ក្រុងសៅប៉ូឡូ៖ ក្លិប​បាល់​ទាត់​ធំៗ​របស់​ប្រទេស​ ​ប្រេស៊ីល បាន​ប្រគល់​កីឡដ្ឋាន​របស់​ពួក​គេ​ឲ្យ​ទៅ​ក្រុម​មន្ត្រី​​សុខាភិបាល ដើម្បី​ធ្វើ​ជា​កន្លែង​ព្យាបាល​អ្នក​ជំងឺ ដែល​ទង្វើ​នេះ គឺ​ចង់​រួម​ចំណែក​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាលដាល​វីរុស​កូរ៉ណា​ដ៏​គ្រោះថ្នាក់​។


ដោយសារ​ការ​ប្រកួត​បាល់ទាត់​ក្នុង​ប្រទេស​ត្រូវ​ផ្អាក​រយៈពេល​វែង ធ្វើ​ឲ្យ​ជាង​ពាក់​​កណ្ដាល​នៃ​ក្លិប​ ដែល​លេង​ក្នុង​ក្របខ័ណ្ឌ Serie A របស់​ប្រទេស ​ប្រេស៊ីល បាន​លះបង់​​កីឡដ្ឋាន​របស់​ពួក​គេ ស្រប​ពេល​ដែល​ខាង​​ក្រុម​គ្រូ​ពេទ្យ​ ក្នុង​ក្រុង Sao Paulo និង​ក្រុង Rio de Janeiro កំពុង​ស្វះស្វែង​រក​កន្លែង​​ដាក់​អ្នក​ជំងឺ ដោយសារ​មន្ទីរ​ពេទ្យ​មិន​អាច​ទទួល​អស់​។​​

ក្រុម​ជើង​ឯក​ប្រចាំ​ទ្វីប​អាមេរិក​ឡាទីន​ បច្ចុប្បន្ន​គឺ​ក្រុម Flamengo បាន​សម្រេច​ផ្ដល់​សិទ្ធិ​គ្រប់គ្រង​កីឡដ្ឋាន​ដ៏​ល្បី​របស់​ខ្លួន គឺ Maracana នា​ក្រុង Rio de Janeiro ឲ្យ​ទៅ​ក្រុម​មន្ត្រីពេទ្យ​រួច​រាល់​ហើយ​ដែរ។ នេះ​បើ​តាម​សម្ដី​របស់​ប្រធាន​ក្លិប គឺ​លោក Rodolfo Landim​។


លោក​ Landim បាន​សរសេរ​សារ​ផ្ញើ​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ក្លិប​ថា​៖ ​«​ក្នុង​ពេល​វេលា​ដ៏​សែន​អាប់អួ​នេះ ខ្ញុំ​ចង់​ជូន​ដំណឹង​ដល់​​អ្នក​គាំទ្រ​ក្រុម​ក្រហម​ខ្មៅ​ដ៏​ស្មោះ​ស្ម័គ្រ​​ទាំង​ឡាយ​ឲ្យ​បាន​ដឹង​ថា ​យើង​កំពុង​ប្រឹងប្រែង​រួម​ចំណែក​ជួយ​ឲ្យ​អ្វីៗ​ប្រសើរ​ឡើង​វិញ​។ សូម​ចូលរួម​ថែ​ទាំ​ចាស់ៗ​ទាំង​អស់​គ្នា​ ហើយ​ចូលរួម​​ជួយ​អ្នក ​ដែល​កំពុង​ត្រូវ​ការ​ជំនួយ​ខ្លាំង​​បំផុត​»​។​​


ជាមួយ​គ្នា​នេះ អាជា្ញធរ​ក្នុង​ក្រុង Sao Paulo ដែល​ជា​ក្រុង​ធំ​បំផុត​របស់​ប្រទេស ​ប្រេស៊ីល បាន​ប្រាប់​ថា ​នឹង​ដំឡើង​​គ្រែ​សម្រាប់​អ្នក​ជំងឺ​ចំនួន ​២០០ គ្រែ ក្នុង​កីឡដ្ឋាន Pacaembu ដើម្បី​ជួយ​សម្រាល​មន្ទីរពេទ្យ​របស់​ក្រុង។ ​


ក្រៅ​ពី​កីឡដ្ឋាន​របស់​ Flamengo កីឡដ្ឋាន​​ផ្សេង​ទៀត មាន​ដូច​ជា Itaquerao របស់​ក្រុម​ Corinthians និង Vila Belmiro របស់​ក្រុម​​ Santos ជា​ដើម​ សុទ្ធ​តែ​ត្រូវ​បាន​​ប្រកាស​​ថា បាន​ប្រគល់​​ឲ្យ​​ទៅ​​ពេទ្យ​រួច​រាល់​ហើយ​ ដើម្បី​យក​ទៅ​ធ្វើ​ជា​កន្លែង​សម្រាប់​ព្យាបាល​អ្នក​​ជំងឺ​កូវីដ ​១៩​ ​ដែល​ត្រូវ​បាន​គេ​អះអាង​ថា មាន​មនុស្ស​ប្រមាណ ​១ ១២៨ ​​នាក់ បាន​ឆ្លង​ ហើយ ​១៨ ​នាក់​បាន​ស្លាប់​ ក្រោយ​វីរុស​នេះ​បាន​រាលដាល​មក​ដល់​ប្រទេស​ ​ប្រេស៊ីល​។

រដ្ឋមន្ត្រី​សុខាភិបាល​របស់​ប្រទេស ​ប្រេស៊ីល​ លោក​ Luiz Henrique Mandetta បាន​ទាយ​ទុក​​ថា ​វីរុស​នេះ​នឹង​ឡើង​ដល់​កម្រិត​កំពូល​របស់​វា ក្នុង​ប្រទេស​របស់​លោក ក្នុង​ចន្លោះ​រវាង​ខែ​មេសា និង​មិថុនា ហើយ​លោក​ក៏​​​​ប៉ាន់ស្មាន​ថា​ អាច​នឹង​ធ្លាក់​ចុះ​ចាប់​ពី​ខែ​កញ្ញា​។​​​

ជាមួយ​គ្នា​នេះ លោក Mandetta បាន​ធ្វើ​ការ​ព្រមាន​ថា​ ប្រព័ន្ធ​សុខភាព​របស់​ប្រទេស​ ដែល​មាន​ប្រជាជន ២១០ ​លាន​នាក់​នេះ អាច​នឹង​ពេញ​ប្រៀប​ត្រឹម​ដំណាច់​ខែ​មេសា​នេះ​៕ AFP/VN