ភ្នំពេញ៖ ការប្រកួតលីកកំពូលកម្ពុជារដូវកាលថ្មីឆ្នាំ ២០២០ នឹងចាប់ផ្តើមយុទ្ធនាការរបស់ខ្លួននៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្តាហ៍នេះ ស្របពេលដែលក្លិបធំៗមាន ព្រះខ័នរាជស្វាយរៀង វិសាខា បឹងកេត អង្គរថាយហ្គឺរ និងក្រសួងការពារជាតិ សុទ្ធតែបានបង្ហាញពីមហិច្ឆតាក្នុងការប្រមាញ់យកពាន ចំណែកក្រុម អាស៊ីអឺរ៉ុប និងគិរីវង់សុខសែនជ័យ ក៏រំពឹងទទួលបានលទ្ធផលល្អប្រសើរជាងរដូវកាលមុនផងដែរ ប៉ុន្តែក្រុមណាហ្គាវើល ហាក់ទម្លាក់ចុះនូវមហិច្ឆតា។
សម្រាប់ការប្រកួតរដូវកាលថ្មី ដែលនៅសល់តែ ១៣ ក្រុម ដោយត្រូវប្រកួតវិលជុំ ចំនួន ២ ជើង ដូចឆ្នាំមុននោះ ស្វាយរៀង ដែលជាម្ចាស់ជើងឯក ឆ្នាំ ២០១៩ ជាមួយលទ្ធផលយ៉ាងល្អបំផុត គឺឈ្នះ ២០ ស្មើ ៥ និងចាញ់តែម្តងនោះ នៅតែមានការជឿជាក់ខ្ពស់ក្នុងការរក្សាតំណែងជើងឯក។
លោក ជូ សារឿន គ្រូជំនួយក្រុមស្វាយរៀង បានប្រាប់ថា៖ «យើងនៅតែមានគោលការណ៍រក្សាពានដដែល ហើយយើងបានត្រៀមខ្លួនល្អ ដោយយើងបានប្រកួតមិត្តភាពជាមួយក្រុមបរទេសច្រើន និងឈ្នះទាំងអស់ ធ្វើឲ្យបទពិសោធរបស់កីឡាករកាន់តែខ្លាំង អ៊ីចឹងយើងនៅតែមានតែមជាងក្លិបនៅក្នុងស្រុក ពិសេសរដូវកាលនេះ យើងមានខ្សែបម្រើល្អៗ មកពីប្រេស៊ីល ២ នាក់ទៀតមកជួយក្រុម»។
ក្រុមស្វាយរៀងបានចុះកុងត្រាជាមួយខ្សែបម្រើប្រយុទ្ធជនជាតិប្រេស៊ីល Thiago Santos និង Pedro Augusto ព្រមទាំងខ្សែបម្រើជប៉ុន Diasuke Kobayashi ខ្សែការពារ Jonathan Cambpbell និងខ្សែប្រយុទ្ធកាម៉េរូន Privat។
ជាមួយការពង្រឹងគុណភាពលេង ដើម្បីឈានទៅការរក្សាតំណែងជើងឯកនេះ ស្វាយរៀង ពិតជាត្រូវការឈ្នះក្រុមសូលទីឡូអង្គរ សម្រាប់ការប្រកួតបើកឆាករដូវកាលថ្មីនេះ។ លោក សារឿន បាននិយាយថា៖ «យើងធ្លាប់ឈ្នះក្រុមសូលទីឡូអង្គរ អ៊ីចឹងយើងត្រូវតែខំប្រឹង ដើម្បីយកឈ្នះទៀត ព្រោះនេះជាការប្រកួតនៅលើទឹកដីយើង ហើយជាជំនួបបើករដូវកាលទៅទៀត»។
