ភ្នំពេញៈ ភាពយន្ត​ខ្នាត​ធំ​និយាយ​ពី​ខ្សែជីវិត​របស់​កីឡាការិនី​ម្ចាស់​មេដាយមាស​ស៊ីហ្គេម​ឆ្នាំ​ ២០១៣ ផ្នែក​កីឡា​ចំបាប់ នី សំណាង មាន​ចំណងជើង​ថា «​បោកចំបាប់​ក្តីសង្ឃឹម​ចុងក្រោយ​» ដែល​ផលិត​ដោយ​ផលិតករ​ឥណ្ឌា ក្រោម​ការសហការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក (NOCC) ត្រូវ​បាន​ដាក់​បញ្ចាំង​នៅ​រោងកុន​ផ្សារ​ទំនើប​អ៊ីអន​ ១ កាល​ថ្ងៃ​អង្គារ​។


ខ្សែភាពយន្ត​នេះ​គឺ​មាន​ខ្លឹមសារ​ស្ដីពី​ខ្សែជីវិត​ពិត​របស់​ក្រុមគ្រួសារ​ឪពុក​បង្កើត​របស់​កីឡាការិនី​ចំបាប់​កម្ពុជា នី សំណាង ដែល​ធ្លាប់​ជា​អតីត​អ្នកលេង​កីឡា​ជើងចាស់​ចំបាប់​ប្រពៃណី​តាំងពី​ទស្សវត្សរ៍​ ១៩៦០ ​មក​ម្ល៉េះ ហើយ​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និង​លោក សោម សុគន្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ព្រម​ទាំង​កីឡាករ​កីឡាការិនី​ឆ្នើមៗ​មួយ​ចំនួន​ទៀត សុទ្ធតែ​មាន​វត្តមាន​នៅ​ក្នុង​ការដាក់​បញ្ចាំង​ខ្សែភាពយន្ត​ចំបាប់​នោះ ខណៈ​តួ​សំខាន់​ក្នុង​រឿង​នេះ​គឺ នី សំណាង និង​កីឡាករ​ចំបាប់ ងួន មករា ជា​ប្តី​ប្រពន្ធ​ពិតប្រាកដ​។

លោក វ៉ាត់ ចំរើន ដែល​ជា​ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ផង​នោះ​បាន​ថ្លែង​នៅក្នុង​ពិធី​ដាក់​បញ្ចាំង​ខ្សែភាពយន្ត​នេះ​ថា​៖ «​កម្មវិធី​នេះ គឺ NOCC ចង់​បង្ហាញ​ពី​ជីវិត​របស់​អ្នកកីឡា ឬ​អាច​និយាយ​ថា កីឡា និង​សិល្បៈ​ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​ជីវិត​ពិត​របស់​កីឡាការិនី​​ចំបាប់ នី សំណាង បាន​បន្ត​មរតក​កីឡា​ចំបាប់​ពី​ឪពុក​របស់​ខ្លួន​រហូត​បាន​ក្លាយ​ជា​កីឡាការិនី​ជម្រើសជាតិ ហើយ​ការព្យាយាម​យ៉ាង​មោះមុត​គឺ​ចុងក្រោយ សំណាង ដណ្ដើម​បាន​មេដាយមាស​ពី​ព្រឹត្តិការណ៍​ស៊ីហ្គេម​ទៀត​ជា​មោទនភាព​ដ៏អស្ចារ្យ​»​។


លោក វ៉ាត់ ចំរើន បាន​បន្ត​ថា​ឪពុក​បង្កើត​របស់ នី សំណាង គឺជា​កីឡាករ​ចំបាប់​ជម្រើសជាតិ​កម្ពុជា​ ១ ​រូប​កាលពី​ទសវត្សរ៍​ឆ្នាំ​ ១៩៦០ ហើយ​ក្រោយ​មក​គាត់​ចង់​ឲ្យ​កូន​បន្ត​មរតក​នេះ ប៉ុន្តែ​ដោយសារ​គាត់​គ្មាន​កូនប្រុស​ទើប​ជំរុញ​ឲ្យ​កីឡាការិនី នី សំណាង ចូល​លេង​ចំបាប់​ដើម្បី​បាន​សម្រេច​គោលដៅ​។


