ក្រុម Bayern ផ្តួល Bayer ដើម្បីឈានទៅរកការឈ្នះជើងឯកនជាលើកទី ៩

ក្រុងប៊ែរឡាំង: ក្រុម Bayern Munich ទំនងជាអាចក្លាយជាម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga នៅចុងសប្តាហ៍នេះហើយ បន្ទាប់ពីមានលទ្ធភាពនាំមុខដាច់ដល់ទៅ ១០ ពិន្ទុនៅទីកំពូលតារាងជាមួយនឹងជ័យជម្នះ ២-០ លើក្រុមភ្ញៀវ Bayer Leverkusen កាលពីថ្ងៃអង្គារ។
ក្រុម Bayern បានធ្វើការគ្រប់គ្រងលើក្រុមគូប្រជែង សម្រាប់ការប្រកួតនៅឯកីឡដ្ឋាន Allianz Arena នេះជាមួយនឹងគ្រាប់បាល់នាំមុខដ៏លឿននៅនាទីទី ៧ ដែលស៊ុតដោយ Eric Maxim Choupo-Moting និងគ្រាប់បាល់ទី ២ ដែលធ្វើបានសម្រេចដោយ Joshua Kimmich នៅនាទីទី ១៣។
ដោយសារក្រុមលេខ ២ RB Leipzig ភ្លាត់រងបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើល ដោយសារក្រុមបាតតារាងទី ២ Cologne ហើយការប្រកួតនៅសល់តែ ៤ ដងទៀតនោះ ក្រុមជើងឯកពិភពលោក Bayern នឹងធានាបាននូវការឈ្នះពានលីគកំពូលរបស់អាល្លឺម៉ង់ជាលើកទី ៩ បន្តបន្ទាប់គ្នា បើឈ្នះក្រុមម្ចាស់ផ្ទះ Mainz នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។
គ្រូបង្វឹករបស់ក្រុម Bayern លោក Hansi Flick បានថ្លែងថា៖ «ខ្ញុំបានប្រាប់ក្រុមទាំងមូល មុនហ្គេមចាប់ផ្ដើមថា យើងអាចឈាន ១ ជំហានយ៉ាងធំឆ្ពោះទៅរកការលើកពាន ដែលយើងមានលទ្ធភាពដណ្ដើមបាន។ ឥឡូវនេះ យើងចង់ឈ្នះនៅផ្ទះរបស់ក្រុម Mainz ផងដែរ»។
នៅក្រៅទីលានឯណោះវិញ ក្រុម Bayern កំពុងស្ថិតក្នុងភាពច្របូកច្របល់ តាំងពីលោក Flick បាននិយាយចេញនូវពាក្យដែលធ្វើឱ្យគ្រប់គ្នាស្រឡាំងកាំង កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថា លោកមានបំណងចង់ផ្ដាច់កុងត្រានៅដំណាច់រដូវកាលនេះ។
ថ្នាក់ដឹកនាំសំខាន់ៗរបស់ក្រុម Bayern បានប្រតិកម្មតបដោយនិយាយថា ខ្លួនមិនចាប់អារម្មណ៍ចំពោះការលើកឡើងតែម្ខាងដោយលោក Flick ឡើយ ហើយចង់ផ្ដោតតែលើហ្គេមនាសប្ដាហ៍នេះ។ ជាមួយគ្នានេះ ក្រុមយក្សនៃរដ្ឋ Bavaria មួយនេះកាលពីថ្ងៃអង្គារ ក៏បង្ហាញជំហរយ៉ាងរឹងមាំក្នុងការមិនចូលរួមជាមួយលីគបង្កើតថ្មីដោយឡែក Super League។
ក្រុម Bayern ដែលឈរលេខ ១ ក្នុងតារាង Bundesliga មាន ៧១ ពិន្ទុ ខណៈក្រុមបន្ទាប់ Leipzig មាន ៦១ ពិន្ទុ ក្រោយបញ្ចប់ការប្រកួតសប្ដាហ៍ទី ៣០ ដូចគ្នា៕ VN





