ភ្នំពេញៈ ក្រុម​ណាហ្គាវើល នឹង​ត្រូវ​ប្រើ​កីឡដ្ឋាន​ស្តាតចាស់ ដើម្បី​វាយបក​ទៅ​លើ​ក្រុម​គិរីវង់​សុខសែនជ័យ​ក្នុង​ការប្រកួត​កាត់​សេចក្តី​ជើង​ទី​ ២ វគ្គ​ ១៦ ​ក្រុម ពានរង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​ ១៣ ឆ្នាំ​ ២០១៩ នា​ល្ងាច​ម៉ោង​ ៦ ថ្ងៃ​ព្រហស្បតិ៍​នេះ ចំណែក​ក្រុម​វិសាខា​ក៏​នឹង​ត្រូវ​ប្រើ​កីឡដ្ឋាន​របស់​ខ្លួន ដើម្បី​ទប់ទល់​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ (​ប៉ូលិស​) ដែល​ពួកគេ​បាន​យក​ប្រៀប​ខ្លាំង​នៅ​ជើង​ទី​ ១ ផង​ដែរ​។


ការប្រើ​កីឡដ្ឋាន​គិរីវង់​សុខសែនជ័យ​នៅ​ទី​រួម​ខេត្ត​តាកែវ​ក្នុង​ការយក​ឈ្នះ​ក្រុម​ណាហ្គាវើល ២-០ ក្នុង​ជើង​ទី ​១ កាលពី​ថ្ងៃ​ទី​ ៣ ខែ​កក្កដា​បាន​ធ្វើឲ្យ​ក្រុម​គិរីវង់ កំពុង​មាន​ប្រៀប​ខ្លាំង​ទៅលើ​ក្រុម​ណាហ្គាវើល ប៉ុន្តែ​គ្រូបង្វឹក​ណាហ្គាវើល​នៅ​តែ​មាន​ការជឿជាក់​ថា ក្រុម​របស់​លោក​មាន​លទ្ធភាព​វាយបក​តាម​ស្មើ ឬ​យក​ឈ្នះ​វិញ​បាន គឺ​កុំ​ឲ្យ​តែមាន​ភ្លៀង​មក​រំខាន​ដូច​ការប្រកួត​ជើង​ទី​ ១​។


លោក មាស ចាន់ណា គ្រូបង្វឹក​ក្រុម​ណាហ្គាវើល បាន​ប្រាប់​ថា​៖ «​អ្វី​ដែល​ជា​កត្តា​សំខាន់​សម្រាប់​ការប្រកួត​ជើង​ទី​ ២ ​នេះ​គឺ​ខ្ញុំ​បារម្ភ​ទៅ​លើ​ភ្លៀង ព្រោះ​ភ្លៀង​បាន​ធ្វើឲ្យ​ក្រុម​យើង​ជួប​បញ្ហា និង​ចាញ់​នៅ​ជើង​ទី​ ១ ​ម្តង​ហើយ​។ បើ​គ្មាន​ភ្លៀង វា​នឹង​មិន​ប៉ះពាល់​អ្វី​ដល់​ការប្រកួត​នេះ​ទេ គឺ​ក្រុម​ខ្ញុំ​អាច​មាន​លទ្ធភាព​តាម​ស្មើ​ ២ ​គ្រាប់​មក​វិញ ឬ​ក៏​អាច​លើស​គ្រាប់​បាល់​វិញ​»​។


នៅពេល​រំឭក​ទៅ​ដល់​ការចាញ់​ក្រុម​គិរីវង់ ២-០ នៅ​ក្រៅ​ទឹកដី​លោក មាស ចាន់ណា បាន​បញ្ជាក់​ថា​៖ «​ទីលាន​ក្រុម​គិរីវង់ ស្អាត អាច​ទទួល​យក​បាន ប៉ុន្តែ​បញ្ហា​សំខាន់​គឺ​ភ្លៀង ហើយ​នៅ​ពេល​ភ្លៀង​ធ្លាក់​មក និង​មាន​ដក់​ទឹក​នោះ​គឺ​ធ្វើ​ឲ្យ​យើង​មាន​ការពិបាក​លេង​មែនទែន​»​។


