ភ្នំពេញ៖ ក្រុមបាល់បោះនារីរបស់ ខេមអេដ ហាក់បារម្ភចំពោះការឆ្ពោះទៅរកការការពារតំណែងជើងឯកមេដាយមាសចំនួន ៣ សម័យកាលរបស់ខ្លួន នៅក្នុងការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសជ្រើសរើសជើងឯកទូទាំងប្រទេសប្រចាំឆ្នាំ ខណៈកីឡាការិនី ធ្លាប់មានស្នាដៃ និងជួយឲ្យក្រុមទទួលជ័យជម្នះជាច្រើននាក់ មិនអាចបន្តជួយក្រុមបានទៀតនោះ។
បើទោះបីជានាយកវិទ្យាស្ថានខេមអេដ លោក Casey Barnett នៅតែរៀបចំឲ្យមានការប្រកួតកីឡាបាល់បោះនារីប្រចាំឆ្នាំ ដើម្បីរកក្រុមកីឡាការិនីឆ្នើមលេងតំណាងឲ្យសាលារបស់ខ្លួន ប៉ុន្តែនិស្សិតនារីភាគច្រើន ដែលបានចូលរួមការប្រកួតនៅឆ្នាំនេះ ភាគច្រើនជាសិស្សថ្មី ចំណែកកីឡាការិនីមានបទពិសោធលេងល្អ និងធ្លាប់ជួយក្រុមឲ្យលើកពានកន្លងមកនោះ គឺពួកគេបានបញ្ចប់ការសិក្សាជិតអស់ទៅហើយ ហើយក៏មិនអាចបន្តជួយក្រុមខេមអេដ បានទៀតនោះដែរ។
លោក អ៊ុំ សូផាណារ៉ូ ជាគ្រូបង្វឹកបាល់បោះនារីរបស់វិទ្យាស្ថានខេមអេដ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «នៅពេលនេះ យើងនៅសល់តែកីឡាការិនីជើងចាស់ត្រឹម ២ នាក់ប៉ុណ្ណោះ សម្រាប់ជួយក្រុម ចំណែកអ្នកផ្សេងទៀតជាង ៩០ ភាគរយ គឺសុទ្ធតែជាសិស្សថ្មីទាំងអស់ ហើយជាធម្មតា អ្នកថ្មីតែងតែមានកម្រិតលេង ឬបទពិសោធលេងតិចជាងអ្នកចាស់ គឺវាមិនងាយស្រួលនោះទេ»។
គ្រូបង្វឹករូបនេះ បានបន្ថែមថា៖ «នៅពេលដែលសិស្សចាស់បានបញ្ចប់ការសិក្សាអស់ហើយនោះ គឺយើងត្រូវតែបន្តបណ្តុះអ្នកថ្មី ហើយការបណ្តុះអ្នកថ្មីសុទ្ធ ស្របពេលយើងមានភារកិច្ចត្រូវការពារតំណែងជើងឯកទៀតនោះ គឺក្នុងនាមខ្ញុំជាគ្រូមានការលំបាកច្រើន។ តែទោះបីជាយ៉ាងណា ទម្រាំដល់ការប្រកួត University Game យើងនៅសល់ពេលជិត ១ ឆ្នាំនេះ អ៊ីចឹងខ្ញុំនឹងប្រឹងប្រែងបណ្តុះបណ្តាលពួកគេ ធ្វើម៉េចរក្សាឈ្មោះសាលាឲ្យបាន ព្រោះអ្នកថ្មីទាំងនេះ ក៏មានឆន្ទៈខ្ពស់ក្នុងការលេងផងដែរ»។
លោក អ៊ុំ សូផាណារ៉ូ បានលើកឡើងបែបនេះ ក្រោយពេលលោកបានចំណាយពេល ២ សប្តាហ៍ ក្នុងការដឹកនាំការប្រកួតកីឡាបាល់បោះនារីដណ្តើមពានរង្វាន់ខេមអេដ ឆ្នាំ ២០១៩ ដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យ ហើយការប្រកួតលើវិញ្ញាសា ៣ នាក់ ទល់ ៣ នាក់ មាន ១៦ ក្រុមចូលរួមនេះ ក្រុម Possible បានក្លាយជាម្ចាស់ជើងឯក ក្រោយឈ្នះក្រុម Oyeo ៩-៧ ក្នុងវគ្គផ្តាច់ព្រ័ត្រ ឯក្រុម Wanderer បានលេខ ៣ ខណៈកីឡាការិនី សន ទិត្យធីនីកា របស់ក្រុមលេខ ៤ Felix Felicis បានក្លាយជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេ (២៧ គ្រាប់) ប្រចាំព្រឹត្តិការណ៍នេះ។
ជាមួយគ្នានេះ ក្រុមគ្រូបង្វឹកបាល់បោះរបស់ខេមអេដ នឹងធ្វើការជ្រើសរើសកីឡាការិនីមានសមត្ថភាពល្អ ចេញពីការប្រកួតនេះ ដើម្បីធ្វើការហ្វឹកហាត់រួមគ្នា ត្រៀមការពារតំណែងជើងឯករបស់ពួកគេក្នុងការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសជ្រើសរើសជើងឯកទូទាំងប្រទេស ប្រចាំឆ្នាំ ២០២០ ដែលត្រូវប្តូរទៅជាការប្រកួត University Game 2020 វិញម្តង។
ទាក់ទងនឹងការត្រៀមនេះ កីឡាការិនីមានបទពិសោធចាស់វស្សាជាងគេ ម៉ៅ ម៉ូលីដា របស់ក្រុម Possible និងជាអ្នកធ្លាប់ជួយឲ្យក្រុមខេមអេដ លើកពានបាន ៣ លើកនោះ បាននិយាយថា៖ «ការត្រៀមការពារតំណែងជើងឯករបស់យើងអាចនឹងមានការពិបាកជាងមុន ព្រោះពួកគាត់ថ្មី អ៊ីចឹងពេលជួបក្រុមសាកលវិទ្យាល័យផ្សេងទៀត គេអាចចាស់ជាងយើង ក៏ប៉ុន្តែក្រុមរបស់គេក៏មានអ្នកចាស់ឈប់ និងបញ្ចូលអ្នកថ្មីដូចយើងដែរ អ៊ីចឹងយើងនឹងខំប្រឹងបង្វឹកពួកគាត់ឲ្យល្អដើម្បីរក្សាតំណែងជើងឯករបស់យើង»៕