ភ្នំពេញ៖ ​ស្រប​ពេល​ដែល​អ្នក​គាំទ្រ​បាន​នាំ​គ្នា​កើត​ជា​ចម្ងល់​ថា ហេតុ​អ្វី​បាន​ជា​លែង​​ឃើញ កីឡាករ ចាន់ រតនា ចេញ​ទៅ​ប្រកួត​វាយ​ដាក់​ទ្រុង​នៅ​ក្នុង​​កម្មវិធី​ ONE Championship នោះ គឺ ចាន់ រតនា ចេញ​មុខ​បក​ស្រាយ​បំភ្លឺ​ថា ​រូប​គេ​កំពុង​តែ​បង្កើន​ការ​ហ្វឹកហាត់ ដើម្បី​ត្រៀម​ខ្លួន​ចេញ​ទៅ​ប្រកួត​ជា​ថ្មី ព្រោះ​នៅ​ឆ្នាំ ​២០២០ ​នេះ គេ​បាន​ជាប់​កិច្ច​សន្យា​ជាមួយ ONE ចំនួន ៦ ​ប្រកួត ដែល​​នឹង​ចាប់​ផ្តើម​ពី​ខែ​មេសា​។


កីឡាករ​ជើង​ខ្លាំង ចាន់ រតនា ​បាន​​ខកខាន​ប្រកួត​​នៅ​ក្នុង​កម្មវិធី ONE Championship បន្ទាប់​ពី​រូប​គេ បាន​យក​​ឈ្នះ​កីឡាករ​គុយបា​ Gustavo Balart ​ក្នុង​កម្មវិធី ​ONE: ​DREAMS OF GOLD ​កាល​ខែ​សីហា​ ឆ្នាំ ​២០១៩ ​នៅ​ក្រុង​បាងកក​ ប្រទេស ​ថៃ ហើយ​នៅ​ក្នុង​អំឡុង​ពេល​អវត្តមាន​នៅ​លើ​សង្វៀន​នេះ ចាន់ រតនា ​កំពុង​តែ​សម្ងំ​ហ្វឹកហាត់​ជា​ប្រចាំ​ ក្នុង​ឋានៈ​ជា​គ្រូ​បង្វឹក​ផង​ និង​ហាត់​ខ្លួន​ឯង​ផង​ នៅ​​ក្លិប​ផ្ទាល់​ខ្លួន​មួយ​ឈ្មោះ​សិល្បៈ​គុន​ខ្មែរ ​ដែល​ទើប​ប្តូរ​មក​នៅ​ផ្លូវ​តាផុន​សង្កាត់​បឹង​ទំពុន ​១ ​ខណ្ឌ​ស្ទឹងមានជ័យ ​រាជធានី​ភ្នំពេញ​។

ចាន់​ រតនា បាន​​ឆ្លង​កាត់​ការ​ហ្វឹកហាត់ ​និង​ឡើង​ប្រកួត​កីឡា​ច្រើន​ប្រភេទ​ ដោយ​​មាន​ស្នាដៃ​ជា​បន្ត​បន្ទាប់ ​​ហើយ​​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ កីឡាករ​​វ័យ ​៣៤ ​ឆ្នាំ​រូប​នេះ ​បាន​​បើក​ក្លិប​បង្វឹក​កីឡាករ​ភាគ​ច្រើន​យក​កម្រៃ​ឈ្នួល​​ពលកម្ម​ និង​ហាត់​ខ្លួន​ឯង​ជា​ប្រចាំ​ផង​ដែរ។ ចំណែក​នៅ​ឆ្នាំ ​២០២០ ​នេះ ចាន់ រតនា នឹង​ត្រូវ​បង្ហាញ​ខ្លួន​ជា​ថ្មី សម្រាប់​ការ​ប្រកួត​ក្បាច់​គុន​ចម្រុះ MMA នៅ​ហ្សាការតា ប្រទេស ​ឥណ្ឌូនេស៊ី ក្នុង​ខែ​មេសា ខាង​មុខ​ទៅ​តាម​អ្វី​ដែល​រូប​គេ​ចុះ​កិច្ច​សន្យា​ជាមួយ ONE ក្នុង​ឆ្នាំ​នេះ។


ចាន់​ រតនា បាន​​ប្រាប់​ភ្នំពេញ ​ប៉ុស្តិ៍ ​ថា​៖ «​ខ្ញុំ​បាន​ជាប់​កិច្ច​សន្យា​ជាមួយ​កម្មវិធី ​ONE Championship​ ចំនួន ​៦ ​ប្រកួត ​ក្នុង​ឆ្នាំ ​២០២០​ ប៉ុន្តែ​មិន​ទាន់​កំណត់​ពេល​វេលា​ច្បាស់​នៅ​ឡើយ​ទេ​ ហើយ​ជាមួយ​គ្នា​នេះ​ ខ្ញុំ​នឹង​ចាប់​ផ្តើម​ឡើង​ប្រកួត​វិញ​នៅ​​ថ្ងៃទី ១០ ​ខែ ​មេសា​ ឆ្នាំ ​២០២០ នៅ​ប្រទេស ​ឥណ្ឌូនេស៊ី​ ដោយ​ខ្ញុំ​ត្រូវ​ជួប​កីឡាករ​ជប៉ុន Yoya Wakamatsu ចំណែក​ការ​ប្រកួត​ជា​បន្ត​បន្ទាប់​ទៀត ​ចាំ​គេ​ប្រាប់​តាម​ក្រោយ»​។


