ក្រុងឡុងដ៍៖ ក្លិប Tottenham បានឡើងដល់ជុំទី ៤ នៃការប្រកួត FA Cup ខណៈដែលកីឡាករ Giovani Lo Celso រកបាន ១ គ្រាប់ ដ៏កម្រក្នុងជ័យជម្នះរបស់ខ្លួន ២-១ ទៅលើក្រុម Middlesbrough ចំណែកខ្សែប្រយុទ្ធ Joelinton នៅក្រុម Newcastle រកបានគ្រាប់បាល់ជាលើកដំបូងតាំងពីខែសីហា ក្នុងជ័យជម្នះទៅលើក្រុម Rochdale កាលពីថ្ងៃអង្គារ។
ក្រុមរបស់លោក Jose Mourinho ស្ទើរតែបានផ្ដួលក្រុមកម្រិតលេខ ២ Middlesbrough នៅក្នុងរយៈពេល ១៥ នាទីដំបូង នៃការជួបគ្នាម្ដងទៀតនៅជុំទី ៣ នេះនៅកីឡដ្ឋាន Tottenham Hotspurs ទៅហើយដោយកីឡាករ Lo Celso និងកីឡាករ Erik Lamela ប៉ុន្តែគូប្រជែងរបស់ពួកគេរកបាន ១ គ្រាប់វិញ នៅនាទីទី ៨៣ ដោយកីឡាករ Saville។
កីឡាករ Lo Celso ដែលខ្ចីជើងមកពីក្លិប Real Betis បានជួយឲ្យក្រុម Spurs នាំមុខ ១ គ្រាប់មុន ហើយនេះជាគ្រាប់បាល់ទី ២ របស់រូបគេនៅរដូវកាលនេះ និងជាលើកដំបូងតាំងពីការប្រកួត Champions League ជាមួយក្រុម Red Star Belgrade កាលពីខែវិច្ឆិកា។
វាជាពេលវេលាជំរុញទឹកចិត្តមួយសម្រាប់ខ្សែបម្រើសញ្ជាតិអាហ្សង់ទីនរូបនេះ ដែលបានស៊ូទ្រាំនឹងរដូវកាលដ៏លំបាកមួយនៅភាគខាងជើងទីក្រុងឡុងដ៍ ប្រទេស អង់គ្លេស។
តាមពិតទៅក្រុម Tottenham របស់លោក Mourinho ចង់បានត្រឹមតែស្មើដូចការប្រកួតនៅកីឡដ្ឋាន Riverside កាលពីដើមខែនេះ ដើម្បីគេចផុតពីការធ្លាក់នៅក្នុងការប្រកួតពានរង្វាន់នេះ។
ប៉ុន្តែគ្រូបង្វឹករូបនេះបានធ្វើការផ្លាស់ប្ដូរ ៥ លើក ដើម្បីកុំឲ្យរងបរាជ័យដូចកាលពីចុងសប្ដាហ៍មុនក្នុងការប្រកួតជាមួយក្រុម Liverpool ដោយដាក់កីឡាករ Christian Eriksen ដែលមានទំនាក់ទំនងទៅចូលរួមនឹងក្រុម Inter Milan នៅខែមករានេះ ឲ្យចូលលេង បើទោះជាទម្រង់លេងរបស់កីឡាករ Dane កំពុងរងផលពីការជជែកពីការផ្ទេរក៏ដោយ។
លោក Mourinho បាននិយាយថា៖ «ខ្ញុំបានប្រាប់កូនក្រុមរបស់ខ្ញុំនៅតង់ទី ១ ថា ប្រសិនបើយើងមិនរកឲ្យបាន ៣-០ ទេ ពេលនោះលទ្ធផល ២-១ គឺយើងមានបញ្ហាហើយ ហើយវាបានកើតឡើងមែន»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «ក្មេងទាំងនេះកំពុងព្យាយាមអស់ពីលទ្ធភាព។ តើឥឡូវនេះពានរង្វាន់ FA Cup គឺជាពានសំខាន់ឬ? នៅក្នុងពេលនេះ វាមិនមែនជាអាទិភាពនោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺត្រូវលេងក្នុងការប្រកួតដ៏លំបាកមួយជាមួយក្រុម Watford ក្នុងក្របខ័ណ្ឌ Premier League»។
ចំណែកនៅកីឡដ្ឋាន St Jame''s Park ឯណោះវិញ ក្រុម Newcastle បានខ្ជះខ្ជាយពេលវេលាតិចតួចក្នុងការដាក់សម្ពាធទៅលើក្រុមកម្រិតលេខ ៣ Rochdale ខណៈដែលពួកគេបានកំណត់កាលបរិច្ឆេទជាមួយក្រុម Oxford ដែលលេងនៅលីក League One សម្រាប់វគ្គ ៣២ ក្រុមចុងក្រោយ នៅក្នុងទឹកដីខ្លួនឯងជាមួយជ័យជម្នះ ៤-១។
ទម្រង់លេងរបស់ក្លិប Newcastle ក្នុងការប្រកួតពានរង្វាន់ FA Cup គឺអាក្រក់បំផុតដែលពួកគេមិនធ្លាប់ឆ្លងកាត់ឲ្យហួសពីជុំទី ៤ អស់រយៈពេល ១៣ ឆ្នាំមកហើយ និងមិនដែលឈ្នះពានរង្វាន់នេះតាំងពីឆ្នាំ ១៩៥៥ ហើយការបានឡើងដល់វគ្គចុងក្រោយជាលើកចុងក្រោយរបស់ពួកគេ គឺនៅឆ្នាំ ១៩៩៩។
ខ្សែការពារ Eoghan O''Connell រកបាន ១ គ្រាប់មុនគេ ហើយគ្រាប់ទី ២ ដោយកីឡាករ Matty Longstaff បន្ទាប់មកកីឡាករ Almiron រកបាន ១ គ្រាប់ មុនពេលកីឡាករ Allan បន្ថែម ១ គ្រាប់ចុងក្រោយ ប៉ុន្តែនៅនាទីទី ៨៣ កីឡាករ M.J. Williams រកបាន ១ គ្រាប់ សម្រាប់ក្រុមភ្ញៀវ។
លោក Steve Bruce គ្រូបង្វឹកក្លិប Newcastle បាននិយាយថា៖ «វាជាការងារលំបាកមួយនៅចំពោះមុខព្រោះបន្ទុកដែលធ្លាក់មកលើអ្នក អាចកាន់តែលំបាក»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «អ្នកមិនដែលព្រួយបារម្ភដោយសារអ្នកឃើញគាត់ធ្វើការហ្វឹកហាត់ និងដឹងថា គាត់នឹងធ្វើបានសម្រេច។ ចូរយើងសង្ឃឹមថា វានឹងផ្ដល់ទំនុកចិត្តដល់គាត់»៕ AFP/SN