ក្លិបនៅ Premier League ដកខ្លួនពីគម្រោងផែនការរបស់លីគថ្មី Super League

ក្រុងឡុងដ៍៖ គម្រោងផែនការក្នុងការបង្កើតលីគថ្មីEuropean Super League (ESL) បានបរាជ័យហើយកាលពីថ្ងៃអង្គារ ដោយសារក្រុម Manchester United, Liverpool, Arsenal និង Tottenham Hotspur រួមជាមួយក្រុម Manchester City បានដកខ្លួនចេញពីគ្រោងការដ៏ចម្រូងចម្រាសដែលបង្កឱ្យមានប្រតិកម្មខឹងសម្បាយ៉ាងខ្លាំង។
ក្រុមតោខៀវ Chelsea ត្រូវបានរាយការណ៍ថា នឹងដើរតាមក្រុមរួមលីគរបស់ខ្លួន ដោយទុកឱ្យក្រុមចំនួន ៦ ទៀត ដូចជា Real Madrid, Barcelona, Atletico Madrid, AC Milan, Inter Milan និង Juventus នៅតែពាក់ព័ន្ធនឹងគម្រោងនេះ។
ESL ត្រូវបានរៀបចំបង្កើតឡើងដោយក្រុមយក្សអឺរ៉ុបដើម្បីធានាឱ្យបាននូវប្រាក់ចំណូលបន្ថែមទៀតពីការប្រកួត ដោយមិនមានហានិភ័យនៃការបាត់បង់សិទ្ធិសម្រាប់សមាជិកស្ថាបនិកទាំង ១៥ ក្រុមនោះ។
តែយ៉ាងណា ប្រតិកម្មចំពោះគម្រោងនេះត្រូវបានរិះគន់យ៉ាងខ្លាំង ដោយអ្នកនយោបាយ និងអាជ្ញាធរបាល់ទាត់ បានគំរាមថានឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងក្រុមទាំង ១២ ដែលត្រូវបានប្រាប់ថា ពួកគេប្រឈមនឹងការហាមឃាត់នាពេលខាងមុខមិនឱ្យចូលរួមប្រកួតប្រជែងពានរង្វាន់ក្នុងស្រុក និងប្រចាំទ្វីប។
ក្រុមបិសាចក្រហម Man United បានឱ្យដឹងក្នុងសេចក្ដីប្រកាសពីការដកខ្លួននេះថា៖ «ក្រុម Manchester United នឹងមិនមានចំណែករួមក្នុង European Super League ទៀតទេ។ យើងបានស្ដាប់យ៉ាងយកចិត្តទុកដាក់ចំពោះប្រតិកម្មពីសំណាក់អ្នកគាំទ្ររបស់យើង រដ្ឋាភិបាលចក្រភពអង់គ្លេស និងម្ចាស់ភាគហ៊ុនសំខាន់ៗដទៃទៀត»។
ចំណែកក្រុមហង្សក្រហម Liverpool បានឱ្យដឹងក្នុងសេចក្ដីប្រកាសរបស់ខ្លួនថា៖ «ក្រុមបាល់ទាត់ Liverpool សូមធ្វើការអះអាងថា ការពាក់ព័ន្ធរបស់យើង ក្នុងគម្រោងផែនការដើម្បីបង្កើត European Super League ត្រូវបញ្ឈប់ហើយ។ នៅប៉ុន្មានថ្ងៃនេះ ក្លិបទទួលការជំទាស់ជាច្រើនពីម្ចាស់ភាគហ៊ុនសំខាន់ៗ ទាំងក្រុងស្រុក និងក្រៅស្រុក ហើយពួកយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការចូលរួមមតិយោបល់ដ៏មានតម្លៃរបស់ពួកគេ»។
ជាមួយគ្នានេះ ក្រុមកាំភ្លើងធំ Arsenal បានធ្វើការសុំទោសដល់អ្នកគាំទ្ររបស់ខ្លួនក្នុងសេចក្ដីប្រកាសថា៖ «វាមិនមែនជាចេតនារបស់ពួកយើង ដែលចង់បង្កឱ្យមានភាពតានតឹងបែបនេះឡើយ។ បន្ទាប់ពីបានស្ដាប់អ្នកទាំងអស់គ្នា និងសហគមន៍បាល់ទាត់ទូទៅ នៅប៉ុន្មានថ្ងៃនេះ យើងសម្រេចដកខ្លួនពីគម្រោងបង្កើត Super League នេះហើយ។ ពួកយើងភ្លាត់បង្កើតកំហុស ដូច្នេះ ពួកយើងសុំការអត់ឱនទោសចំពោះរឿងនេះ»។
អ្នកគាំទ្ររបស់ក្រុម Chelsea បាននាំគ្នាមកជួបជុំក្រៅកីឡដ្ឋាន Stamford Bridge ដើម្បីធ្វើការតវ៉ា នៅមុនក្រុមរបស់ពួកគេលេងស្មើ ០-០ ជាមួយក្រុមភ្ញៀវ Brighton អំឡុងការប្រកួត ក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃអង្គារ ហើយក្រោយមក ពួកគេក៏នាំគ្នាសម្ដែងក្ដីរីករាយពេលឮព័ត៌មានថា ក្រុមតោខៀវ ត្រៀមដកខ្លួនចេញពីលីគថ្មីនេះ។
មុនការប្រកួតជាមួយក្រុម Southampton នៅថ្ងៃពុធនេះ ក្រុម Spurs ចេញសេចក្ដីប្រកាសថា៖ «យើងអាចបញ្ជាក់បានថាយើងដកខ្លួនជាផ្លូវការចេញពីក្រុមស្ថាបនិកបង្កើត Super League ហើយ។ យើងជឿជាក់ថាយើងនឹងមិនឈប់ស្ងៀមក្នុងការអភិវឌ្ឍកីឡានេះ និងការប្រកួតប្រជែងឡើយ។យើងត្រូវតែធ្វើឱ្យប្រាកដថាហ្គេមដែលយើងគ្រប់គ្នាស្រឡាញ់នឹងបន្តវិវឌ្ឍទៅមុខរឿយៗ ហើយបង្កើតបាននូវភាពរំភើបរីករាយ សម្រាប់អ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក។ យើងសូមថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ដែលបានផ្តល់មតិយោបល់ផ្សេងៗចំពោះបញ្ហានេះ»៕ AFP/VN