កីឡាករ​កម្ពុជា ដែល​មាន​ភាព​លេច​ធ្លោ​ជាង​គេ ក្នុង​ការ​ប្រកួត​ក្បាច់​គុន​ចម្រុះ នៅ ONE Championship ចាន់ រតនា បាន​បន្ថែម​ថា៖ «ខ្ញុំ​ហ្វឹកហាត់​ជា​​ប្រចាំ​ ​ព្រោះ​នេះ​ជា​មុខ​របរ ​ដែល​ខ្ញុំ​ទទួល​បាន​ប្រាក់​ចំណូល​ពី​ការ​បង្វឹក​ និង​ឡើង​ប្រកួត​ខ្លួន​ឯង អ៊ីចឹង​ខ្ញុំ​តែងតែ​​​ត្រៀម​ខ្លួន​ជា​ប្រចាំ ​១០០ ​ភាគរយ​​»​។


កីឡាករ​មាន​ជំនាញ​ទាំង​ប្រដាល់​គុន​ខ្មែរ ល្បុក្កតោ ការ៉ាតេ យុទ្ធគុន​ខម យូដូ តេក្វាន់ដូ និង​វ៉ូវីណាម ចាន់ រតនា ​បាន​ជាប់​ចិត្ត​ក្នុង​គុន​ចម្រុះ​នេះ ដោយ​​មាន​កំណត់ត្រា​​ប្រកួត​​បាន ​១០ ​លើក ​ក្នុង​នោះ​ឈ្នះ ​៧ ​លើក ​និង​ចាញ់ ​៣ ​លើក​ ហើយ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ​ការ​ប្រកួត ​៣ ​លើក​ចុង​ក្រោយ ​នៅ​​ ONE នេះ ចាន់ រតនា បាន​ឈ្នះ​ជាប់ៗ​គ្នា គឺ​​​ឈ្នះ ​Abrou Fernandes,​ Rudy Agustian និង​ឈ្នះ Gustavo Balart ​កាល​ពី​ខែ​សីហា ​ឆ្នាំ ​២០១៩​។ 

បន្ទាប់​ពី​ទទួល​បាន​ភាព​ល្បីល្បាញ​ និង​ទទួល​បាន​លទ្ធផល​ល្អ​នេះ​ ចាន់​ រតនា​ បាន​បង្ហើប​ឲ្យ​ដឹង​ពី​របៀប​ហាត់​​ថា​៖​ ​«​គោលដៅ​ទៅ​ថ្ងៃ​មុខ​ ខ្ញុំ​ចង់​បញ្ចប់​ដៃគូ​របស់​ខ្ញុំ​ ដោយ​ប្រើ​ក្បាច់ ​MMA​ និង​ជឺជិតស៊ូ​ម្ដង​ ​ព្រោះ​បច្ចេកទេស​ប្រកួត ​ដែល​យើង​សិក្សា​តាម​វីដេអូ​ ពី​កីឡា​ប្រយុទ្ធ​ផ្សេងៗ ​ធ្វើ​ឲ្យ​យើង​មាន​ប្រៀប​ ប៉ុន្តែ​រឿង​សំខាន់ ​គឺ​អាស្រ័យ​លើ​ស្ថានភាព​គូ​ប្រកួត និង​​ជំនាញ​ក្បាច់​អ្វី​ដែល​យើង​ត្រូវ​ផ្លាស់ប្តូរ​»​។

យ៉ាង​ណា​ក៏​ដោយ សម្រាប់​គម្រោង​ប្រកួត​ទាំង ​៦​ លើក ​របស់ ចាន់ រតនា នៅ ONE វា​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ស្រពេច​ស្រពិល ខណៈ​ជំងឺ​កូវីដ ១៩ កំពុង​រីក​រាលដាល​ខ្លាំង ជា​លក្ខណៈ​សកល​លោក​នោះ។ ចាន់ រតនា ​​បាន​ប្រាប់​ជា​ថ្មី កាល​ពី​ថ្ងៃ​ចន្ទ​ថា៖​ «​ខ្ញុំ​នៅ​មិន​ទាន់​ទទួល​បាន​ដំណឹង​ជា​ផ្លូវ​ការ​ពី​ការ​ផ្អាក​ការ​ប្រកួត ឬ​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​បើ​តាម​ស្ថានភាព​ជំងឺ​កូវីដ ​១៩ ប្រហែល​ជា​អាច​ផ្អាក។ យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​នៅ​តែ​បង្កើន​ការ​ហ្វឹកហាត់​ជា​​ប្រចាំ​ថ្ងៃ ដើម្បី​ត្រៀម​ការ​ប្រកួត​ទាំង​នោះ»៕