ភ្នំពេញ៖ ក្រុម​លីក​កំពូល​កម្ពុជា ទាំង ​១៤ ​ក្រុម ដែល​បាន​សម្រាក ​២ សប្តាហ៍ ដើម្បី​ទុក​ពេល​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា ​ប្រកួត​ជម្រុះ​ជុំ​ទី ​២ ប្រចាំ​ពូល ​C នៃ​ពាន​រង្វាន់​បាល់​ទាត់​ពិភព​លោក ជាមួយ​ក្រុម​ហុងកុង និង​បារ៉ែន នោះ នឹង​ចាប់​​ប្រកួត​វិញ​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ។


ការ​វិល​មក​ជួប​គ្នា​ជា​ថ្មី នៅ​លើ​ទីលាន​នេះ គឺ​ដើម្បី​បន្ត​ប្រជែង​គ្នា​រក​ពិន្ទុ​ សម្រាប់ ​៥ ​ប្រកួត ដែល​នៅ​សល់ ដើម្បី​បញ្ចប់​ភាព​មន្ទិល​ក្នុង​ការ​ស្វែងរក​ក្រុម​ដែល​ត្រូវ​លើក​ពាន​នៅ​ឆ្នាំ​នេះ ហើយ​ក៏​ដើម្បី​រក​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើន​ជាង​គេ គ្រូ​បង្វឹក​ល្អ និង​កីឡាករ​ល្អ ដែល​ត្រូវ​ឈ្នះ​ពាន ប្រចាំ​រដូវកាល​នេះ​ផង​ដែរ។

យ៉ាង​ណា​ក៏​ដោយ ​តាមរយៈ​ការ​ប្រកួត ២១ ​លើក​កន្លង​មក​នេះ ក្រុម​ព្រះខ័នរាជ​ស្វាយរៀង មាន​ភាគរយ​ខ្ពស់​បំផុត​ក្នុង​ការ​ឈ្នះ​ពាន​នៅ​ឆ្នាំ​នេះ ព្រោះ​ពេល​នេះ​ពួក​គេ​មាន​រហូត​ដល់ ​៥៥ ពិន្ទុ លើស​ក្រុម​កំពុង​ឈរ​នៅ​លេខ ​២ វិសាខា រហូត​ដល់ ​៨ ពិន្ទុ ខណៈ​ក្រុម​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់ ណាហ្គាវើល មាន​ត្រឹម ​៤៤ ពិន្ទុ និង​ឈរ​នៅ​លេខ ​៣ លើ​ក្រុម​លេខ ​៤ អង្គរ​ថាយហ្គឺរ​មាន ​៤២ ពិន្ទុ។


ចំណែក​នៅ​សប្តាហ៍ទី ​២២ ​នេះ ក្រុម ស្វាយរៀង អាច​នឹង​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ដណ្តើម​បាន ​៣ ពិន្ទុ ពី​ក្រុម​យុវជន​បាទី​អាយុ​ក្រោម ១៨ ឆ្នាំ ដែល​ពួក​គេ​ធ្លាប់​ឈ្នះ ៣-០។ ប៉ុន្តែ​វិសាខា នឹង​ត្រូវ​​ប្រឈម​ការ​លំបាក ព្រោះ​ពួក​គេ​ត្រូវ​ជួប​ក្រុម​ក្រសួង​ការពារ​ជាតិ (ទ័ព) ដែល​ពួក​គេ​ធ្លាប់​ចាញ់ ១-០ ផ្ទុយ​ពី​នេះ ក្រុម​ណាហ្គាវើល ក៏​នឹង​ដណ្តើម​បាន ​៣ ពិន្ទុ​ផង​ដែរ ព្រោះ​ពួក​គេ​ត្រូវ​ប៉ះ​ក្រុម​ខេត្ត​កំពង់ចាម ដែល​ពួក​គេ​ធ្លាប់​លត់ ១៨-០ កាល​ជើង​ទី ​១។


ដោយ​ឡែក​ការ​វិល​មក​ចូល​ទីលាន​ជា​ថ្មី​នេះ ក៏​ជា​ពេល​ដែល​ខ្សែ​ប្រយុទ្ធ Bata របស់​ភ្នំពេញ​ក្រោន និង​ខ្សែ​ប្រយុទ្ធ Privat របស់​ស្វាយរៀង ត្រូវ​ប្រជែង​គ្នា​យក​ស្បែក​ជើង​មាស ក្នុង​នាម​ជា​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើន​ជាង​គេ​ផង​ដែរ ព្រោះ​ពេល​នេះ​អ្នក​ទាំង ២ រក​បាន ២៥ ​គ្រាប់​ស្មើ​គ្នា និង​តាម​ពី​ក្រោយ​ដោយ Da Cruz របស់​វិសាខា ដែល​រកបាន ​២១ គ្រាប់។


ជាមួយ​គ្នា​នេះ​ដែរ ​ខ្សែ​ប្រយុទ្ធ រ៉ឹង ប៊ុនហៀង របស់​ទ័ព ដាវ នីម របស់​ក្លិប​គិរីវង់ កែវ សុខផេង របស់​វិសាខា ចាន់ វឌ្ឍនាកា របស់​បឹងកេត គួច ដានី របស់​ណាហ្គាវើល និង​អ្នក​ចាំទី អាំ សុវណ្ណារ៉ាត់ របស់​ក្រុម​ស្វាយរៀង ក៏​ត្រូវ​ប្រជែង​គ្នា ដើម្បី​ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​ឆ្នាំ ២០១៩ នេះ​ផង​ដែរ ខណៈ​ពេល​នេះ ពួក​គេ​បាន​ឈ្នះ​ពាន​កីឡាករ​ល្អ​ជាង​គេ​ប្រចាំ​ខែ​រៀងៗ​ខ្លួន៕

កម្ម​វិធី​ប្រកួត នៅ​ថ្ងៃ​សៅរ៍

-ប៉ូលិស v អង្គរ​ថាយហ្គឺរ កីឡដ្ឋាន​អគ្គិសនី​កម្ពុជា ៣:៣០

-សូលទីឡូ​អង្គរ v អគ្គិសនី​កម្ពុជា កីឡដ្ឋាន​សៀមរាប ៣:៣០

-វិសាខា v ទ័ព កីឡដ្ឋាន​វិសាខា ៦:០០

៤ ប្រកួត នៅ​ថ្ងៃ​អាទិត្យ

-គិរីវង់ v ភ្នំពេញក្រោន កីឡដ្ឋាន​គិរីវង់​សុខសែន​ជ័យ ៣:៣០

-បឹងកេត v អាស៊ីអឺរ៉ុប កីឡដ្ឋាន​ខេមបូឌា​អ៊ែរវ៉េ ៣:៣០

-ណាហ្គាវើល v ខេត្ត​កំពង់ចាម កីឡដ្ឋាន​ស្តាតចាស់ ៦:០០

-ស្វាយរៀង v យុវជនបាទី.១៨ ឆ្នាំ កីឡដ្ឋាន​ស្វាយរៀង ៦:០០