ក្រុងម៉ាឌ្រីដ: ក្រុម​អធិរាជស Real Madrid បានផ្ដល់​ឱ្យ​ក្រុម​គូប្រជែង​រួម​ក្រុង Atletico Madrid នូវ​កម្លាំង​ជំរុញ​ដ៏ធំ​មួយ សម្រាប់​ក្ដីសង្ឃឹម​ក្នុង​ការក្លាយ​ជា​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ La Liga ដោយសារ​ប្រកួត​បាន​ត្រឹម​ស្មើ ០-០ ជាមួយ​ក្រុម​ម្ចាស់ផ្ទះ Getafe កាលពី​ថ្ងៃ​អាទិត្យ។


ក្រុម Atletico បាន​បំបាក់​ក្រុម Eibar ៥-០ ដើម្បី​ធ្វើឱ្យ​ការប្រជែង​ពាន ដែល​រលាយបាត់​របស់​ខ្លួន មាន​ជីវិត​ជីវ៉ា​ឡើងវិញ ហើយ​ជ័យជម្នះ​របស់​ពួកគេ​នេះ បង្ហាញ​ថា​រឹតតែ​មាន​តម្លៃ​ខ្លាំង​ឡើង​ទៀត ក្រោយ​ក្រុម Real លេង​ស្មើដោយ​គ្មាន​គ្រាប់​បាល់ នៅឯ​កីឡដ្ឋាន Coliseum Alfonso Perez។


នេះ​មានន័យថា ក្រោយ​បញ្ចប់​ហ្គេម​ទី ៣១ នេះ ក្រុម Atletico បាន​បន្លាយ​ការនាំ​មុខ នៅ​លើ​កំពូល​តារាង ដោយ​មាន​ចំនួន ៣ ពិន្ទុ លើ​ក្រុម​លេខ ២ Real ដែលមាន ៦៧ ពិន្ទុ ខណៈ​ក្រុម​អ្នកមាន​បុណ្យ Barcelona ដែល​ពេលនេះ នៅសល់ ១ ប្រកួត​ក្នុង​ដៃ និង​ទើប​ឈ្នះ​ពាន Copa del Rey កាលពី​ថ្ងៃ​សៅរ៍​នោះ​កំពុង​តាម​ពីក្រោយ ៥ ពិន្ទុ។


កីឡាករ Llorente (ស្ដាំ) សម្ដែង​ក្ដី​រីករាយ​ជាមួយ​មិត្ត​រួម​ក្រុម ក្រោយ​ស៊ុត​បញ្ចូល​ទី​ឱ្យ Atletico នាំមុខ Eibar នា​ការប្រកួត កាលពី​ថ្ងៃអាទិត្យ។


ក្រុម Real មាន ២ សប្ដាហ៍​ដ៏សែន​រីករាយ ដោយសារ​ដណ្ដើម​ជ័យជម្នះ​ពី​ក្រុម Barca បាន​ក្នុង​ជំនួប El Clasico កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ក្នុង​ចន្លោះ​នៃ​ការទម្លាក់​ក្រុម​ហង្ស​ក្រហម Liverpool ពី​ក្របខ័ណ្ឌ Champions League ត្រឹម​វគ្គ ៨ ក្រុម​ចុងក្រោយ ដោយ​ការយក​ឈ្នះ​ទាំង ២ ជើង ៣-។


តែ​បញ្ជី​ឈ្មោះ ដែល​ពេញ​ដោយ​កីឡាករ​របួស និង​ការ​អវត្តមាន​កីឡាករឆ្នើមៗ មានន័យថា ក្រុម​មួយ​នេះ ខ្វះ​ភាពរឹងមាំ ហើយ​ប្រាកដ​ណាស់ ដែល​ចុងក្រោយ​ទៅ ពួកគេ​អាច​នឹង​ទទួល​បាន​លទ្ធផល​មិន​សមប្រកប។

តែ​យ៉ាងណាក្ដី គ្រូបង្វឹក​របស់​ក្រុម Real Madrid លោក Zinedine Zidane បាន​ពោលថា៖ «ខ្ញុំ​គ្មាន​ការបារម្ភ​អ្វី​ឡើយ។ មាន​រឿង​ជាច្រើន​ទៀត ដែល​នឹង​កើតឡើង តែ​អ្វី​ដែល​វា​ប្រុង​នឹង​កើត វា​នឹង​កើត យើង​បន្ត​ដំណើរ​ទៅមុខ»៕ VN