លោក​បាន​បន្ថែម​ថា​៖ «​យើង​ជា​ក្រុម​រក្សា​បាល់​បាន​ច្រើន តែ​នៅ​ពេល​មាន​ភ្លៀង ធ្វើឲ្យ​ការបញ្ជូន​បាល់​របស់​យើង​មាន​បញ្ហា​គឺ​បញ្ជូន​ទៅ​ជាប់​តែ​ទឹក ចំណែក​ក្រុម​គេ​ជា​អ្នក​ឃ្លៀរ​បាល់ ដោយ​ទាត់​ឡើង​ទៅ​លើ​គឺ​វា​ខុស​ប្លែក​ពី​យើង អ៊ីចឹង​ហើយ​បើ​គ្មាន​ភ្លៀង យើង​នៅ​តែ​មាន​ឱកាស​វាយបក​បាន​វិញ បើ​ទោះ​ជា​ក្រុម​របស់​យើង​សម្បូរ​ដោយ​ក្រុម​យុវជន​វ័យក្មេង​ក៏ដោយ​»​។


គួររំឭក​ថា ណាហ្គាវើល ធ្លាប់​បាន​ឡើង​ទៅ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ចំនួន​ ៦ ​ដង តែ​ធ្លាប់​ឈ្នះ​បាន​ជើងឯក​តែ​ម្តង​ទេ គឺ​កាលពី​ឈ្នះ​ ២០១៣ ក្រោយ​យក​ឈ្នះ​ក្រុម​ក្រសួង​ការពារ​ជាតិ​។ ប៉ុន្តែ​លើក​នេះ ណាហ្គាវើល កំពុង​ជួប​ក្តីបារម្ភ​ដែល​មិន​ទាន់​ប្រាកដ​ថា អាច​ឡើង​ផុត​វគ្គ​ ១៦ ​ក្រុម​នេះ ឬ​យ៉ាង​នោះ​ទេ ព្រោះ​ក្រុម​គិរីវង់​កំពុង​មាន​ទឹកចិត្ត​ប្រកួត​ខ្លាំង​។

លោក ផាន់ ចាន់ផាត គ្រូបង្វឹក​ក្រុម​គិរីវង់​សុខសែនជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​យប់​ម៉ោង​ ៧ ម្សិលមិញ​ថា​៖ «​យើង​ត្រៀម​ខ្លួន​រួចរាល់​អស់​ហើយ ហើយ​យើង​ក៏​មាន​ទំនុកចិត្ត​ផង​ដែរ តែ​ការលេង​បាន​ល្អ​ឬ​យ៉ាងណា​នោះ​គឺ​វា​អាស្រ័យ​ទៅ​លើ​ការលេង​របស់​កីឡាករ​ផ្ទាល់​នៅ​លើ​ទីលាន អ៊ីចឹង​ចប់​ ៩០ ​នាទី​សិន ទើប​យើង​ដឹង​ច្បាស់​ពី​លទ្ធផល​»​។

ជាមួយ​គ្នា​នេះ​លោក ផាន់ ចាន់ផាត ក៏​ចង់​ឲ្យ​ការប្រកួត​នេះ​មាន​ភ្លៀង​មក​រំខាន​ផងដែរ ដោយ​លោក​បាន​បញ្ជាក់​ថា​៖ «​បើ​មាន​ភ្លៀង វា​អាច​ប៉ះពាល់​ដល់​បច្ចេកទេស​ក្នុង​ការលេង​ដូច​គ្នា ព្រោះ​វា​ពិបាក​លេង ប៉ុន្តែ​បើ​ភ្លៀង​មែន វា​ល្អ​សម្រាប់​យើង ដោយសារ​វា​អាច​ធ្វើឲ្យ​ក្រុម​ណាហ្គាវើល​ពិបាក​លេង និង​ពិបាក​ក្នុង​ការរក​គ្រាប់​បាល់ ចំណែក​យើង​មាន​ ២ ​គ្រាប់​នាំមុខ​ក្នុង​ដៃ​រួច​ទៅ​ហើយ អ៊ីចឹង​ការប្រកួត​នេះ​យើង​ផ្តោត​ទៅ​លើ​ការការពារ​ច្រើន​ជាង ដើម្បី​រក្សា​ការនាំ​មុខ​របស់​យើង​»​។

