ក្រុងប៉ារីស: ក្លិបចំនួន ១២ ក្នុងចំណោមក្លិបដ៏មានឥទ្ធិពលបំផុតនៅអឺរ៉ុប នាថ្ងៃចន្ទនេះបានប្រកាសគម្រោងដំណើរការការប្រកួតប្រជែង ដោយឡែកមួយ ឈ្មោះកម្មវិធី European Super League (ESL) ដែលជាការកែប្រែដ៏គួរឱ្យរំជើបរំជួលមួយក្នុងវិស័យបាល់ទាត់ ដែលកំពុងដំណើរការ តែប្រឈមនឹងការចោទប្រកាន់ពីការលោភលន់ និងការមើលងាយដល់ស្ថាប័នបាល់ទាត់អឺរ៉ុប (UEFA)។
ក្លិបនៅក្របខ័ណ្ឌ Premier League របស់អង់គ្លេសចំនួន ៦ ដែលរួមមាន Liverpool, Manchester United, Arsenal, Chelsea, Manchester City និង Tottenham Hotspur សុទ្ធតែមានការពាក់ព័ន្ធក្នុងការសម្រេចនេះ ដោយរួមជាមួយក្រុមយក្សអេស្ប៉ាញ ៣ គឺ Real Madrid, Barcelona និង Atletico Madrid ព្រមទាំងក្លិបគ្រាក់ៗទាំង ៣ Juventus, Inter Milan និង AC Milan ដែលលេងនៅក្របខ័ណ្ឌកំពូល Serie A របស់ប្រទេសអ៊ីតាលីផងដែរ។
ESL បានឱ្យដឹងថា ក្លិបជាស្ថាបនិកបានព្រមព្រៀងបង្កើតឱ្យមានការប្រកួតប្រជែងនៅពាក់កណ្ដាលសប្ដាហ៍ថ្មីមួយ ប៉ុន្តែនៅបន្តយុទ្ធនាការ ក្នុងលីគនៃប្រទេសរបស់ខ្លួនដដែល ហើយពួកគេសង្ឃឹមថា ការរៀបចំដំបូងនឹងចាប់ផ្ដើមឱ្យបានលឿន តាមដែលអាចធ្វើបាន។
សម្រាប់រូបមន្តនៃការប្រកួតរបស់ ESL គឺថា រដូវកាលនីមួយៗនឹងមាន ២០ ក្រុមចូលរួម ដោយក្រុមស្ថាបនិកចំនួន ១៥ ក្រុមនឹងមានសិទ្ធិប្រកួតប្រជែងស្វ័យប្រវត្តិ ខណៈ ៥ ក្រុមផ្សេងទៀតត្រូវផ្អែកលើលទ្ធផលក្នុងស្រុកនៃរដូវកាលមុន។
ក្រុមទាំង ២០ នោះត្រូវចាប់ផ្តើមដោយបែងចែកជា ២ ពូល ក្នុង ១ ពូល មាន ១០ ក្រុម ហើយត្រូវប្រកួតគ្នាក្នុងទឹកដី និងក្រៅទឹកដី។ ក្រុមលេខ ៣ ក្នុងពូលនីមួយៗ មានសិទ្ធិចូលរួមវគ្គ ៨ ក្រុមចុងក្រោយ ដោយស្វ័យប្រវត្តិ ខណៈ ២ កូតាទៀតនឹងប្រគល់ឱ្យចំណាត់ថ្នាក់លេខ ៤ និងលេខ ៥ របស់ពូលទាំង ២ ដែលត្រូវប្រកួតវគ្គ Play-off ២ ជើងជាមួយគ្នា។
មិនខុសពីរូបមន្តនៃក្របខ័ណ្ឌ Champions League នោះទេ គឺវគ្គ ១/២ ផ្ដាច់ព្រ័ត្រត្រូវប្រកួតក្នុង និងក្រៅផ្ទះ ហើយវគ្គផ្ដាច់ព្រ័ត្រនឹងធ្វើការប្រកួតតែ ១ ដង នៅទឹកដីកណ្ដាល។ ការប្រកួតប្រជែងនៃកម្មវិធីថ្មីនេះនឹងធ្វើឡើងនៅពាក់កណ្តាលសប្តាហ៍ ដោយនឹងចាប់ផ្តើមនៅខែសីហា ហើយបញ្ចប់នៅខែឧសភា។
យ៉ាងណាក្ដី ទោះជាពួកគេប្ដេជ្ញាបន្តការប្រកួតប្រជែងលីគក្នុងស្រុករបស់ខ្លួនក៏ដោយ ក៏ UEFA និងស្ថាប័នគ្រប់គ្រងបាល់ទាត់របស់ប្រទេស ៣ ទៀតបានព្រមានថា ក្លិបទាំងនោះនឹងត្រូវហាមឃាត់មិនឱ្យចូលរួមក្នុងយុទ្ធនាការប្រចាំប្រទេសរបស់ខ្លួន និង Champions League។
ក្នុងសេចក្ដីប្រកាសរួមមួយបានឱ្យដឹងថា៖ «យើងនឹងនៅតែរួមដៃគ្នា ដើម្បីបញ្ឈប់គម្រោង ដែលមិនផ្ដល់តម្លៃដល់ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប ពោលជាគម្រោងដែលត្រូវបានបង្កើតឡើង ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនរបស់ក្លិបមួយចំនួនក្នុងពេលវេលាដែលសង្គមមួយកំពុងត្រូវការយ៉ាងខ្លាំងនូវការសាមគ្គីគ្នាជាងពេលណាទាំងអស់»។
ជាមួយគ្នានេះ UEFA ក៏ធ្វើការព្រមានដែរថា កីឡាករក្នុងក្រុមដែលចូលរួមកម្មវិធីលីគថ្មីនេះអាចនឹងត្រូវបាត់ឱកាសពីការចូលលេងឱ្យក្រុមជម្រើសជាតិផងដែរ៕ VN