ក្រុង​ឡុងដ៍៖ ក្លិប Chelsea បាន​សម្រេច​ដាក់​ឲ្យ​ខ្សែ​បម្រើ​វ័យ​ក្មេង​ Billy Gilmour ចូល​លេង​នៅ​ក្នុង​ក្រុម​ជម្រើស​ទី ​១ ​ជា​អចិន្រ្តៃយ៍​។​


ខ្សែ​បម្រើ​​ Gilmour អាយុ ​១៨ ​ឆ្នាំ ​បាន​បង្ហាញ​ខ្លួន ​៥ ​លើក ​សម្រាប់​ក្រុម​កីឡាករ​អាជីព​របស់​ក្រុម​ Chelsea នៅ​រដូវ​កាល​នេះ ​ប៉ុន្តែ​​កីឡាករ​រូប​នេះ​ត្រូវ​ប្រើ​ជា​ទូទៅ​នៅ​ក្នុង​ការ​ប្រកួត​ក្រោម​អាយុ​ ២៣ ​ឆ្នាំ ​របស់​ក្លិប​នេះ​។​

ទោះ​យ៉ាង​ណា​ កីឡាករ​វ័យ​ក្មេង​សញ្ជាតិ​ស្កុតឡេន​រូប​នេះ ​បាន​បង្ហាញ​ពី​ការ​សន្យា​ដ៏​អស្ចារ្យ​ចំពោះ​បុគ្គលិក​បង្វឹក​ដែល​ពួក​គេ​បាន​សម្រេច​​ចិត្ត​ថា ទេពកោសល្យ​របស់​រូប​គេ​នឹង​កាន់​តែ​ល្អ​ប្រសើរ​នៅ​ក្នុង​ក្រុម​ជម្រើស​ទី ​១​។​​


លោក Frank Lampard ទទួល​​បាន​ការ​​សរសើរ​ចំពោះ​ការ​ប៉ិន​ប្រសប់​នៅ​ក្នុង​ការ​ប្រើ​​កីឡាករ​ក្មេងៗ​នៅ​រដូវកាល​នេះ​ ហើយ​កីឡាករ​ Gilmour ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កីឡាករ​ម្នាក់​ដែល​នឹង​មាន​ពន្លឺ​បំផុត​នៅ​ក្រុម​ Chelsea។​​


លោក Lampard បាន​ឲ្យ​កីឡាករ Gilmour ដឹង​ពី​ការ​សម្រេច​ចិត្ត​របស់​គាត់​នេះ​នៅ​ក្នុង​អំឡុង​ពេល​ដែល​​ក្លិប Chelsea បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ ទឹក​ដី​ក្រុម Leicester City នៅ​ដើម​ខែ​កុម្ភៈ ​នេះ​។​​


ខ្សែ​បម្រើ​ Gilmour បាន​ប្រាប់​គេហទំព័រ​ផ្លូវ​ការ​របស់​ក្លិប ​តោខៀវ Chelsea ថា៖ «​វា​ជា​ពេល​វេលា​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ខ្ញុំ​ ហើយ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​»។​

ខ្សែ​បម្រើ​រូប​នេះ​បាន​បន្ថែម​ថា៖ «​ខ្ញុំ​បាន​ទៅ​ជាមួយ​ក្រុម​នេះ ​ទៅ​កាន់​ទឹក​ដី​ក្លិប Leicester ហើយ​បើ​ទោះ​ជា​ខ្ញុំ​មិន​បាន​ចូល​លេង​ក៏​ពិត​មែន ​ប៉ុន្តែ​គ្រូ​បង្វឹក​ Lampard បាន​ប្រាប់​ខ្ញុំ​ថា ក្រោយ​ពី​ការ​សម្រាក​​រដូវ​ត្រជាក់​នេះ​​ហើយ​ ខ្ញុំ​នឹង​ចូល​រួម​ជាមួយ​ក្រុម​ដំបូង​ជា​រៀង​រហូត​»។​​

ខ្សែ​បម្រើ​វ័យ​ក្មេង​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «វា​ជា​ក្តី​សុបិន​ក្លាយ​ជា​ការ​ពិត​សម្រាប់​ខ្ញុំ​។ ខ្ញុំ​គិត​ថា ​វា​​ជា​ជំហាន​ធំ​លើក​​ដំបូង​ឆ្ពោះ​ទៅ​​បន្ទប់​សម្រាក​របស់​​ក្រុម​​ដំបូង​​នៅ​​ក្លិប​​មួយ​​ដូច​​ជា​​ក្លិប​​ Chelsea​។ វា​ពិត​ជា​អស្ចារ្យ​ណាស់​សម្រាប់​ខ្ញុំ​»​។

ខ្សែ​បម្រើ​ Gilmour បាន​បន្ថែម​ថា៖ «​ការ​ដឹង​ថា ​អ្នក​គ្រប់គ្រង​មាន​ជំនឿ​​ចិត្ត​ចំពោះ​ខ្ញុំ​បែប​នេះ ​គឺ​ពិត​ជា​ប្រសើរ​ខ្លាំង​ណាស់​ព្រោះ​វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ខ្លាំង​មែន​ទែន​នៅ​ពេល​ដែល​ខ្ញុំ​ឈាន​ជើង​ចូល​ទី​លាន​នេះ​។ ខ្ញុំ​គិត​ថា​ រឿង​នេះ​​គឺ​ដូច​អ្នក​ដទៃ​ទៀត​​នៅ​ទី​នេះ​អ៊ីចឹង​ដែរ​»​។

ខ្សែ​បម្រើ​រូប​នេះ​បាន​បន្ត​ថា៖ «​កត្តា​អាយុ​មិន​មែន​ជា​បញ្ហា​នោះ​ទេ​នៅ​ទី​នេះ​។ អ្នក​ចាត់​ការ​បាន​បង្ហាញ​ថា​ ប្រសិន​បើ​អ្នក​ខិតខំ​ និង​មាន​ទម្រង់​លេង​​ល្អ នោះ​អ្នក​នឹង​ទទួល​បាន​ឱកាស​ ហើយ​សង្ឃឹម​ថា ខ្ញុំ​​អាច​បន្ត​​ខិតខំ​ធ្វើ​ការ​ហ្វឹកហាត់​​​រាល់​ថ្ងៃ»​។

គួរ​បញ្ជាក់​ដែរ​ថា ក្លិប​តោខៀវ​ Chelsea នឹង​ធ្វើ​ការ​ប្រកួត​ក្នុង​ទឹក​ដី​​របស់​ខ្លួន​ជា​មួយ​ក្រុម Man Utd នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​នេះ​៕ AFP/SN