ភ្នំពេញ៖ អ្នក​ប្រដាល់​ចិត្ត​ធំ​ គង់​ សំបូរ​ ដែល​បាន​ផ្លាស់​មក​នៅ​ក្លិប​គុហា​ព្រហ្ម​ជ័យ​ខេត្ត​សៀមរាប​បាន​ឈាន​ចូល​ទៅ​ក្នុង​សង្វៀន​ Mas Fight ​របស់​ទូរទស្សន៍​ថោន​ នៅ​ថ្ងៃ​អាទិត្យ​នេះ ​ដោយ​រូប​គេ​មាន​មហិច្ឆតា​ផ្តួល​​អ្នក​ប្រដាល់​ចំណូល​ថ្មី​ ​Petkra Sanit ​មក​ពី​ប្រទេស​ ម៉ារ៉ុក ក្នុង​ទម្ងន់ ​៦៥ ​គីឡូក្រាម ​ដើម្បី​ទទួល​បាន​ប្រាក់​រង្វាន់​បន្ថែម ខណៈ​ការ​ប្រកួត ​៩ នាទី​ពេញ គ្មាន​ឈប់​នេះ គឺ​បើ​វ៉ៃ​គូ​ប្រកួត​មិន​ឲ្យ​សន្លប់ នឹង​បាន​លទ្ធផល​ស្មើ​គ្នា គ្មាន​ការ​ចាញ់​ដោយ​ពិន្ទុ​នោះ​ឡើយ។


គង់​ សំបូរ​ កំពុង​ហ្វឹកហាត់​យ៉ាង​សកម្ម​ជាមួយ​លោកគ្រូ​ ជា​ រិទ្ធ​ នៅ​ឯ​ខេត្ត​សៀមរាប​ស្រប​ពេល​ទាំង​គ្រូ​ និង​​សិស្ស​បាន​តាំង​ចិត្ត​ថា ​ចូល​ទៅ​វ៉ៃ​នៅ​សង្វៀន​ថ្មី​នេះ ដោយ​សង្ឃឹម​មាន​ឱកាស​បាន​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​មុន​ស្នូរ​ជួង​បញ្ចប់​ ដើម្បី​យក​ប្រាក់​រង្វាន់​បន្ថែម ​ដែល​មាន​ពី​ចំនួន ​២០០ ​ដុល្លារ​ឡើង​ទៅ​ ខណៈ​ការ​វិល​មក​ប្រកួត​សង្វៀន​ក្នុង​ស្រុក​ជា​ថ្មី ចំនួន ​៣ ​លើក​ចុង​ក្រោយ​នេះ គង់ សំបូរ បាន​ឈ្នះ​ ​សេក ​គឹមរួន ​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ ​ដើម្បី​ឈាន​ចូល​ទៅ​ប្រកួត​វគ្គ ​២ ​នៃ​ពាន​រង្វាន់​ TV5​ Boxing Knock out Serie ​ហើយ​រូប​គេ​បាន​បន្ត​​ឈ្នះ​កីឡាករ​ថៃ​ចំនួន ​២ ​លើក សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​សង្វៀន​បាយ័ន​​។​


ទាក់ទង​ទៅ​នឹង​បទ​ពិសោធ​ប្រកួត​របស់​កីឡាករ Petkra Sanit ដែល​ជា​ដៃគូ​របស់ គង់ សំបូរ ត្រូវ​បាន​លោក ​MC ​Vutha​ អ្នក​គ្រប់គ្រង​សមាសភាព​ផ្គូផ្គង​​ប្រវត្តិ​កីឡាករ​​ប្រចាំ​សង្វៀន​ Mas Fight ​​​ប្រាប់​ថា​ ​​កីឡាករ​ម៉ារ៉ុក​រូប​នេះ ធ្លាប់​​ប្រកួត​បាន​​ត្រឹម ​១០ ដង​ទេ ដោយ​​ឈ្នះ ​៩​ និង​​ចាញ់ ​១ ​ដង​គត់ ​ប៉ុន្តែ​គេ​មាន​កម្ពស់ ​១,៧៥ ​ម៉ែត្រ​ ខណៈ​ គង់​ សំបូរ ​មាន​កម្ពស់​តែ ​១,៦៧ ​ម៉ែត្រ​ ហើយ​ធ្លាប់​ប្រកួត ​៩២ ​ដង ​ឈ្នះ ​៧៤​ ​ចាញ់​ ១៦​ និង​​ស្មើ ​២ ​ដង​។​


