ភ្នំពេញ៖ ​គ្រូ​បង្វឹក​ក្រុម​​អាស៊ី​អឺរ៉ុប​ លោក សុក វាសនា ​បាន​​មើល​ឃើញ​ថា ​ក្រុម​របស់​លោក កំពុង​តែ​មាន​ការ​រីក​ចម្រើន បើ​ទោះ​បីជា អាស៊ីអឺរ៉ុប ​​ត្រៀម​ខ្លួន​បាន​រយៈពេល​ខ្លី​ក៏​ដោយ ប៉ុន្តែ​​​គ្រូ​បង្វឹក​រូប​នេះ​បាន​អះអាង​ថា អាស៊ី​អឺរ៉ុប​ត្រូវ​ពង្រឹង​ខ្លួន​ឯង​ឲ្យ​ខ្លាំង​ជាង​នេះ​ថែម​ទៀត ដើម្បី​ត្រៀម​ទប់ទល់​នឹង​ភាព​តានតឹង​នៃ​ការ​ប្រកួត​លីក​កំពូល​កម្ពុជា​រដូវ​កាល​ឆ្នាំ ​២០២០ ដែល​នឹង​ចាប់​ផ្តើម​ក្នុង​ខែ​កុម្ភៈ ខាង​មុខ​នេះ។


ការ​យក​ឈ្នះ​ក្រុម​ណាហ្គាវើល ៤-៣ ក្នុង​វគ្គ​ជម្រុះ និង​ការ​បន្ត​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ ក្រសួង​ការពារជាតិ ដោយ​ការ​ទាត់បាល់​ប៉េណាល់ទី​កាត់​សេចក្តី ៥-៤ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ គឺ​ក្រោយ​ពេល​ក្រុម​ទាំង ​២ ស្មើ​គ្នា ៣-៣ ដើម្បី​លើក​ពាន​រង្វាន់​មិត្តភាព​ក្នុង​ស្រុក TV5 Pre-Season Championship 2020 កាល​ពី​ថ្ងៃ​សៅរ៍​ បាន​ក្លាយ​ជា​ចំណុច​ចាប់​ផ្តើម​ប្រកប​ដោយ​ផល​វិជ្ជមាន​របស់​អាស៊ីអឺរ៉ុប។


លោក សុក វាសនា​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖ ​«​តាមរយៈ​ការ​ប្រកួត​ពាន​មិត្តភាព​មួយ​នេះ ខ្ញុំ​មើល​ឃើញ​ថា យើង​លេង​ជា​លក្ខណៈ​ក្រុម​បាន​ល្អ ដោយ​យើង​លេង​ស៊ី​ចង្វាក់​គ្នា និង​មាន​ការ​យល់​ចិត្ត​គ្នា​បាន​ច្រើន ហើយ​សម្ទះ​នៃ​ការ​លេង​របស់​កីឡាករ​យើង​ខ្លាំង បើ​ទោះបី​ជា​យើង​ទើប​ហ្វឹកហាត់​ជុំ​គ្នា​បាន​ រយៈ​ពេល​ខ្លី​​ក៏​ដោយ»។


យ៉ាង​ណា​ក៏​ដោយ លោក សុក វាសនា ក៏​បាន​បង្ហាញ​ពី​ចំណុច​ខ្វះខាត​របស់​ក្រុម​អាស៊ី​អឺរ៉ុប​ផង​ដែរ។ លោក​បាន​និយាយ​ថា៖ ​«ចំពោះ​ចំណុច​ខ្សោយ​របស់​ក្រុម គឺ​តំបន់​ការពារ​របស់​យើង នៅ​មាន​កម្រិត ហើយ​ក្រុម​របស់​យើង ក៏​នៅ​ស្ទើរ​ផ្នែក​​កម្លាំង​ផង​ដែរ ខណៈ​ការ​ប្រកួត​លីក​កំពូល គឺ​ការ​ដោះដូរ​កីឡា​ករ​មាន​កម្រិត​មិន​ដូច​ការ​ប្រកួត​​ពាន​មិត្តភាព​នេះ​ទេ អ៊ីចឹង​យើង​នឹង​ព្យាយាម​កែប្រែ​​នៅ​ចំណុច​ខ្វះខាត​ទាំង​នេះ ព្រោះ​យើង​នៅ​សល់​ពេល​ប្រហែល​ជា ​៣ ​សប្តាហ៍​ទៀត»។