ចំណែក​ក្រុម​វិសាខា​នឹង​ត្រូវ​ប្រកួត​កាត់​សេចក្តី​ជើង​ទី​ ២ ជាមួយ​ក្រុម​ម្ចាស់​ជើងឯក​ឆ្នាំ​ ២០១៤ និង​ជា​ជើងឯក​រង​ឆ្នាំ​ ២០១៨ ប៉ូលិស​នា​ល្ងាច​ម៉ោង​ ៦ ថ្ងៃ​នេះ​ដែរ ប៉ុន្តែ​ជ័យជម្នះ ៦-០ កាលពី​ជើង​ទី​ ១ បាន​ជួយ​ឲ្យ វិសាខា មាន​ប្រៀប​លើ​ក្រុម​ប៉ូលិស​ស្ទើរ​ ១០០ ​ភាគរយ​ទៅ​ហើយ សម្រាប់​ការទទួល​បាន​ឱកាស​ឡើង​ទៅ​កាន់​វគ្គ​ ៨ ​ក្រុម​ចុងក្រោយ ព្រោះ​គេ​ជឿ​ថា​ប៉ូលិស​មិន​អាច​កែប្រែ​ការចាញ់​នេះ​បាន​ទេ​។

ទ័ព និង​សូលទីឡូអង្គរ ឡើង​ទៅ​វគ្គ​​ ៨ ​ក្រុម​ចុង​ក្រោយ​​ដោយឡែក​ក្រុម​ក្រសួង​ការពារ​ជាតិ (​ទ័ព​) នឹង​ក្រុម​សូលទីឡូអង្គរ បាន​ក្លាយ​ជា​ទី​ ៥ និង​ទី​ ៦ ដែល​ត្រូវ​ឡើង​ទៅ​កាន់​ការប្រកួត​វគ្គ​បន្ត​ជាមួយ​ក្រុម​បឹងកេត ភ្នំពេញ​ក្រោន ព្រះខ័នរាជ​ស្វាយរៀង និង​ក្រុម​អង្គរថាយហ្គឺរ ដែល​ក្រុម​ទាំង​ ៤ ​នេះ​បាន​នឹង​កំពុង​អង្គុយ​ចាំ​នៅ​វគ្គ​ ៨ ​ក្រុម​ចុងក្រោយ​នេះ​។

ការឈ្នះ​កៅអី​ដើម្បី​ឡើង​ទៅ​កាន់​ការប្រកួត​វគ្គ​ ៨ ​ក្រុម​របស់​ក្រុម​អង្គរថាយហ្គឺរ បន្ទាប់ពី​ក្រុម​នេះ​បាន​បញ្ចប់​ការប្រកួត​ជើង​ទី​ ២ ​វគ្គ​ ១៦ ​ក្រុម​ក្នុង​លទ្ធផល ៥-៥ ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ខេត្ត​រតនគិរី បន្ថែម​ទៅ​លើ​ការឈ្នះ ១០-១ ក្នុង​ជើង​ទី​ ១ ​នោះ​។ ចំណែក​ក្រុម​ទ័ព​បាន​បន្ត​យក​ឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប ៣-២ ក្នុង​ជើង​ទី​ ២ កាលពី​ម្សិលមិញ​នោះ​ដែរ​គឺ​បន្ថែម​ទៅ​លើ​ការឈ្នះ ៣-១ កាល​ជើង​ទី​ ១ ដើម្បី​ជួយ​ឲ្យ​ពួកគេ​ឡើង​ទៅ​វគ្គ​បន្ត​ដោយ​ការរំពឹង​ទុក​៕