ក្រុងមីឡាន: ក្រុម​សេះបង្កង់ Juventus របស់ លោក Andrea Pirlo បាន​បាត់បង់​នូវ​សភាវ​អ្នក​ពិឃាត​របស់​កីឡាករ Cristiano Ronaldo ខណៈ​ដែល​ក្រុម​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ Serie A អ៊ីតាលី​មួយ​នេះ​បាន​រង​បរាជ័យ​ក្នុង​លីគ ជា​លើកដំបូង​ក្នុង​រយៈពេល ២ ទសវត្សរ៍ ក្រោម​ថ្វី​ជើង​របស់​ក្រុម​ម្ចាស់ផ្ទះ Atalanta កាលពី​ថ្ងៃអាទិត្យ។


ការស៊ុត​ចូល ១ គ្រាប់​នៅ​ប្រមាណ​ជា ៣ នាទី មុន​ចប់​ការប្រកួត​ពី​សំណាក់​ខ្សែបម្រើ​សញ្ជាតិ​អ៊ុយក្រែន Ruslan Malinovskyi បាន​ជួយ​រំកិល​ក្រុម Atalanta ឱ្យ​ឡើង​ទៅ​ឈរ​នៅ​លំដាប់​ទី ៣ ជាមួយ​នឹង​ជ័យជម្នះ ១-០ ពោល​គឺ នៅ​ពីលើ​ក្រុម Juve ដែល​អវត្តមាន​ខ្សែប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់ Ronaldo ដោយសារ​មាន​របួស។


ត្រឹម​សប្ដាហ៍​ទី ៣១ ជាមួយ​នឹង​ការមាន ៦៤ ពិន្ទុ ឥឡូវនេះ ក្រុម Atalanta កំពុង​មាន​គម្លាត​តែ ២ ពិន្ទុ​ប៉ុណ្ណោះ ពីក្រោម​ក្រុម​លេខ ២ AC Milan ដែល​បាន​ប្រកួត​ឈ្នះ Genoa ២-១ ហើយ​វា​ជា​ជ័យជម្នះ​លើកដំបូង​របស់ខ្លួន​នៅ​ទឹកដី San Siro ក្នុង​រយៈពេល​ជាង ២ ​ខែ​មកនេះ។


ក្រុម​សេះបង្កង់ កំពុង​លេង​ដោយ​មិនមាន​វត្តមាន Ronaldo ដែលជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​នៅ Serie A នា​រដូវកាល​នេះ ដោយ​មាន ២៥ គ្រាប់​ក្នុង​ការប្រកួត​ជាមួយ​ក្រុម ដែល​ប្រជែង​កៅអី​ទៅ​ក្របខ័ណ្ឌ Champions League ដូចគ្នា។


កីឡាករ Malinovskiy (ឆ្វេង) សម្ដែង​ការអបអរ​ជាមួយ​មិត្ត​រួម​ក្រុម ក្រោយ​ស៊ុត​បញ្ចូល​ទី​ឱ្យ Atalanta នាំមុខ Juve ១-០ អំឡុង​ការប្រកួត នៅ​ក្របខ័ណ្ឌ Serie A កាលពី​ថ្ងៃអាទិត្យ។


គ្រូបង្វឹក​របស់​ក្រុម Juve លោក Pirlo បាន​ថ្លែងថា៖ «យើង​ដឹង​ច្បាស់​ថា វា​នឹង​ជា​ហ្គេម​ដ៏តឹងតែង ពេល​ប្រឈម​នឹង​ក្រុម Atalanta។ Ronaldo គឺជា​អ្នក​បញ្ចប់​ទី​របស់​យើង។ រូបគេ​សម្រប​ខ្លួន​ជាមួយ​ការប្រកួត​ទាំងនេះ​បាន​យ៉ាង​ល្អ ព្រោះ​គេ​ជា​កីឡាករ​ដ៏ពិសេស​ឯក»។

អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​បាន​បន្តថា៖ «គេ គឺជា​អ្នក​ពិឃាត​ក្នុង​តំបន់​ប៉េណាល់ទី។ ថ្ងៃនេះ យើង​មាន​ឱកាស​ច្រើនដង តែ​យើង​មិនបាន​ប្រើប្រាស់​ជា​ប្រយោជន៍​ទេ ហើយ​យើង​ក៏ត្រូវ​បាន​ដាក់​ទណ្ឌកម្ម ជាមួយ​នឹង​ការវាយបក​មួយ»។

ក្រុម Juve មិនអាច​ទទួលបាន​ជ័យជម្នះ​ពី​ការប្រកួត​ណាមួយ​ឡើយ​នៅ​រដូវកាល​នេះ ពេល​អត់​មាន Ronaldo វ័យ ៣៦ ឆ្នាំ រត់​នៅលើ​ទីលាន​ក្នុង​នោះ​ពួកគេ​ស្មើ ៣ ដង និង​ចាញ់ ១ ដង។ ការគ្រង​ជើងឯក ៩ រដូវកាល​បន្តបន្ទាប់​គ្នា​របស់​ពួកគេ ក៏​ទំនង​ជា​ត្រូវ​ចប់​ហើយ ព្រោះ​ពេលនេះ ការងារ​សំខាន់បំផុត គឺ​ការប្រជែង​ចំណាត់ថ្នាក់​សម្រាប់ Champions League ប៉ុណ្ណោះ។

«វា​ជា​ហ្គេម​ដ៏សំខាន់។ ការឈ្នះ​ថ្ងៃនេះ មាន​ន័យថា យើង​អាច​ឈ្នះ Juve ហើយ​ពួកគេ​ដឹងផង​ថា ពួកគេ​ក៏​អាច​ចាញ់​យើង​បាន​ដូចគ្នា។ ខ្ញុំ​មិន​យល់ថា ក្រុម Juve កំពុង​មាន​បញ្ហា​នោះឡើយ ព្រោះ​ពួកគេ​ជា​ក្រុម​ដ៏រឹងមាំ​មួយ»។ នេះ​ជា​ប្រសាសន៍​របស់​លោក Gian Piero Gasperini ដែល​ដឹកនាំ​ក្រុម Atalanta ឱ្យ​ឈ្នះ​ក្រុម​យក្ស​នា​ក្រុង​ទូរីន ជា​លើក​ទី ១ នៅ Serie A គិត​តាំងពី​ជ័យជម្នះ​ចុងក្រោយ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០០១ មក៕ VN