ភ្នំពេញ៖ ​កីឡាករ គង់​ សំបូរ​ ដែល​មាន​​រហស្សនាម​ថា ជា​អ្នក​មាន​ជំនាញ​ខាង​ទាត់​ជើង​ឆ្វេង​នោះ ​គឺ​​ធ្វើ​បាន​សម្រេច​ដូច​ការ​តាំង​ចិត្ត ​ដោយ​​ឈ្នះ​ សេក ​គឹមរួន ​ទាំង​លំបាក​លំបិន ​ក្នុង​ព្រឹត្តិការណ៍​ TV5 Boxing Knock Out Serie កាល​ពី​​យប់​ថ្ងៃ​សៅរ៍​ ​ខណៈ​ដែល​ ​គឹមរួន ​ជា​អ្នក​ប្រដាល់​មាន​មុខ​រឹង​ព្រម​ទាំង​​ទប់ទល់ ​និង​វ៉ៃ​ប្ដូរ ​បាន​ល្អ​ ប៉ុន្តែ​​​លទ្ធផល​ចុង​ក្រោយ​ត្រូវ​ចាញ់​ដោយ​ពិន្ទុ​ប្រផិតប្រផើយ​។ ចំណែក​ជើង​ខ្លាំង​ទម្ងន់​ស្រាល​របស់​កម្ពុជា ហ៊ឹម គឹមរៀង ត្រូវ​បាន​អ្នក​ប្រយុទ្ធ​របស់​ថៃ ទាត់​ឲ្យ​ខូច​ជើង​យ៉ាង​ងាយ​បំផុត។


ជាមួយ​​ការ​តាំង​ចិត្ត វិល​មក​សាង​ភាព​ល្បី​សម្រាប់​ការ​ប្រកួត​នៅ​លើ​សង្វៀន​ក្នុង​​ស្រុក ខណៈ​ការ​ចេញ​ទៅ​ប្រកួត​នៅ​សង្វៀន​ក្រៅ​ប្រទេស​ភាគ​ច្រើន​ចាញ់​នោះ គង់ សំបូរ ​បាន​ងាក​មក​​​ប្រើ​កណ្ដាប់​ដៃ​​យ៉ាង​ល្អ​ ហើយ​បាន​កាត់​បន្ថយ​ជំនាញ​ទាត់ ដែល​ជា​ក្បាច់​ដ៏​សំខាន់​របស់​គេ ប៉ុន្តែ​​ស្ថានភាព​ការ​ប្រកួត​ទំនង​ជា​ចង់​គាំង​ម្តង ​នៅ​ពេល​ សំបូរ និង សេក គឹមរួន បាន​សម្រុក​វ៉ៃ​គ្នា​​ខ្លាំង​​។


លក្ខណ​ពិសេស​របស់​ គង់​ សំបូរ​ គឺ​មាន​ប្រៀប​បន្តិច​បន្តួច ​ដោយ​មាន​កម្ពស់​ល្អ​ជាង ​វាយ​សម្រុក​ចេញ​កណ្តាប់​ដៃ​បាន​ច្រើន​ នាំ​ឲ្យ​មាន​ប្រៀប​​លើ សេក គឹមរួន ដោយ​ពិន្ទុ​ទាំង​លំបាក​ ក្នុង​ការ​ប្រកួត​គ្នា​យ៉ាង​តឹងតែង​ចំនួន​ត្រឹម​ ​៣ ​ទឹក​ ហើយ​លទ្ធផល​ចុង​ក្រោយ​ គង់ សំបូរ ​បាន​ក្លាយ​ជា​អ្នក​ឈ្នះ​ ដើម្បី​ទទួល​បាន​កៅអី​ឡើង​ទៅ​ប្រកួត​​វគ្គ​ជម្រុះ​នៅ​ជុំ​ទី ២​ ប៉ុន្តែ សេក គឹមរួន​ បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​តែ​ម្តង​។


សេក​ គឹមរួន បាន​​និយាយ​ក្រោយ​ប្រកាស​លទ្ធផល​ចាញ់​ថា​៖ ​«លទ្ធផល​ចាញ់​របស់​ខ្ញុំ​នេះ ​គឺ​ទទួល​យក​បាន​ ព្រោះ​បាន​ប្រឹង​អស់​ពី​សមត្ថភាព​ដូច​គ្នា​ ហើយ​ក្នុង​នោះ​ ខ្ញុំ​បាន​ធ្វើ​ឲ្យ​ ​គង់​ សំបូរ​ ឈឺ​ខ្លួន​ និង​ចង់​គាំង​ម្តងៗ​ផង​ដែរ​។


ចំណែក​មូលហេតុ​ដែល​នាំ​ឲ្យ​ខ្ញុំ​ចាញ់​ពិន្ទុ​នេះ​ ​ដោយសារ​ខ្ញុំ​ឈឺ​ខ្លួន ​និង​មាន​បញ្ហា​ឈឺ​ជើង​នៅ​ឡើយ​ ​ព្រោះ​ខ្ញុំ​មាន​របួស​ចាស់​ តាំង​ពី​ប្រកួត​លើក​មុន​ មិន​ទាន់​បាន​ស្រួល ​​ប៉ុន្តែ​ដើម្បី​កុំ​ឲ្យ​ខូច​កម្មវិធី​របស់​គេ ទើប​​ខ្ញុំ​នៅ​តែ​ស៊ូ​មក​ប្រកួត»។


