ភ្នំពេញៈ ក្រុម​ភ្នំពេញ​ក្រោន​បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ថៃ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ចូលរួម​ប្រកួត​ពាន Leo Pre Season Cup 2019 និង​បោះជំរំ​ហ្វឹកហាត់​នៅ​ទីនោះ​រយៈពេល​ ២ ​សប្តាហ៍ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ភ្នំពេញ​ក្រោន នឹង​ត្រូវ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ខ្លាំងៗ​នៃ​លីក​កំពូល​របស់​ថៃ ដើម្បី​ពង្រឹង​គុណភាព​ត្រៀម​បង្ហាញ​ភាព​ខ្លាំង​ជាថ្មី​នៅក្នុង​ការប្រកួត​លីក​កំពូល​កម្ពុជា​ឆ្នាំ​ ២០១៩ ​នេះ​។


អតីត​កីឡាករ​សម្បូរ​បទពិសោធ កែវ សុខង៉ន ដែល​ទើប​ត្រូវ​បាន​តែងតាំង​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ភ្នំពេញ​ក្រោន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅក្នុង​ការប្រកួត​ពាន Leo Pre Season Cup 2019 ភ្នំពេញ​ក្រោន​នឹង​ត្រូវ​ប្រកួត​ជម្រុះ​វគ្គ​ ៨ ​ក្រុម​ចុងក្រោយ​ជាមួយ​ក្រុម​លេខ​ ៧ ​លីក​កំពូល​ថៃ Nakhon Ratchasima នៅ​ថ្ងៃទី​ ១៩ ខែ​មករា​ដើម្បី​រក​ក្រុម​ឈ្នះ​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ហើយ​បន្ថែម​លើ​នេះ​ភ្នំពេញ​ក្រោន​នឹង​បោះជំរំ​ហ្វឹកហាត់​នៅ​ទីក្រុង​បាងកក​ ៥ ​ថ្ងៃ និង​នៅ Buriram ចំនួន​ ៣ ​ថ្ងៃ​។


កែវ សុខង៉ន បាន​និយាយ​ថា​៖ «​នេះ​ជា​ឱកាស​ល្អ​ដែល​យើង​បាន​ចូលរួម​ការប្រកួត​ពាន Leo Pre Season Cup 2019 និង​បោះជំរំ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ ដើម្បី​ត្រៀម​លីក​កំពូល​កម្ពុជា​រដូវកាល​ថ្មី​នេះ​ហើយ​ជាមួយ​គ្នា​នេះ​យើង​នឹង​មាន​ការប្រកួត​មិត្តភាព​ជាមួយ​ក្លិប​ខ្លាំងៗ​របស់​ថៃ មាន​ដូចជា Muangthong United FC, Buriram United FC និង​ក្លិប​មួយ​ចំនួន​ទៀត​នៅក្នុង​ការបោះជំរំ​ហ្វឹកហាត់​នេះ​»​។


អតីត​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​កម្ពុជា​រូប​នេះ​បាន​បន្ថែមថា​៖ «​យើង​នឹង​ទទួល​បាន​ផលប្រយោជន៍​ច្រើន​ពី​ការប្រកួត​មិត្តភាព​នៅ​ប្រទេស​ថៃ​នេះ ព្រោះ​ការប្រកួត​ជាមួយ​ក្រុម​ខ្លាំង​ដែល​មាន​មូលដ្ឋាន​រឹងមាំ ដូចជា Muangthong United និង Buriram United ជាដើម វា​នឹង​ធ្វើឲ្យ​ក្រុម​យើង​បាន​ដឹង​ពី​ចំណុចខ្សោយ និង​ការ​ចន្លោះប្រហោង ដើម្បី​យើង​មាន​ភាពងាយស្រួល​ក្នុង​ការ​ពង្រឹង​បន្ថែម​»​។