ចំណែក​លោក Munish Sharma ជា​ផលិតករ​ដ៏សំខាន់​ក្នុង​ការផលិត​រឿង «​បោកចំបាប់​ក្តីសង្ឃឹម​ចុងក្រោយ​» នេះ​គឺ​លោក​មាន​មហិច្ឆតា​ខ្ពស់ និង​លះបង់​ខ្លាំង ដើម្បី​ពុះពារ​ឲ្យ​ខ្សែ​ភាពយន្ត​នេះ​សម្រេច​បាន​លទ្ធផល​ល្អ ខណៈ​អ្នកចូលរួម​សម្តែង​គឺ​ភាគច្រើន​គ្មាន​ការព្រៀងទុក​ក្នុង​នោះ​មាន​ទាំង​អ្នកកីឡា គ្រូបង្វឹក និង​អ្នកសារព័ត៌មាន​កីឡា​គឺ​សុទ្ធតែ​អ្នក​មិន​មាន​អាជីព​ជា​សិល្បៈ​ឡើយ ។


ខ្សែភាពយន្ដ​នេះ​កើតឡើង​ដោយ​ការសហការ​គ្នា​រវាង NOCC និង​លោក Munish Sharma ជា​ផលិតករ​ភាពយន្ដ​ដ៏ល្បី​មកពី​ឥណ្ឌា ហើយ​នេះ​ជា​ប្រភេទ​ភាពយន្ដ​ខ្នាត​វែង​ដែល​មាន​រយៈពេល​ ២ ​ម៉ោង​ដោយ​ចំណាយ​ថវិកា​ផលិត​អស់​ជាង ៣០០ ០០០ ​ដុល្លារ ហើយ​ភាគី​ឥណ្ឌា​ជា​អ្នកចំណាយ​ទាំងអស់​តែម្តង​។

លោក វ៉ាត់ ចំរើន បាន​បន្ត​ថា​៖ «​មុន​នឹង​យក​មក​ដាក់​បញ្ចាំង​គឺ​យើង​បាន​យក​ខ្សែភាពយន្ត​នេះ​ទៅ​ប្រឡងប្រជែង​ក្នុង​មហោស្រព​ភាពយន្ដ​អន្តរជាតិ​ចំនួន​ ៥ ហើយ​បាន​ឈ្នះ​ពានរង្វាន់​ ៥ មាន​នៅ​ឥណ្ឌា កេនយ៉ា អាមេរិក និង​អឺរ៉ុប​»​។

លោក​បន្ត​ថា​៖ «​យើង​នឹង​ដាក់​បញ្ចាំង​នៅក្នុង​ប្រទេស​អាស៊ាន​ទៀត ព្រោះ​នេះ​ជា​ទិសដៅ​ធំ​មួយ​នៅក្នុង​កម្មវិធី​ចលនា​របស់​អូឡាំពិក​អន្តរជាតិ​ដែល​បាន​លើក​ទឹកចិត្ត​សម្រាប់​ការផលិត​ភាពយន្ត​កីឡា​ចេញ​ពី​អ្នកមាន​សមត្ថភាព​ខ្ពស់ ដូចជា​អត្តពលិក​ដែល​ឈ្នះ​មេដាយ​ពី​ថ្នាក់​អន្តរជាតិ​នានា​ហើយ NOCC នឹង​លើក​ទឹកចិត្ត​ឲ្យ​ផលិត​ភាពយន្ត​បែប​នេះ​ទៅលើ​កីឡាករ​កីឡាការិនី​ល្បីៗ​របស់​កម្ពុជា​ជាច្រើន​ដែល​ឈ្នះ​បាន​មេដាយមាស​ពី​អន្តរជាតិ ដើម្បី​ឲ្យ​ស្រប​តាម​ទស្សនៈ​របស់ IOC»​។

នៅក្នុង​ពិធី​សម្ពោធ​នោះ​ដែរ​អត្តពលិក​ឆ្នើមៗ​មួយ​ចំនួន និង​គ្រូបង្វឹក​កីឡា​ចំបាប់​ជនជាតិ​កូរ៉េ​ព្រម​ទាំង​អ្នក​ដែល​ស័គ្រចិត្ត​ចូលរួម​សម្តែង​មួយ​ចំនួន​ទៀត ត្រូវ​បាន​ប្រគល់​ពាន​កិត្តិយស ដើម្បី​ជា​ការលើក​ទឹកចិត្ត​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​តំណាង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ផង​ដែរ​៕