ភ្នំពេញ៖ អ្នកប្រដាល់ គង់ សំបូរ ដែលត្រៀមខ្លួនបានល្អ ហើយគ្រោងដណ្តើមឲ្យបានពាន TV5 Boxing Knock Out Serie នៅសង្វៀនប៉ុស្តិ៍លេខ ៥ នោះ គឺបានបរាជ័យទាំងស្រុងក្នុងការបំពេញនូវមហិច្ឆតាមួយនេះ ខណៈរូបគេបានធ្លាក់ចេញពីការប្រកួតក្រោមស្នៀតជង្គង់របស់សោម វិឆ័យ កាលពីថ្ងៃសៅរ៍នោះ។
ការបរាជ័យក្នុងការប្រកួតចំនួន ៣ ទឹកយ៉ាងស្វិតស្វាញនោះ បានធ្វើឲ្យ គង់ សំបូរ ខកចិត្តខ្លាំងណាស់ ហើយបានអះអាងថា ចៅក្រមផ្តល់ពិន្ទុមិនសុក្រឹត ប៉ុន្តែមិនប្តឹងតវ៉ាទេ ព្រោះលទ្ធផលសម្រេចរួចហើយមិនអាចកែប្រែបានឡើយ។ បន្ថែមពីលើនេះ គង់ សំបូរ ត្រូវបានផ្ទេរទៅក្លិបមួយទៀតឈ្មោះគោព្រៃផងដែរ ដើម្បីស្វែងរកទីផ្សារប្រកួត។
គង់ សំបូរ និយាយក្រោយការប្រកួតចប់ថា៖ «ខ្ញុំវ៉ៃបានល្អប៉ុណ្ណឹងហើយ តែមិនដឹងថា ហេតុអ្វីចៅក្រមឲ្យខ្ញុំចាញ់? ខ្ញុំមិនតវ៉ាផ្លូវការអីទេ ព្រោះបើតវ៉ាក៏អត់បានឈ្នះមកវិញដែរ ប៉ុន្តែគេធ្វើបាបខ្ញុំ។ កម្លាំងខ្ញុំនៅល្អ សោម វិឆ័យ វ៉ៃខ្ញុំមិនឈឺផង ហេតុអីបានឈ្នះ! និយាយទៅខ្ញុំទាត់វាឡើងគាំងម្តងៗ»។
តាមរយៈការប្រកួតយ៉ាងជក់ចិត្តរវាងអ្នកប្រដាល់ជើងចាស់ទាំង ២ នាក់នេះ គឺការប្រកួតនៅទឹកទី ១ គង់ សំបូរ មានប្រៀបបន្តិចបន្តូចដោយស្នៀតទាត់ចូលធ្ងន់ៗ ប៉ុន្តែទឹកទី ២ សោមវិឆ័យ មានប្រៀបវិញម្តង ដោយឱបតោងឡើងជង្គង់បានល្អ ចូលគោលដៅប្រហែល ៧ ជង្គង់ ហើយនៅទឹកទី ៣ ផ្តាច់ព្រ័ត្រ កណ្តាប់ដៃរបស់ សោម វិឆ័យ ចេញផ្ទួនៗចូលគោលដៅល្អនាំឲ្យសោម វិឆ័យ មានឱកាសបានពិន្ទុនាំមុខ។
ទោះបីជាយ៉ាងណា សម្រាប់គូប្រដាល់មួយគូនេះ មានលក្ខណៈឈ្នះមិនដាច់ ខណៈដែលមន្ត្រីបច្ចេកទេសទម្លាយប្រាប់ថា ប្រសិនបើគូប្រកួតមិត្តភាពវិញ គឺស្មើគ្នាស័ក្តិសមជាង ដើម្បីកាត់បន្ថយការអាក់អន់ចិត្តរបស់ភាគីចាញ់។
ជាមួយជ័យជម្នះនេះ សោម វិឆ័យ បាននិយាយថា៖ «ខ្ញុំបានមើលវីដេអូប្រកួតកន្លងមកពីការប្រកួតរបស់ គង់ សំបូរ គឺគាត់ល្អតែទាត់ផ្នែកលើប៉ុណ្ណោះ។ ខ្ញុំបានកំណត់ថា យុទ្ធសាស្ត្រសម្រាប់ប្រកួត គឺដឹងតែឈ្នះ ដោយបច្ចេកទេសតាមរយៈការចូលកៀក វ៉ៃឱបឡើងជង្គង់ និងវ៉ៃឆ្ងាយផ្នែកកណ្តាប់ដៃ ព្រមទាំងគេចចេញពីការទាត់»។
សោម វិឆ័យ បានបន្តថា៖ «ខ្ញុំបិទស្នៀតទាត់គាត់បាន និងព្យាយាមឱបឡើងជង្គង់បានសម្រេច នៅក្នុងទឹកទី ២ រហូតដល់អាជ្ញាកណ្តាលបំបែក គឺខ្ញុំមានប្រៀប។ លុះចូលទឹកទី ៣ ខ្ញុំសម្រុកតែកណ្តាប់ដៃ គឺខ្ញុំមានប្រៀបដឹងថា ខ្ញុំឈ្នះតាំងពីទឹកទី ២មកម្ល៉េះ»។
ជាមួយគ្នានោះ រឿង វណ្ណៈ ដែលបានឡើងជាស្វ័យប្រវត្តិ ហើយត្រូវដាក់ឲ្យប្រកួតកម្ដៅសាច់ដុំជាមួយ ថៃ រ៉េត នោះ គឺត្រូវបានជំនួសដាក់ឲ្យជួបមិត្តរួមក្លិបឆត្រយោង ៩១១ របស់ ថៃ រ៉េត វិញ គឺកីឡាករ សំ អាន ហើយតាមរយៈការប្រកួតនោះ សំ អាន បានធ្វើឲ្យ រឿម វណ្ណៈ ឈឺសាច់មិនតិចនោះឡើយ មុននឹងគណៈកម្មការប្រកាសឲ្យឈ្នះពិន្ទុទាំងលំបាកភ្នែក។ យោងតាមលទ្ធផលនេះ សោម វិឆ័យ ត្រូវឡើងទៅជួប រឿម វណ្ណៈ នៅវគ្គ ៣។
ដោយឡែកការប្រកួតមិត្តភាពអន្តរជាតិរវាងអ្នកលេងជង្គង់ ឡុង សុភី និងកីឡាករថៃ Ka Khunsoekគឺអ្នកទាំង ២ បានត្រឹមស្មើគ្នា បន្ទាប់ពីប្រកួតគ្នាពេញ ៥ ទឹក ប៉ុន្តែហាក់មិនសូវជក់ចិត្តពីមហាជន ខណៈដែលការប្រកួតឃើញច្បាស់ទំនងមិនសម្រុកខ្លាំងនាំឲ្យជក់ចិត្តនោះឡើយ៕