គួររំឭក​ថា​ភ្នំពេញ​ក្រោន​ជា​ក្រុម​មួយ​ដែល​មាន​មូលដ្ឋាន​រឹងមាំ​នៅ​ភ្នំពេញ និង​ធ្លាប់​បាន​លើក​ពាន​លីក​កំពូល​ចំនួន​ ៦ ​ដង និង​លើក​ពាន​ការប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន ចំនួន​ ២ ​ដង ប៉ុន្តែ​សម្រាប់​ការប្រកួត​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ភ្នំពេញក្រោន ទទួល​លទ្ធផល​មិន​សូវ​បាន​ល្អ​ប៉ុន្មាន​ឡើយ​។


នៅពេល​រំឭក​ដល់​រឿង​នេះ កែវ សុខផេង ដែល​ធ្លាប់​ជា​ខ្សែបម្រើ​ប្រយុទ្ធ​របស់​ក្រុម​ភ្នំពេញ​ក្រោន ដែរ​នោះ​និយាយ​ថា​៖ «​សម្រាប់​ខ្ញុំ​រយៈពេល​ ៣ ​ឆ្នាំ​ចុង​ក្រោយ​នេះ​ ភ្នំពេញ​ក្រោន ធ្វើ​អត់​បាន​ល្អ​ដោយសារ​ទី​ ១ យើង​ទុក​ឱកាស​ឲ្យ​យុវជន​បាន​បង្ហាញ​សមត្ថភាព​ច្រើន ហើយ​មួយ​ទៀត​ចង់​ឲ្យ​ក្លិប​ក្នុង​ស្រុក​ខ្មែរ​ពង្រឹង​យុវជន​ឲ្យ​បាន​ខ្លាំង អ៊ីចឹង​ហើយ​ក្លិប​ក៏ប្រើ​ធនធាន​យុវជន​ច្រើន ឯ​លទ្ធផល​ក៏​មិន​សូវ​សមប្រកប​ដូច​អ្វី​ដែល​យើង​បាន​រំពឹង​ទុក ប៉ុន្តែ​នៅ​រដូវកាល​ថ្មី​នេះ​យុវជន​របស់​យើង​មាន​បទពិសោធ​គ្រប់គ្រាន់ ឬ​រឹងដៃ រឹងជើង អាច​ប្រកួត​ប្រជែង​ក្នុង​លីក​កំពូល​ឆ្នាំ​នេះ​បាន​»​។

កែវ សុខង៉ន បាន​បន្ថែម​ថា​៖ «​សម្រាប់​ខ្ញុំ​គិត​ថា យើង​រៀបចំ​បាន​ល្អ​សម្រាប់​រដូវកាល​នេះ ដោយ​យើង​មាន​ទាំង​ការប្រកួត​មិត្តភាព​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​។ បន្ថែម​លើ​នេះ​យើង​មាន​គ្រូបង្វឹក​ប្រេស៊ីល Leonardo ជួយ​មក​ជ្រោមជ្រែង ហើយ​ក៏​មាន​ក្រុម​គ្រូ​ជំនួយ និង​ក្រុមការងារ​មាន​ការដុតដៃ ដុតជើង ជួយ​ក្លិប​ទាំងអស់​គ្នា ចំណែក​លោក​ប្រធាន​ក្លិប​ក៏​បាន​កែប្រែ​ការងារ​មួយ​ចំនួន​នៅក្នុង​ក្លិប ដោយ​គាត់​ជំរុញ​ថា​នៅ​រដូវកាល​នេះ​យើង​ត្រូវតែ​ធ្វើឲ្យ​បាន​ល្អ ព្រោះ​យើង​មាន​ការប្រកួតប្រជែង​ខ្លាំង អ៊ីចឹង​គ្រប់​គ្នា​មាន​ការសប្បាយចិត្ត​ក្នុង​ការបំពេញ​ការងារ​ទៅ​តាម​តួនាទី​រៀងៗ​ខ្លួន​»៕