ចំណែកក្រុមលេខ ២ វិសាខា បានពង្រឹងគុណភាពទាំងកីឡាករខ្មែរ និងបរទេស ដោយក្នុងនោះ វិសាខា បាននាំយក ច្រឹង ពលរដ្ឋ មកពីក្រុមទ័ព បន្ថែមទៅលើកីឡាករក្នុងស្រុកល្អៗជាច្រើនទៀត រីឯកីឡាករបរទេសទាំង ៥ នាក់ របស់ក្រុមនេះ រួមមានខ្សែបម្រើអាហ្វហ្គានីស្ថាន Mustafa Sazazai ធ្លាប់លេងឲ្យក្រុមភ្នំពេញក្រោន Mahammed Khan ធ្លាប់លេងឲ្យទ័ព ព្រមទាំងកីឡាករអ៊ូសបេគីស្ថាន Alisher Mirzaev ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Ajayi Opeyemi Korede និងក្រូអាស៊ី Mihaljevic Filip។
ជាមួយការចំណាយថវិកាយ៉ាងច្រើនក្នុងការនាំយកកីឡាករល្អៗមកជួយក្រុមក្នុងរដូវកាលនេះ លោកស្រី កែ សួនសុភី ប្រធានក្លិបវិសាខា បានថ្លែងថា៖ «ក្នុងរយៈពេល ៣ ឆ្នាំកន្លង មកនេះ ពួកយើងបានឆ្លងកាត់បទពិសោធយ៉ាងច្រើន ហើយឆ្នាំ ២០២០ នេះ ជាឆ្នាំទី ៤ របស់ពួកយើង និងជាឆ្នាំមាសរបស់យើង ហើយពួកយើង ជាក្រុមគ្រួសារតែមួយ ដែលនឹងខិតខំប្រឹងប្រែងស្វែងរកជើងឯកឲ្យបាន»។
យ៉ាងណាមិញ ក្លិបអង្គរថាយហ្គឺរបានចុះកុងត្រាជាមួយនឹងកីឡាករជប៉ុន Yudai Ogawa, Joichiro Sugiyama និង Takaki Ose ព្រមទាំងកីឡាករនីហ្សេរីយ៉ា Dzarma Bata និងប្រេស៊ីល Cristiano Santos ខណៈរដូវកាលនេះ ក្រុមធ្លាប់បានលេខ ៥ កាលពីឆ្នាំ ២០១៩ មួយនេះ មានមហិច្ឆតាចង់ប្រជែងយកពាន ហើយក៏ចង់បន្តឈ្នះពានជាក្លិបមានអ្នកគាំទ្រច្រើនជាងគេផងដែរ។
លោក អ៊ុំ ករុណា លេខាធិការក្លិបអង្គរថាយហ្គឺរ បានប្រាប់ថា៖ «ម្ចាស់ក្លិប ដែលជាជនជាតិជប៉ុន គាត់តែងតែផ្តល់ក្តីសង្ឃឹមដល់កីឡាករ ដើម្បីឲ្យពួកគាត់ខំប្រឹងប្រជែងយកពាន ខណៈរដូវកាលនេះ យើងត្រៀមបានល្អ ទាំងគុណភាពលេង និងអ្នកគាំទ្រ ព្រោះយើងត្រូវជួបក្រុមខ្លាំង បឹងកេត នៅថ្ងៃបើកឆាក ដែលយើងចង់ឈ្នះខ្លាំងបំផុត ហើយយើងក៏ចង់បន្តឈ្នះពានជាក្លិប ដែលមានអ្នកគាំទ្រច្រើនជាងគេផងដែរ ខណៈពាននេះ យើងបានឈ្នះ ២ ឆ្នាំជាប់ៗគ្នាកន្លងមកនេះ»។
យ៉ាងណាក៏ដោយ មហិច្ឆតាចង់ឈ្នះ ៣ ពិន្ទុ របស់ក្រុមអង្គរថាយហ្គឺរ អាចនឹងប្រឈមការលំបាកច្រើន ព្រោះអតីតក្រុមម្ចាស់ជើងឯក ៣ សម័យកាល បឹងកេត ក៏មានមហិច្ឆតា ចង់វិលទៅរកការឈ្នះពានជាថ្មីផងដែរ ហើយនេះជាអ្វីដែលបឹងកេត បាននាំយកកីឡាករបរទេសល្អៗមកជួយក្រុម រួមមានកីឡាករអាហ្វ្រិកខាងត្បូង Mothusi Gopane ប្រេស៊ីល Franc Santana Paiva កីឡាករជប៉ុន Kenta Yamazaki, Hikaru Mizuno និងខ្សែការពារ Anderson Zogbe ដែលធ្លាប់លេងឲ្យណាហ្គាវើល។
