ភ្នំពេញៈ ក្រុមណាហ្គាវើល នឹងត្រូវប្រកួតការពារទីតាំងលេខ ១ ពីការប្រជែងដោយប្រឈមរបស់ក្រុមបឹងកេត សម្រាប់ការប្រកួត បញ្ចប់ជើងទី ១ នៃលីកកំពូលកម្ពុជា ឆ្នាំ ២០១៨ នៅចុងសប្តាហ៍ នេះ ហើយវិសាខា និងក្រសួងការពារជាតិ ក៏បានត្រៀមលក្ខណៈរួចរាល់ ក្នុងការស្វែងរក ៣ ពិន្ទុបន្ថែម ដើម្បីរក្សាទីតាំងនៅតំបន់កំពូលតារាងទាំង ៤ (Top4) ក្នុងជើងទី ១ នេះផងដែរ មុនពេលបន្តការប្រកួតនៅជើងទី ២។
ការវិលមកជួបគ្នារវាងក្រុមណាហ្គាវើល និងបឹងកេត នៅសប្តាហ៍នេះ វាមិនត្រឹមតែជាការប្រជែងគ្នាយកទីតាំងលេខ ១ ប៉ុណ្ណោះទេ ប៉ុន្តែនេះជាការប្រកួតដ៏សំខាន់ និងតានតឹង ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពី អ្នកទស្សនា។ ប៉ុន្តែគ្រូបង្វឹកក្រុមណាហ្គាវើល ហាក់មិនបានបង្ហាញការព្រួយបារម្ភ ចំពោះការជួបបឹងកេត នោះទេ។
លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា៖ «ចំពោះការត្រៀមខ្លួនរបស់យើង ដូចជាមិនពិបាកអ្វីខ្លាំងទេ គឺយើងត្រៀម នៅតែត្រៀម ហើយការជួបក្រុមហ្នឹង (បឹងកេត) យើងមិនបារម្ភអីប៉ុន្មានទេ»។
លោក មាស ចាន់ណា ដែលទើបដឹកនាំក្រុមណាហ្គាវើល លត់ក្រុមវេស្ទើន រហូតដល់ ១០-១ កាលពីសប្តាហ៍មុន ដើម្បីដណ្តើមយកលេខ ១ ពីក្រុមបឹងកេតវិញ ដោយមាន ២៥ ពិន្ទុ លើសបឹងកេត ១ ពិន្ទុនោះ បានបញ្ជាក់ថា៖ «ការមិនសូវបារម្ភនេះ ដោយសារតែកម្រិតនៃការយល់ដឹងកីឡាកររបស់ខ្ញុំ ដោយគាត់ចាប់ផ្តើមយល់ខ្លាំង គឺយល់ចិត្តគ្នាក្នុងការលេង ពិសេសពួកគាត់យល់ពីស្ទីល និងទម្រង់លេងរបស់ខ្ញុំ»។
បន្ថែមលើនេះ លោក មាស ចាន់ណា ក៏បានមើលឃើញពីចំណុចខ្សោយរបស់បឹងកេត ផង ដែរ ប៉ុន្តែលោកបានបដិសេធ ក្នុងការលាតត្រដាងរឿងនេះ ដោយលោកបានបញ្ជាក់ថា៖ «យើងក៏ឃើញពីចំណុចលេងរបស់គេដែរ ប៉ុន្តែយើងមិនទាន់អាចប្រាប់ថា យើងត្រូវលេងជាមួយគេយ៉ាងម៉េចនោះទេ ព្រោះបញ្ហានេះ វាទាក់ទងនឹងយុទ្ធសាស្ត្រក្រុម ហើយខ្ញុំមិនទាន់សង្ឃឹមថា យើងនឹងឈ្នះ ១០០ ភាគរយនោះទេ តែយ៉ាងហោចណាស់ ក៏យើងបានស្មើដែរ»។
ចំណែកលោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេត មិនអាចទាក់ទងបានទេ កាលពីម្សិលមិញ ប៉ុន្តែគ្រូបង្វឹករូបនេះ ធ្លាប់បានសរសើរពីទម្រង់លេងរបស់ក្រុមណាហ្គាវើលថា លេងបានល្អជាងរដូវកាលមុន។
យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងថា រវាងណាហ្គាវើល និងបឹងកេត តើក្រុមណា អាចទទួលបាន ៣ ពិន្ទុឲ្យប្រាកដ នៅឡើយទេ។
ដោយឡែកក្រុមវិសាខា ដែលកំពុងឈរនៅលេខ ៣ មាន ២០ ពិន្ទុនោះ ត្រូវបានគេមើលឃើញថា អាចនឹងទទួលបាន ៣ ពិន្ទុបន្ថែម ព្រោះលើកនេះ ពួកគេត្រូវជួបក្រុមចំណូលថ្មី សូលទីឡូអង្គរ ដែលកំពុងឈរនៅលេខ ១០ មាន ៨ ពិន្ទុ។ រីឯក្រុមក្រសួងការពារជាតិ (ទ័ព) ត្រូវប៉ះក្រុមប៉ូលិស ហើយជំនួបនេះ អាចមានភាពតានតឹង ព្រោះក្រុមទាំង ២ នេះ ត្រូវការឈ្នះដាច់ខាតដូចគ្នា ដ្បិតអីពេលនេះទ័ព ឈរនៅលេខ ៤ មាន ១៨ ពិន្ទុ ឯប៉ូលិស ឈរនៅលេខ ៥ មាន ១៧ ពិន្ទុ៕
កម្មវិធីប្រកួតនៅថ្ងៃសៅរ៍
-អង្គរថាយហ្គឺរ v ភ្នំពេញក្រោន កីឡដ្ឋានខេត្តសៀមរាប ៣:៣០
-សូលទីឡូអង្គរ v វិសាខា នៅ ពហុកីឡដ្ឋានជាតិ ៦:០០
-ស្វាយរៀង v វេស្ទើន កីឡដ្ឋានខេត្តស្វាយរៀង ៦:០០
៣ ប្រកួតនៅថ្ងៃអាទិត្យ
-អគ្គិសនីកម្ពុជា v អាស៊ីអឺរ៉ុប ម៉ោង ៣:០០
-ប៉ូលិស v ទ័ព ពហុកីឡដ្ឋានជាតិ ម៉ោង ៣:០០
-បឹងកេត v ណាហ្គាវើល នៅ ពហុកីឡដ្ឋានជាតិ ៦:៣០