ក្រុងប៊ែរឡាំង៖ ដោយសារក្លិបកំពូលៗ នៅក្នុងក្របខ័ណ្ឌ Bundesliga បានត្រឡប់មកហ្វឹកហាត់វិញ ក្រុមគូប្រជែងនៅអឺរ៉ុប ដែលមានចិត្តច្រណែនកំពុងតាមដានមើលយ៉ាងយកចិត្តទុកដាក់ថា តើក្លិបរបស់ប្រទេស អាល្លឺម៉ង់ ទាំងអស់នេះ ទទួលបានផលចំណេញ ឬខាត ពេលការប្រកួតចាប់ផ្ដើមវិញ។
លីកធំៗរបស់ទ្វីបអឺរ៉ុប កំពុងអន្ទះអន្ទែងយ៉ាងខ្លាំង ក្នុងការត្រឡប់មកធ្វើការប្រកួតឡើងវិញ ដើម្បីទប់ស្កាត់វិបត្តិហិរញ្ញវត្ថុរបស់ខ្លួន ដោយសារការធ្វើទុក្ខបុកម្នេញរបស់ជំងឺកូវីដ ប៉ុន្តែបើពួកគេចាប់ផ្ដើមវិញលឿនពេក ពួកគេអាចប្រឈមហានិភ័យដែលធ្វើឲ្យកីឡាកររបស់ខ្លួនមានជំងឺ ខណៈត្រឡប់មកយឺតពេកក៏ធ្វើឲ្យពួកគេខាតបង់ប្រាក់ចំណូល។
បន្ថែមពីលើការព្រួយបារម្ភបញ្ហាសុខភាព នៅពេលមានការហ្វឹកហាត់វិញនេះ វាបង្ហាញពីបញ្ហានៃភាពយុត្តិធម៌ត្រឹមត្រូវថា តើការដែលក្លិបខ្លះអាចចាប់ផ្ដើមលឿនជាងក្លិបដទៃ វានឹងអាចប៉ះពាល់ដល់ការប្រកួត និងបង្កើតឲ្យមានលទ្ធផលឆ្កួតលេលាដែរ ឬទេ?។
បញ្ហានេះ បានកើតមាន នៅប្រទេស អាល្លឺម៉ង់ ដែលក្រុមឈរលេខ ១ និងលេខ ២ ក្នុងតារាងពិន្ទុ គឺ Bayern Munich និង Borussia Dortmund ព្រមទាំងក្លិបដទៃមួយចំនួនផ្សេងទៀត នាំគ្នាចាប់ផ្ដើមមកកាន់ទីលានហាត់វិញបណ្ដើរៗ ក្នុងលក្ខណៈជាក្រុមតូចៗ នៅដើមសប្ដាហ៍នេះ ខណៈក្របខ័ណ្ឌ Bundesliga សង្ឃឹមថា នឹងអាចចាប់ផ្ដើមសកម្មភាពប្រកួតវិញ នៅដើមខែឧសភា ក្រោយគាំងដំណើរកាលពីពាក់កណ្ដាលខែមីនា។
លោក Martin Przondziono ប្រធានផ្នែកកីឡារបស់ក្រុម Paderborn បានប្រាប់ SID ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅអាល្លឺម៉ង់របស់ AFP ថា៖ «យើងត្រូវរួមបញ្ចូលគ្នានូវគោលដៅសំខាន់ៗ ២ គឺថាបន្តរក្សាកីឡាករឲ្យស្ថិតក្នុងស្ថានភាពល្អ ហើយក្នុងពេលតែមួយ ត្រូវបញ្ចៀសការឆ្លងជំងឺ ដែលអាចកើតមាន»។
ក្រុម RB Leipzig បានបន្តមិនធ្វើការហ្វឹកហាត់សម្រាប់ក្រុមខ្លួន ខណៈក្រុម Augsburg បានចាប់ផ្ដើម កាលពីថ្ងៃទី ២៣ ខែមីនា ហើយគិតត្រឹមថ្ងៃចន្ទដើមសប្ដាហ៍នេះ មានតែ Freiburg និង Werder Bremen ប៉ុណ្ណោះ ដែលមិនទាន់ត្រឡប់មកធ្វើសកម្មភាពរបស់ខ្លួនឡើងវិញ។
ជុំវិញបញ្ហានេះ លោក Florian Kohfeldt គ្រូបង្វឹកក្រុម Werder Bremen បានប្រាប់ SID ថា គាត់បារម្ភពីការខូចទ្រង់ទ្រាយនៃការប្រកួតនាពេលខាងមុខ។
ចំណែកលោក Carlo Ancelotti អតីតអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអ៊ីតាលី និងបច្ចុប្បន្ន កំពុងដឹកនាំក្រុមនៅអង់គ្លេស Everton បានប្រាប់កាសែត L''Equipe ថា៖ «រឿងសំខាន់មួយ គឹថាក្លិបទាំងអស់ ត្រូវចាប់ផ្ដើមហាត់ដំណាលគ្នា គ្មានមុន គ្មានក្រោយ ដើម្បីធានាថា ក្រុមទាំងអស់ មិនមានក្រុមណាចំណេញជាងក្រុមណា»។
នៅពេលសួរថា តើត្រូវការយូរប៉ុនណា ដើម្បីឲ្យកីឡាករទាំងអស់ មានភាពរឹងមាំឡើងវិញ ដើម្បីនឹងអាចប្រឈមជាមួយក្រុមធំៗ នៅអឺរ៉ុប ក្រោយពីមានការរំខានពាក់កណ្ដាលរដូវកាលដែលមិនធ្លាប់កើតមានពីមុនមកនោះ លោក Juanjo Del Ojo គ្រូបង្ហាត់ផ្នែកកាយសម្បទាក្នុងក្លិប Monaco បានប្រាប់ AFP ថា៖ «វាអាស្រ័យលើការផ្អាកនេះយូរប៉ុនណា។ បើវាបន្តដល់ ៥ ឬ ៦ សប្ដាហ៍នោះ យើងត្រូវការពេលយ៉ាងតិច ៣ សប្ដាហ៍ មុនពេលយើងអាចត្រឡប់ទៅចាប់ផ្ដើមការប្រកួតវិញ ដោយសុវត្ថិភាព និងកាត់បន្ថយហានិភ័យដែលនាំឲ្យមានរបួស»៕ AFP/VN