ចំណែក គង់​ សំបូរ​ ​បាន​សារភាព​ថា​៖ «​ខ្ញុំ​ឈ្នះ​ តែ​វាទនា​ខ្លាំង​ណាស់​ ព្រោះ​មុខ​របស់ ​សេក ​គឹមរួន ​រឹង​ខ្លាំង ​វ៉ៃ​មិន​ស្រុត​ ហើយ​ខ្ញុំ​ក៏​លំបាក​ក្នុង​ការ​សម្រុក​ចំនួន ​៣ ​ទឹក​ពេញ​ ដោយ​កម្លាំង​ក៏​ចុះ​ខ្សោយ​ ​ព្រោះ​សម្រុក​ជាប់ៗ​គ្នា​ពេញ​ទាំង ​៣ ​ទឹក ​គឺ​អស់​ថាមពល​រលីង​។ ​ទោះ​ជា​យ៉ាង​ណា ​លទ្ធផល​នេះ​បាន​នាំ​ខ្ញុំ​ឲ្យ​ឈាន​ចូល​ទៅ​កក់​កៅអី​នៅ​​វគ្គ​ទី ​២»​។​

ចំណែក​​ការ​ប្រកួត​ជម្រុះ​ដណ្តើម​ពាន​មួយ​គូ​ទៀត​ សោម​ វិឆ័យ​ បាន​យក​ឈ្នះ ​ផាន ​រះ​ដោយ​ប្រើ​គ្រប់​កម្លាំង​ និង​កលល្បិច ​ខណៈ​ សោម​ ​វិឆ័យ ​ដែល​មាន​ការ​​ប្ដេជ្ញា​ចិត្ត​ខ្ពស់​នោះ​ ក៏​​មាន​ការ​ប្រកួត​ទំនង​ល្អ​ជាង​លើក​មុនៗ​ផង​ដែរ​។ ក្រោយ​ការ​ប្រកួត​ចំនួន ​៣ ​ទឹក​ពេញ​ សោម​ វិឆ័យ​ ទទួល​បាន​លទ្ធផល​ឈ្នះ​ ឈាន​ទៅ​កក់​កៅអី​​ក្នុង​វគ្គ​ទី ​២ ដូច គង់ សំបូរ ​ដែរ​។

ដោយ​ឡែក ចំពោះ​ការ​ប្រកួត​មិត្តភាព​អន្តរ​ជាតិ​ទម្ងន់​ស្រាល​វិញ​ កីឡាករ​ដ៏​ឆ្នើម​នៃ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ ​ហ៊ឹម ​គឹមរៀង​ របស់​ក្លិប​តាព្រហ្ម​មានជ័យ​ ត្រូវ​អ្នក​ប្រដាល់​ចំណូល​ថ្មី​របស់​ថៃ​ Chhou Phich ​ទាត់​ឲ្យ​ខូច​ជើង​នៅ​ទឹក​ទី ១​ ហើយ​នេះ​ជា​ការ​ចាញ់ ​ដែល​មិន​ធ្លាប់​ឃើញ​នោះ​ទេ ព្រោះ​ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម គឹមរៀង ​សឹង​តែ​គ្មាន​ដៃ​គូ​ប្រជែង​ក្នុង​ស្រុក តែ​បែរ​ជា​មក​​ចាញ់​យ៉ាង​ផុយ​ស្រួយ​បែប​នេះ​ទៅ​វិញ​។

ចំណែក​ការ​​ប្រកួត​ជាក់​ស្តែង​វិញ ​គឺ​គ្រាន់​តែ​ស្នូរ​សំឡេង​ជួង​ទឹក​ទី ១​ បន្លឺ​ឡើង សេក ​គឹមរៀង​ បាន​ចាប់​ផ្តើម​វាយ​ប្រហារ​ជើង​ក្រោម​ទៅ​លើ ​Chhou Phich ភ្លាមៗ ​តែ​​ថៃ​ម្នាក់​នេះ មិន​ត្រឹម​តែ​មិន​បាន​បង្ហាញ​ការ​ឈឺ​ចាប់​ជើង​ក្រោម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គេ​ថែម​ទាំង​បាន​​ទាត់​ជើង​ក្រោម​សង​មក​​វិញ​ធ្វើ​ឲ្យ​ គឹម​រៀង ​ខូច​ជើង ​មិន​អាច​បន្ត​ការ​ប្រកួត​ទៀត​បាន​។

ការ​ចាញ់​យ៉ាង​ផុយ​ស្រួយ​របស់ ហ៊ឹម គឹមរៀង ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ច្រើន ហើយ​ក៏​បង្កើត​ឲ្យ​មាន​ចម្ងល់​ផង​ដែរ​ថា តើនេះ​ជា​ការ​ចាញ់​ដោយ​សន្លប់​ពិត ​ឬ​មាន​​អាថ៌​កំបាំង​​អ្វី​នៅ​ពី​ក្រោយ​? បញ្ហា​​មន្ទិល​នេះ ​ភ្នំពេញ​ប៉ុស្តិ៍​ មិន​អាច​សុំ​សម្ភាស​សាមី​ខ្លួន​បាន​​ទេ​៕​​