ភ្នំពេញ: សាលាខេត្ត​កណ្តាល​ព្រម​ទាំង​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​បាន​ឯកភាព​គ្នា​រួចរាល់​ហើយ​ក្នុង​ការរៀបចំ​ដាក់​ឲ្យ​មាន​ការប្រកួត​កីឡា​ចំនួន​ ៧ ​ប្រភេទ​នៅ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ខេត្ត​កណ្តាល​នៅ​មាត់ទន្លេ​នា​ក្រុង​តាខ្មៅ ដើម្បី​អបអរ និង​ចែកជូន​ដល់​មហាជន​ទស្សនា​កម្សាន្ត​សប្បាយ​រីករាយ​រយៈពេល​ ៣ ​ថ្ងៃ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ខាង​មុខ​នេះ​។


លោក ពៅ វណ្ណា ប្រធាន​ការិយាល័យ​កីឡា​នៃ​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត​កណ្តាល​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា​៖ «​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ឆ្នាំ​នេះ សាលាខេត្ត​កណ្តាល និង​មន្ទីរអប់រំ យុវជន និង​កីឡា​បាន​ត្រៀម​កីឡា​ ៧ ​ប្រភេទ​សម្រាប់​ការប្រកួត​ចំនួន​ ៣ ​ថ្ងៃ​ព្រម​ទាំង​មាន​កម្មវិធី​សិល្បៈ​ល្បែង​កម្សាន្ត​ប្រពៃណី​ជូន​បងប្អូន​ទស្សនា​កម្សាន្ត​អបអសាទរ​»​។


សម្រាប់​ប្រភេទ​កីឡា​ទាំង​ ៧ ដែល​គ្រោង​ដាក់​ឲ្យ​មាន​ការប្រកួត​នៅ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ខេត្ត​កណ្តាល​នេះ​មាន​កីឡា​ប្រដាល់​គុន​ខ្មែរ បាល់ទាត់ បាល់ទះ អត្តពលកម្ម ចំបាប់​បុរាណ អុកចត្រង្គ និង​ទាញព្រ័ត្រ​ដោយ​ដាក់​ឲ្យ​ប្រកួត​ពេញ​ទាំង​ ៣ ​ថ្ងៃ ហើយ​នេះ​ជា​លើក​ទី​ ២ ដែល​សាលា​ខេត្ត​កណ្តាល​បាន​រៀបចំ​ក្នុង​ទ្រង់ទ្រាយ​ធំ​អបអរសាទរ បន្ទាប់ពី​ឆ្នាំ​មុន​បាន​ប្រារព្ធ​ធ្វើ​សង្ក្រាន្ត​នេះ​ដែល​មាន​ការប្រកួត​កីឡា សិល្បៈ​កម្សាន្ត និង​ល្បែង​ប្រជាប្រិយ​ប្រពៃណី​ជាតិខ្មែរ នៅឯ​ភ្នំ​ព្រះរាជទ្រព្យ ស្រុក​ពញាឮ ខេត្ត​កណ្តាល​។


លោក ពៅ វណ្ណា បាន​លម្អិត​ថា​៖ «​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​គឺ​ពី​ថ្ងៃទី​ ១៤ ដល់​ថ្ងៃទី​ ១៦ ខែ​មេសា ឆ្នាំ​ ២០១៩ នៅ​ទីតាំង​ម្តុំ​មាត់ទន្លេ​គឺ​មាន​ការប្រកួត​ពេញ​ទាំង​ ៣ ​ថ្ងៃ​ក្នុង​នោះ​ប្រដាល់​គុន​ខ្មែរ​ដែល​ពី​ដំបូង​គ្រោង​ចំនួន​ ២ ​ថ្ងៃ ប៉ុន្តែ​ការអនុម័ត​ចុងក្រោយ​ថ្មីៗ​នេះ​គឺ​សម្រេច​ដាក់​ឲ្យ​ប្រកួត​តែ​ ១ ​ថ្ងៃ​វិញ​ទេ​គឺ​នៅ​ល្ងាច​ថ្ងៃទី​ ១៥ ខែ​មេសា​នៅ​មាត់ទន្លេ​ជ្រុង​ខាង​ជើង​ជិត​អ្នកតា​ចិន​»​។


ចំណែក​សមាសភាព​អ្នក​ប្រដាល់​គុន​ខ្មែរ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ពី​គណៈកម្មការ​ផ្គូផ្គង​នៃ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​មាន​ចំនួន​ ៦ ​គូ ហើយ​ក្នុង​នោះ​កីឡាករ សុខ សុវណ្ណ ត្រូវ​ដាក់​ឲ្យ​ប្រកួត​មិត្តភាព​អន្តរជាតិ​ក្នុង​ទម្ងន់​​ ៦០ ​គីឡូក្រាម​ជាមួយ​ជើង​ខ្លាំង​ថៃ PichYinThong ក្នុង​ទម្ងន់​ ៦០ ​គីឡូក្រាម​ដែល​ធ្លាប់​យក​ឈ្នះ​កីឡាករ​ខ្មែរ​ច្រើន​ណាស់​ដូចជា​ផ្តួល ឃីម បូរ៉ា ឲ្យ​ខូច​ជើង​ផងដែរ​។


ជាមួយ​គ្នា​នេះ​កីឡាករ យ៉ុន ដារ័ត្ន ត្រូវ​ដាក់​ឲ្យ​ប្រកួត​អន្តរជាតិ​ជាមួយ​កីឡាករ​ថៃ Pich Thing ក្នុង​ទម្ងន់ ៦៣,៥ ​គ.ក្រ ហើយ​ថៃ​ម្នាក់​នេះ​ក៏​ជា​ជើង​ខ្លាំង​ ១ ​រូប​ដែរ ខណៈ​ដែល​ការប្រកួត​ចុងក្រោយ​គេ​បាន​ចាញ់ ឡុង សំណាង ក្នុង​ការប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើម​ខ្សែក្រវាត់​នៅ​សង្វៀន SEATV​។ ចំណែក​ ៤ ​គូ​ទៀត​ជា​ការគូ​មិត្តភាព​រវាង​កីឡាករ​ក្នុង​ស្រុក​។

ទោះ​ជា​យ៉ាង​ណា​ការលុប​ចោល​ការប្រកួត​ប្រដាល់​នៅ​ថ្ងៃទី​ ១៦ ខែ​មេសា​ភា្លមៗ​នោះ​បាន​ធ្វើឲ្យ​កីឡាករ​ប្រដាល់​មួយ​ចំនួន​ដែល​មាន​ឈ្មោះ និង​បាន​ត្រៀមខ្លួន​រួចរាល់​ទៅ​ហើយ​នោះ​មាន​ការខកចិត្ត ហើយ​កីឡាករ​ដែល​ផ្អាក​ការប្រកួត​វិញ​នោះ​មាន ឈុន ប្រាក់កាក់​,​ផន សុខវិបុល​,​ឌុម កែវដប​,​អៀប ឆា​,​កែវ សំរិទ្ធ​,​សំខាន់ ប៉ាវជិន​,​សារឿន ច័ន្ទ​,​ឆៃ សារ៉ា​,​តូច ដាវីត និង ពុទ្ធ មានឈាន់​៕