លោក បែ មករា អ្នកចាត់ការទូទៅក្លិបបឹងកេត បាននិយាយថា៖ «ដោយសារលទ្ធផល ២ ឆ្នាំចុងក្រោយនេះ យើងមិនដណ្តើមបានជើងឯក អ៊ីចឹងយើងមានការផ្លាស់ប្តូរកីឡាករ និងរឹតត្បិតទៅលើការនាំយកកីឡាករបរទេសថ្មីៗមកជួយក្រុម គឺធ្វើយ៉ាងណាឲ្យការលេងរបស់យើងមានគុណភាពល្អ»។
ដោយឡែកក្លិបក្រសួងការពារជាតិ (ទ័ព) ដែលបានធ្លាក់ទៅឈរនៅលេខ ៧ កាលពីឆ្នាំមុននោះ បាននឹងកំពុងពង្រឹងគុណភាពលេងរបស់ក្រុមឲ្យប្រសើរវិញ ខណៈកីឡាករល្អៗ ដូចជា ឈិន ឈឿន, ច្រឹង ពលរដ្ឋ និងអ្នកចាំទី អ៊ុំ វិចិត្រ ជាដើម សុទ្ធតែចាកចេញនោះ។ ជាមួយគ្នានេះ ទ័ពបាននាំយកកីឡាករ ៥ សញ្ជាតិ រួមមានជប៉ុន កូរ៉េខាងត្បូង ប្រេស៊ីល កាមេរូន និងនីហ្សេរីយ៉ា មកជួយក្រុម ដើម្បីជួយបំពេញមហិច្ឆតា ដណ្តើមឈរនៅ Top4 វិញ។
លោក ទេព ឡុងរចនា អ្នកចាត់ការទូទៅក្រុមទ័ព បានប្រាប់ថា៖ «យើងឃើញថា ក្លិបធំៗមួយចំនួនបានចំណាយលុយចូល ១ លានដុល្លារ ក្នុង ១ ឆ្នាំៗ ក្នុងការពង្រឹងក្រុម ដើម្បីប្រជែងយកពាន ប៉ុន្តែយើងក៏មានគោលដៅប្រជែងឲ្យបាន Top4 ដែរ ហើយបើមានឱកាសយើងនៅរក្សាកូនចិត្តក្នុងការប្រជែងយកពាន គឺយើងមិនថយក្រោយទេ ទោះបីជាកញ្ចប់ថវិកាចំណាយរបស់យើងមានកំណត់មិនដូចក្លិបធំៗទាំងនោះក៏ដោយ តែកីឡាករបរទេស ដែលយើងបានចុះកុងត្រា គឺមានគុណភាពល្អ»។
ចំណែកក្លិបភ្នំពេញក្រោន ក៏រៀបចំក្រុមបានយ៉ាងល្អដែរ ដោយក្រុមនេះ បានបន្តចុះកុងត្រា និងនាំចូលកីឡាករបរទេសសរុប ៥ នាក់ ដើម្បីបង្រ្គប់កូតា ក្នុងនោះមានខ្សែបម្រើប្រយុទ្ធប្រេស៊ីល Paulo Victors កីឡាករកូឡុំប៊ី Andr''s Nieto ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Okereke Timothy និង Paul Omogba និងកីឡាករជប៉ុន Masaaki Ideguchi។
