សម្រាប់ការប្រកួតវិលជុំទាំង ៩ ចុងក្រោយនៅទីលានប៊ុនរ៉ានី ហ៊ុនសែនមេមត់ កាលពីថ្ងៃអង្គារនោះ ក្រុមខេត្តព្រែវែង ដែលបានផ្តាច់ខ្លួនចេញពីក្រុមយុវជនថ្នាលរបស់ក្លិបវិសាខានោះ បានយកឈ្នះក្រុមមន្ទីរអយកខេត្តត្បូងឃ្មុំ ទាំងលំបាកក្នុងលទ្ធផល ៣-២ ហើយជ័យជម្នះនេះ បានជួយឱ្យខេត្តព្រៃវែង បានបញ្ចប់ការប្រកួតទាំង ៩ លើករបស់ខ្លួន ដោយមិនស្គាល់ការចាញ់សោះ គឺឈ្នះ ៧ និងស្មើ ២ ដង មាន ២៣ ពិន្ទុ។
ជាមួយលទ្ធផលនេះ បានជួយឱ្យក្រុមខេត្តព្រៃវែង ឡើងទៅឈរចាំនៅវគ្គផ្តាច់ព័ត្រទៅតាមរូបមន្តដែលបានកំណត់ ដោយរង់ចាំក្រុមដែលទទួលបានជ័យជម្នះនៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈវគ្គ ១/២ ផ្តាច់ព្រ័ត្រនេះ ក៏មានក្រុម U21 កងយោធពលខេមរភូមិន្ទ (U21 ទ័ព) ឈរចាំផងដែរ ព្រោះ U21 ទ័ព បានយកឈ្នះអាយអេសអាយដង្កោសែនជ័យ ១-០ កាលពីថ្ងៃអង្គារនោះដែរ ដើម្បីឈរនៅលេខ ២ ដោយមាន ២៣ ពិន្ទុ ស្មើខេត្តព្រៃវែង តែមានគ្រាប់បាល់ចំណេញតិចជាង ១២ គ្រាប់។
ចំណែក ក្រុម U21 ភ្នំពេញក្រោន បានយកឈ្នះក្រុមម្ចាស់ផ្ទះបាល់ទាត់សៀមរាប ៣-០ សម្រាប់ការប្រកួតចុងក្រោយ ដើម្បីឈរនៅលេខ ៣ មាន ១៦ ពិន្ទុ ស្មើជាមួយក្រុម អាយអេសអាយដង្កោសែនជ័យ ដែលឈរនៅលេខ ៤ ហើយក្រុមទាំង ២ ក៏នឹងត្រូវប្រកួតខ្វែងជាមួយគ្នាផងដែរ ដែលត្រូវធ្វើនៅថ្ងៃសៅរ៍ខាងមុខនេះ ចំណែកក្រុមឈ្នះ នឹងត្រូវឡើងទៅជួបក្រុម U21 ទ័ព នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលគ្រោងធ្វើនៅថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២១។
តាមលក្ខខណ្ឌនៃការប្រកួតបានបង្ហាញឱ្យឃើញថា ក្រុមខេត្តព្រៃវែង មានឱកាសច្រើនបំផុត គឺចូល ៩០ ភាគរយទៅហើយក្នុងការបានឡើងទៅលេងនៅលីគកំពូលកម្ពុជា ឆ្នាំ ២០២១ ព្រោះក្រុម U21 ភ្នំពេញក្រោន និងក្រុម U21 ទ័ព ដែលមានក្រុមធំរបស់ពួកគេលេងនៅលីគកំពូលស្រាប់នោះ មិនត្រូវបានអនុញ្ញាតឱ្យឡើងទៅលេងនៅលីគកំពូលនោះទេ បើទោះបីជាពួកគេប្រជែងបានតំណែងជើងឯកក្នុងការប្រកួតនេះក៏ដោយ។
ហេតុនេះឧបសគ្គរបស់ខេត្តព្រៃវែងនៅសល់តែក្រុមអាយអេសអាយដង្កោសែនជ័យមួយប៉ុណ្ណោះ មានន័យថា បើក្រុមនេះ មិនអាចឡើងដល់វគ្គផ្តាច់ព្រ័ត្រទេ គឺ ខេត្តព្រៃវែង នឹងបានឡើងទៅលេងនៅលីគកំពូលដោយស្វ័យប្រវត្តិតែម្តង។ ចំណែកក្រុមខេត្តត្បូងឃ្មុំ ឈរនៅលេខ ៥ ខេត្តសៀមរាប ឈរនៅលេខ ៦ ក្រុមឬទ្ធីសែន ឈរនៅលេខ ៧ កោះកុងអេហ្វស៊ី ឈរនៅលេខ ៨ ខេត្តស្វាយរៀង ឈរនៅលេខ ៩ និងខេត្តកំពង់ស្ពឺ ឈរនៅលេខ ១០ ក្រោយគេបានធ្លាក់ និងលែងមានឱកាសប្រជែងទៀតហើយ៕