ជាមួយ​គ្នា​នេះ ​ក្រុម​អាស៊ីអឺរ៉ុប​បាន​បង្កើន​មហិច្ឆតា​កាន់​តែ​ខ្ពស់​ក្នុង​ការ​ប្រជែង​លីក​កំពូល​កម្ពុជា​ឆ្នាំ ​២០២០ ​នេះ។ លោក វាសនា បាន​បង្ហើប​ថា៖ ​«​ជា​ធម្មតា​ពី ​១ ​រដូវកាល ទៅ​ ១ ​រដូវ​កាល យើង​តែងតែ​មាន​ការ​រំពឹង​ខ្ពស់​ជាង​មុន​រហូត ប៉ុន្តែ​​ជាក់​ស្តែង​ទទួល​បាន​លទ្ធផល​បែប​ណា​នោះ យើង​នៅ​មិន​ទាន់​ដឹង​ទេ ព្រោះ​ការ​ប្រកួត​រដូវកាល​នេះ ខ្ញុំ​មើល​ឃើញ​ថា ក្រៅ​ពី​ក្រុម​អគ្គិសនី​កម្ពុជា និង​ក្រុម​សាលា​កីឡា​បាល់ទាត់​ជាតិ​បាទី ដែល​ប្រើ​កីឡាករ​ខ្មែរ​សុទ្ធ គឺ​​មាន​ការ​តានតឹង​ទាំង​អស់»។


លោក​បាន​បញ្ជាក់​ថា៖ «យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​នេះ ​យើង​កុំ​ទាន់​គិត​ពី​ភាព​ខ្លាំង​របស់​ក្រុម​ផ្សេង ​សំខាន់​យើង​ត្រូវ​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង​ឲ្យ​បាន​ល្អ​សិន គឺ​បើ​គេ​ខ្លាំង យើង​ក៏​ត្រូវ​តែ​ខ្លាំង​ដែរ ទើប​អាច​ប្រកួត​ប្រជែង​ជាមួយ​គេ​បាន ព្រោះ​នៅ​រដូវកាល​នេះ យើង​បាន​ទទួល​យក​កីឡាករ​ថ្មីៗ​ច្រើន ហេតុ​នេះ​បទពិសោធ​ការ​លេង​របស់​គាត់ នៅ​ស្ទើរ អ៊ីចឹង​ខ្ញុំ​ត្រូវ​តែ​ស្វែងរក​ឱកាស​ឲ្យ​ពួក​គាត់​បាន​លេង ដើម្បី​ពង្រឹង​សមត្ថភាព​ឲ្យ​បាន​កាន់​តែ​​ប្រសើរ សម្រាប់​ត្រៀម​ការ​ប្រកួត​រដូវ​កាល​ថ្មី​នេះ»។

ជុំវិញ​ការ​នាំយក​កីឡាករ​ថ្មីៗ​មក​ចូលរួម​ជួយ​ក្រុម​នៅ​ក្នុង​ការ​ប្រកួត​រដូវកាល​ថ្មី​នេះ អាស៊ីអឺរ៉ុប​ក៏​បាន​រក្សា​ទុក​កីឡាករ​មាន​បទពិសោធ​មួយ​ចំនួន​ធំ សម្រាប់​ឲ្យ​បន្ត​នៅ​ជួយ​ក្រុម​ផង​ដែរ។ ចំណែក​កីឡាករ​បរទេស​វិញ អាស៊ី​អឺរ៉ុប នឹង​ចុះ​កុងត្រា​យក ​៥ នាក់ ទៅ​តាម​ការ​កំណត់​ ហើយ​គិត​មក​ដល់​ពេល​នេះ ក្លិប​មួយ​នេះ​ចុះ​កុងត្រា​យក​បាន ​៣ ​នាក់​ជា​ផ្លូវ​ការ​ហើយ។

កីឡាករ​បរទេស​ដែល​បាន​ចុះ​កុងត្រា​រួច​ហើយ​នោះ ​មាន​ខ្សែ​បម្រើ​ប្រយុទ្ធ Asemi Kanta ​របស់​ជប៉ុន ខ្សែ​បម្រើ​ប្រយុទ្ធ​មក​ពី​អាហ្វហ្គានីស្ថាន Mohamed Emran និង​កីឡាករ​កម្ពស់ ​១,៩២ ​ម៉ែត្រ មក​ពី​កូឌីវ័រ Yao Kuoassi ចំណែក ​២ ​នាក់​ទៀត ត្រូវ​បាន​លោក សុខ វាសនា បង្ហើប​ថា ក្លិប​នឹង​ប្រកាស ​២ ទៅ ​៣ ​ថ្ងៃ​ខាង​មុខ​នេះ ​ខណៈ​ការ​ប្រកួត​ពាន​មិត្តភាព​នេះ Yao រក​បាន ២ ​គ្រាប់ និង Asemi Kanta បាន ​១ ​គ្រាប់៕