លោក ស៊ុំ វណ្ណា គ្រូបង្គោលក្រុមភ្នំពេញក្រោន បានប្រាប់ថា៖ «រដូវកាលនេះ យើងត្រៀមល្អ ដោយយើងបានកែប្រែនូវកំហុសឆ្គង និងចំណុចខ្វះខាតរួចរាល់អស់ហើយ។គោលដៅរបស់យើង គឺត្រូវប្រជែងឲ្យបាន Top4 ហើយយើងក៏នឹងប្រជែងយកពានផងដែរ បើសិនជាយើងមានឱកាស»។
ផ្ទុយពីនេះក្រុមណាហ្គាវើល ដែលទើបបានឈ្នះតំណែងជើងឯងជាថ្មីកាលពីឆ្នាំ ២០១៨ មុនធ្លាក់មកឈរលេខ ៣ កាលពីឆ្នាំ ២០១៩ ហាក់ បានទម្លាក់ចុះនៅមហិច្ឆតារបស់ខ្លួនបន្តិច ខណៈរដូវកាលនេះ ណាហ្គាវើល បានដាក់បញ្ចូលកីឡាករថ្មីៗឲ្យចូលលេងច្រើន ហើយកីឡាករបរទេស ក៏ថ្មីទាំង ៥ នាក់ដែរ ក្នុងនោះមានជប៉ុន ២ នាក់ ឯ ៣ នាក់ទៀត ជាជនជាតិ នីហ្សេរីយ៉ា ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង។
លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល បាននិយាយថា៖ «ការប្រជែងយកពាន ឬយ៉ាងណានោះ យើងមិនទាន់អាចនិយាយបានទេ ព្រោះទាក់ទងទៅនឹងការពង្រឹងក្រុម យើងមើលឃើញថា ទាំងស្វាយរៀង វិសាខា បឹងកេត ភ្នំពេញក្រោន និង អង្គរថាយហ្គឺរ គឺគេដាក់គោលដៅចេញមក យកពានតែម្តង ប៉ុន្តែយើងមិនទាន់ដឹងថា អ្នកណាលើកពាននោះទេ ចំណែកការដាក់ចេញគោលដៅរបស់យើង មិនត្រឹមតែពានទេ តែយើងចង់ស្ថិតនៅក្នុងកម្រិតមួយដែលល្អ ហេតុនេះទាក់ទងការចំណាយ យើងស្ថិតនៅក្រោមក្រុមមួយចំនួន»។
ចំណែកក្រុមអាស៊ីអឺរ៉ុប ដែលបានលេខ ១០ នោះ ក៏បានដាក់គោលដៅប្រជែងឲ្យបានក្នុងតំណែងជាក្រុមឈរនៅ Top4 នៅរដូវកាលនេះដែរ រីឯក្រុមគិរីវង់សុខសែនជ័យដែលបានលេខ ៩ កាលពីឆ្នាំ ២០១៩ គឺបានដាក់គោលដៅដណ្តើមយកចំណាត់ថ្នាក់ក្នុងរង្វង់លេខ ៥ ឬលេខ ៦ ហើយរដូវកាលនេះ គិរីវង់ បាននាំចូលកីឡាករបរទេសត្រឹម ៤ នាក់ប៉ុណ្ណោះ៕
កម្មវិធីប្រកួតនៅថ្ងៃសៅរ៍
-ភ្នំពេញក្រោន v អគ្គិសនីកម្ពុជា កីឡដ្ឋាន RSN ម៉ោង ៦:០០
-វិសាខា v នគរបាលជាតិ កីឡដ្ឋានវិសាខា ម៉ោង ៦:០០
- Bati Academy v ទ័ព នៅមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី ម៉ោង ៣:៣០
៣ ប្រកួតនៅថ្ងៃអាទិត្យ
-អង្គរថាយហ្គឺរ v បឹងកេត កីឡដ្ឋាន SRU ម៉ោង ៣:៣០
-អាស៊ីអឺរ៉ុប v គិរីវង់ កីឡដ្ឋាន AEU ម៉ោង ៣:៣០
-ស្វាយរៀង v សូលទីឡូអង្គរ កីឡដ្ឋានខេត្តស្វាយរៀង ម៉ោង៦:០០