គង់ ​សំបូរ​ បាន​និយាយ​ថា​៖ ​«ខ្ញុំ​ហាត់​ត្រៀម​ប្រកួត​បាន​ល្អ​ ដោយ​មាន​ចិត្ត​ចង់​ឡើង​នៅ​សង្វៀន​​​ Mas Fight​ របស់​ទូរទស្សន៍​ថោន​នេះ​យូរ​ហើយ​ ហើយ​សប្តាហ៍​នេះ​ បាន​ដូច​ចិត្ត ​អ៊ីចឹង​ខ្ញុំ​មាន​បំណង​វាយ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់ ​ដើម្បី​សាង​ភាព​ល្បី​ព្រម​ទាំង​ដណ្តើម​​ប្រាក់​រង្វាន់​បន្ថែម​។ ​​ខ្ញុំ​ប្រឹង​ខ្លាំង ​និង​មាន​គោលដៅ​ផ្តួល​ឲ្យ​បាន​ក្នុង​ទំនុក​ចិត្ត ​៧០ ​ភាគរយ​»​។


ចំណែក​លោក​ ជា​ រិទ្ធ ​ជា​គ្រូ​បង្វឹក​បាន​​អះអាង​ថា​៖ «​តាម​ខ្ញុំ​គិត​ និង​ដាក់​ផែនការ​ប្រយុទ្ធ​ក្នុង​រយៈពេល ​៩ ​នាទី ​គ្មាន​ឈប់​របស់​ Mas Fight​នេះ​ ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា​ សំបូរ ​នឹង​​ឈ្នះ​មិន​អាច​ដល់ ​៩ ​នាទី​នោះ​ឡើយ​ ដោយ​ខ្ញុំ​សង្ឃឹម​ឈ្នះ ​៨០ ​ភាគរយ»​។​


ចំណែក​លោក​ ស្រ៊ុន​ កុសល​ នាយក​គ្រប់គ្រង​កម្មវិធី​ប្រចាំ​សង្វៀន​ Mas Fight ​របស់​ទូរទស្សន៍​ថោន​ បាន​ប្រាប់​​ថា​៖ «​ការ​ផ្គូផ្គង​មិន​មែន​ខ្មែរ​យើង​ទេ ​គឺ​មាន​ភាគី​នៅ​ចិន​ហុងកុង​ ដែល​ជាម្ចាស់​ដើម​នៃ​​ Mas Fight ​ដោយ​ក្នុង​នោះ​ មុន​នឹង​សម្រេច​ឲ្យ​ប្រកួត​ត្រូវ​បាន​មើល​សមត្ថភាព​ប្រកួត​តាមរយៈ​វីដេអូ​កន្លង​មក ​ទើប​ដាក់​ឲ្យ​ប្រកួត​។​ ​យើង​សហការ​គ្នា​ល្អ​ ហើយ​កម្មវិធី Mas Fight​Cambodia ​​ដែល​ចាប់​ផ្តើម​បាន​ត្រឹម ​១៦ ​សប្តាហ៍​ តែ​យើង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​មហាជន​ និង​ខាង​ពាណិជ្ជកម្ម​ផង​ដែរ»​។

លោក​បាន​បន្ថែម​ថា៖ ​«ជាមួយ​គ្នា​នេះ​កីឡាករ​ជើង​ចាស់​ និង​ជើង​ថ្មី​របស់​ខ្មែរ​យើង​ មួយ​ចំនួន​ធំ​ពេញ​ចិត្ត ​និង​ចូលរួម​ប្រកួត​នៅ​សង្វៀន​ Mas ​Fight នេះ ​ដោយ​ពួក​គាត់​អះអាង​ពី​ភាព​យុត្តិធម៌ ​ហើយ​អ្នក​ខ្លាំង​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន​ នឹង​​ឈ្នះ​ដោយ​មិន​ចាំបាច់​មាន​ចៅក្រម​ដាក់​ពិន្ទុ​នាំ​តែ​មាន​ការ​វិវាទ ​ឬ​តវ៉ា​ច្រើន​នោះ​ឡើយ​»។

សម្រាប់​ការ​ប្រកួត Mas Fight ​នៅ​ថោន​នា​ថ្ងៃ​អាទិត្យ​នេះ ក៏​មាន​ការ​ប្រកួត​គូ​អន្តរជាតិ​ចំនួន ​២ គូ​ទៀត​ផង​ដែរ ដោយ​ក្នុង​នោះ ​កីឡាករ​កម្ពុជា​ ពេជ្រ​ ប៊ុនសិដ្ឋ​ មក​ពី​ក្លិប​ចលនា​យុវជន ១៥៧ គុន​ខ្មែរ​ត្រូវ​ប៉ះ​​កីឡាករ​ចិន Hang Guishan ​ក្នុង​ទម្ងន់ ​៥៥ ​គ.ក្រ ​ហើយ​រឿង​ សារ័ត្ន​ ត្រូវ​ជួប​អ្នក​ប្រដាល់​ថៃ Fahsura Sitchan ក្នុង​ទម្ងន់ ​៥៧ ​គ.ក្រ៕