ភ្នំពេញ៖ ប្រធានគណៈកម្មការស្ត្រី និងកីឡា អមគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា លោកស្រី កុយ ពិសី បានជំរុញ និងលើកទឹកចិត្តឲ្យស្រ្តី គប្បីទុកពេលសម្រាប់ខ្លួនឯងក្នុងការចូលរួមលេងកីឡា ដើម្បីសុខភាព និងជ្រើសរើសបានអ្នកមានទេពកោសល្យ ចេញពីស្រ្តីចូលរួមប្រកួតប្រជែងរកមេដាយ នៅលើឆាកអន្តរជាតិពិសេសការប្រកួតស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។
លោកស្រី កុយ ពិសី ដែលជារដ្ឋលេខាធិការក្រសួងទេសចរណ៍ផងនោះ បានចាត់ទុកស្រ្តី ជាឆ្អឹងខ្នងរបស់ប្រទេសជាតិ ដែលមិនអាចខ្វះបានទាំងការបំពេញការងាររដ្ឋ ការងារសង្គម និងការងារកីឡា ព្រោះការប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ពិសេសការប្រកួតស៊ីហ្គេម និងអាស៊ីហ្គេម ស្រ្តីតែងតែដណ្តើមបានមេដាយមាស ប្រាក់ និង សំរឹទ្ធ មកជូនប្រទេសជាតិជានិច្ច។
លោកស្រីបានថ្លែងថា៖ «ស្ត្រី គឺជាឆ្អឹងខ្នងនៃប្រទេសជាតិ ជាប្រភពនៃចំណូលថវិកា ហិរញ្ញវត្ថុ ហើយស្រ្តីក៏ជាប្រភពនៃសុភមង្គល នៅក្នុងក្រុមគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ ហេតុនេះបើស្រ្តីមិនរឹងមាំ និងមានបញ្ហាសុខភាពនោះបញ្ហាប្រឈម នឹងត្រូវកើតមានផងដែរ ដូច្នេះស្រ្តីគប្បីទុកពេលសម្រាប់ខ្លួនឯង ក្នុងការចូលរួមលេងកីឡា ដើម្បីសុខភាព និងធ្វើឲ្យខ្លួនឯងកាន់តែមានភាពរឹងមាំថែមទៀត»។
ការលើកឡើងរបស់លោកស្រី កុយ ពិសី ត្រូវបានធ្វើឡើង នៅពេលលោកស្រីបានចូលរួមនៅក្នុងសន្និសីទកាសែត ស្តីពីទិវារត់ប្រណាំងស្រ្តីចម្ងាយ ១០ គីឡូម៉ែត្រ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីព្រឹកថ្ងៃសុក្រ ហើយព្រឹត្តិការណ៍ដែលនឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃទី ៨ ខែ មីនា ឆ្នាំ ២០២០ នេះ គឺលោកស្រីបានអំពាវនាវសុំឲ្យស្រ្តីចូលរួមឲ្យបានច្រើន។
លោកស្រី កុយ ពិសី បានបញ្ជាក់ថា៖ «បច្ចុប្បន្នមានស្ត្រីជាច្រើនបានចូលរួមលេងកីឡា ប៉ុន្តែនៅមានស្រ្តីជាច្រើនទៀត មិនទាន់បានចូលរួមលេងកីឡាផងដែរ ដូច្នេះខ្ញុំសូមលើកទឹកចិត្តឲ្យស្ត្រីចូលរួមលេងកីឡាទាំងអស់គ្នាដើម្បីសុខភាព ហើយនៅពេលស្រ្តីចូលរួមលេងកីឡាច្រើន យើងនឹងអាចជ្រើសរើសស្រ្តី ដែលមានសមត្ថភាព និងមានទេពកោសល្យយកមកបណ្តុះបណ្តាលទៅជាអ្នកជំនាញក្នុងវិស័យកីឡាសម្រាប់ត្រៀមឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣ ព្រោះគ្រប់ព្រឹត្តិការណ៍កីឡាមិនអាចខ្វះស្រ្តីបាននោះទេ»។
សម្រាប់ទិវារត់ប្រណាំងស្រ្តី ដែលមានការបង្កើនចម្ងាយរត់ពី ៥ គីឡូក្រាម ទៅជាចម្ងាយ ១០ គីឡូម៉ែត្រ ជាលើកដំបូងនេះ ត្រូវបានលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ប្រាប់ថា នឹងរៀបចំទៅតាមបច្ចេកទេសយ៉ាងត្រឹមត្រូវ ហើយតាមគម្រោងទិវារត់ប្រណាំងនេះ នឹងចេញដំណើរនៅមុខវត្តបទុម ឆ្ពោះទៅផ្លូវសុធារស់ បត់ចូលកោះពេជ្រ រួចចេញសំដៅទៅផ្លូវព្រះស៊ីសុវត្ថិ បត់តាមផ្លូវមុខវត្តឧណ្ណាលោម និងបន្តរត់តាមផ្លូវមាត់ទន្លេ មកបញ្ចប់នៅមុខវាំង។
នៅក្នុងទិវារត់ប្រណាំងស្រ្តីចម្ងាយ ១០ គីឡូក្រាមនេះ ក៏មានការរត់ចម្ងាយ ៤ គីឡូម៉ែត្រផងដែរ ចំណែកអ្នកមានបំណងចង់ចូលរួម ត្រូវកំណត់ឲ្យបង់ប្រាក់ សម្រាប់យកមកធ្វើជាអាវ បោះលេខ ធ្វើប្រព័ន្ធដាក់ពិន្ទុ និងបង្កើតជាមូលនិធិ ដោយក្នុងនោះចម្ងាយ ១០ គ.ម គឺបរទេសត្រូវបង់ ២០ ដុល្លារ ខ្មែរយើងបង់ ១២ ដុល្លារ រីឯចម្ងាយ ៤ គ.ម បរទេសបង់ ១៥ ដុល្លារ ហើយខ្មែរយើងបង់ ៧ ដុល្លារ។
ទាក់ទងទៅនឹងគោលបំណងនៃទិវារត់ប្រណាំងនេះ លោក វ៉ាត់ ចំរើន បានថ្លែងថា៖ «ទិវារត់ប្រណាំងនេះ គឺទី១ ដើម្បីលើកកម្ពស់ចលនាស្រ្តី នៅក្នុងវិស័យកីឡា ទី២ ការពារសិទិ្ធ និងលើកកម្ពស់សមភាពយ៉េនឌ័រ ទី៣ រួមគ្នាការពារ និងថែរក្សាបរិស្ថាន ព្រោះបច្ចុប្បន្នយើងមានយុទ្ធនាការកម្ពុជាស្អាត។ ចំណែកថវិកា ដែលទទួលបានពីការរៀបចំព្រឹត្តិការណ៍នេះ យើងនឹងបង្កើតជាមូលនិធិ សម្រាប់ទិញជាសម្ភារកីឡា ឬធ្វើកម្មវិធីសម្រាប់ស្ត្រី នៅក្នុងចលនាកីឡា ដើម្បីឆ្ពោះទៅស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ»៕