ក្រុង​ស៊ីដនី៖ ក្លិប​បាល់ទាត់​ធំ​មួយ​នៅ​ប្រទេស ​អូស្ត្រាលី​ Melbourne Victory បាន​បណ្ដេញ​គ្រូ​បង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​របស់​ខ្លួន​គឺ​លោក Marco Kurz ក្រោយ​ពី​ដឹកនាំ​បាន​តែ ​១៣ ​ប្រកួត ​កាល​ពី​ថ្ងៃ​ពុធ​គឺ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​គាត់​ត្រូវ​បាន​បណ្ដេញ​​ចេញ​ពី​ទីលាន​ប្រកួត​ដោយសារ​ប្រើ​ពាក្យ​មិន​សមរម្យ​។​


ក្លិប​លេង​នៅ​លីក​ A-League នេះ​បាន​តែងតាំង​ជំនួយ​ការ​គ្រូ​ម្នាក់​ដែល​ធ្លាប់​ធ្វើ​ជា​គ្រូ​យុវជន​នៅ​ក្លិប Real Madrid គឺ​លោក Carlos Perez Salvachua ឲ្យ​ធ្វើ​​ជា​គ្រូ​បង្វឹក​ដឹក​នាំ​បន្ត​​។​


ក្លិប Victory បាន​ឈ្នះ​តែ​ម្ដង​គត់​ក្នុង​ចំណោម ​៤ ​ប្រកួត​នៅ​រដូវកាល​នេះ​ និង​ចាញ់ ​៦ ​លើក​រួម​ទាំង​ការ​ចាញ់​ ៣-២​ ចំពោះ​ក្រុម Center Coast Marines ​ពី​ថ្ងៃ​ចន្ទ​ជា​ពេល​ដែល​គេ​​បាន​ឃើញ​លោក Kurz ទទួល​កាត​ក្រហម​សម្រាប់​ការ​ប្រមាថ​មន្ត្រី​ម្នាក់​។​​


ក្លិប​នេះ​បាន​និយាយ​ក្នុង​របាយការណ៍​ខ្លី​មួយ​ថា៖ «​ក្លិប​ Melbourne Victory សូម​ធ្វើ​ការ​ជូន​ដំណឹង​​ថា ក្លិប​នេះ​បាន​ចែក​ផ្លូវ​គ្នា​ជាមួយ​គ្រូ​បង្វឹក គឺ​លោក Marco Kurz និង​ជំនួយការ​គ្រូ​លោក Filip Tapalovic ស្រេច​បាច់​ហើយ​»។​


របាយការណ៍​របស់​ក្លិប​នេះ​បាន​បន្ថែម​ថា៖ «​ក្លិប​នេះ​សូម​ថ្លែង​អំណរ​គុណ​លោក Marco និង​លោក Filip ចំពោះ​ការ​បំពេញ​ការងារ​របស់​ពួក​គេ​នៅ​រដូវកាល​នេះ​»។​


លោក Kurz អតីត​ខ្សែ​ការពារ​នៅ​ក្លិប​ Borussia Dortmund បាន​ចាកចេញ​ពី​ក្រុម​ Adelaide United ដែល​លេង​នៅ​លីក​ A-League នៅ​ឆ្នាំ​នេះ ធ្វើ​ឲ្យ​មាន​បញ្ហា​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​ជាមួយ​ឋានៈ​របស់​ក្រុម​នេះ​ដោយសារ​កង្វះ​មូលនិធិ​ក្នុង​ការ​ជ្រើសរើស​កីឡាករ​ថ្មី​ចូល​ថែម​ទៀត​។

ក្លិប Victory បច្ចុប្បន្ន​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី ​៦ ​នៅ​ក្នុង​ក្របខ័ណ្ឌ A-League ដែល​មាន ​១១ ​ក្រុម​ ​និង​មាន ​១៩ ​ពិន្ទុ ​តាម​ពី​ក្រោយ​ក្រុម​ Sydney FC ដែល​ឈរ​នៅ​លើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ​​មួយ​នេះ​៕ AFP/SN