ក្រុងឡុងដ៍៖ លោក Gareth Southgate បានរំឭកកីឡាករនៃជម្រើសជាតិអង់គ្លេសកុំឲ្យចាញ់បោកការចាប់ផ្ដើមដ៏ជោគជ័យនៃយុទ្ធនាការជម្រុះ Euro 2020 នេះព្រោះពួកគេនឹងត្រូវប្រឈមមុខការប្រកួតជាមួយជម្រើសជាតិខ្លាំងៗជាងក្រុមប៊ុលហ្គារីដែលពួកគេបានឈ្នះ ៤-០ ពីថ្ងៃសៅរ៍នោះទៅទៀត។
កីឡាករ Harry Kane រកបាន ៣ គ្រាប់ តែម្នាក់ឯង និងបានជួយឲ្យកីឡាករ Raheem Sterling រកបាន ១ គ្រាប់ ក្នុងការប្រកួតដែលក្រុមអង់គ្លេសបានឈ្នះក្រុមប៊ុលហ្គារីធ្វើឲ្យពួកគេឈរនៅលើកំពូលតារាងនៃពូល A។
ជាមួយជ័យជម្នះចំនួន ៣ លើកជាប់គ្នា និងគ្រាប់បាល់ ១៤ គ្រាប់នោះ ក្រុមអង់គ្លេសដែលបានឡើងដល់វគ្គ ៤ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup ២០១៨ នោះ កំពុងសម្លឹងបន្ថែមសមត្ថភាពខ្លួនសម្រាប់ការប្រកួតជម្រុះ Euro 2020 ជាបន្តទៀត។
ក្រុមអង់គ្លេសនឹងត្រូវប្រកួតជាមួយជម្រើសជាតិកូសូវ៉ូដែលឈរនៅលេខ ២ ក្នុងពូល A នៅកីឡដ្ឋាន Southampton នៅថ្ងៃអង្គារនេះ ហើយលោក Southgate បានអះអាងថា ការប្រកួតនេះនឹងធ្វើឲ្យមានការតឹងតែងជាងការប្រកួតជាមួយក្រុមប៊ុលហ្គារីទៅទៀត។
លោក Southgate និយាយថា៖ «យើងមិនទាន់ជួបការប្រកួតតឹងតែងដែលក្រុមយើងគួរតែរៀនសូត្រនៅឡើយទេ»។
គ្រូបង្វឹករូបនេះ បានបន្ថែមថា៖ «ដូច្នេះហើយយើងត្រូវតែធ្វើការហ្វឹកហាត់ឲ្យបានម៉ឺងម៉ាត់ដូចដែលយើងអាចឃើញពីអ្វីដែលកីឡាករបានបង្ហាញឲ្យឃើញថ្មីៗនេះអ៊ីចឹង»។
លោក Southgate បានបន្ថែមថា៖ «យើងមានការប្រកួតដណ្ដើមកន្លែងគ្នា ប៉ុន្តែមានកីឡាករ ៥ ឬ ៦ នាក់ប៉ុណ្ណោះ ដែលអ្នកនឹងរំពឹងថានឹងមានសមត្ថភាព ប៉ុន្តែក្រៅពីនោះយើងពិបាកនឹងបញ្ជាក់ណាស់»៕ AFP/SN