គ្រូ​ ឈិន ​ខ្វាន់ចៃ ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ និង​ជួប​ទុក្ខ​ដោយសារ​ក្រីក្រ​ខ្លាំង​​

Content image - Phnom Penh Post
លោក ឈិន ក្វាន់​ចៃ បាន​ចាកចេញ​ពី​មន្ទីរពេទ្យ ទៅ​ស្នាក់នៅ​ខាង​ប្រពន្ធ ក្រោយអត់លទ្ធភាព​ព្យាបាលជំងឺ។

ភ្នំពេញ៖ ​គ្រូ​ប្រដាល់​ក្លិប​មកុដរាជសីហ៍​នៃ​សមាគម​ប្រដាល់​ក្រសួង​មហាផ្ទៃ​ លោក​ ឈិន ​ខ្វាន់ចៃ​ បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ ​ដោយ​មាន​​អាការ​ទន់​ដៃ​ជើង​ អស់​កម្លាំង ​និង​ឡើង​សម្ពាធ​ឈាម​ ដេក​មួយ​កន្លែង​ទៅ​ហើយ​ ហើយ​កាល​ពី​សប្តាហ៍​មុន​លោក​​​បាន​ចូល​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ ប៉ុន្តែ​​សម្រាក​បាន​តែ ​២ ​យប់​ ​ត្រូវ​បាន​បង្ខំ​ចិត្ត​ចាកចេញ​វិញ ព្រោះ​​ជីវភាព​ក្រីក្រ​ពេក​គ្មាន​ប្រាក់​បង់ ​​ខណៈ​​តម្លៃ​គ្រែ​សម្រាក​ព្យាបាល​តម្លៃ​ ១ យប់​ ២០ ​ដុល្លារ​ឯណោះ​ ដោយ​មិន​ទាន់​គិត​ពី​ការ​ចំណាយ​ផ្សេងៗ​ច្រើន​ទៀត​នៅ​ឡើយ​។

ភរិយា​លោក ​ឈិន ខ្វាន់ចៃ​ អ្នកស្រី​ សោម​ រ៉ែន បាន​​ប្រាប់​​ថា​ ​លោក​​គ្រូ ​ឈិន ខ្វាន់ចៃ ​បាន​ចេញ​ពី​មន្ទីរពេទ្យ​ហើយ ​ដោយ​គ្មាន​លុយ​បង់​ថ្លៃ​គ្រែ​ដេក ​ឬ​ព្យាបាល​នោះ​ទេ​ គឺ​​បាន​មក​នៅ​ផ្ទះ​ នៅ​ភូមិ​ចុង​ក្រូច ​ឃុំ​រាប ​ស្រុក​ពារាំង​ ខេត្ត​ព្រៃវែង ​ជា​បណ្តោះ​អាសន្ន​។​

អ្នកស្រី​​បន្ត​ថា​៖ «​​ជំងឺ​របស់​គាត់ ​លើស​សម្ពាធ​ឈាម និង​និយាយ​លែង​ច្បាស់​ហើយ គឺ​ដេក​មួយ​កន្លែង ​ដើរ​មិន​បាន​ឡើយ ​​ឥឡូវ​កំពុង​រក​ថ្នាំ​ខ្មែរ​ដាំ​ពិសា ​ព្រោះ​តម្លៃ​ថោក​ ហើយ​នៅ​ពេល​គាត់​បង្វឹក​សិស្ស​មិន​បាន​បែប​នេះ ​គឺ​គ្មាន​ប្រាក់​ចំណូល​ទេ ​ខណៈ​ ​២ សប្តាហ៍​កន្លង​មក​នេះ​ បាន​អាហារ​ដោយសារ​មិត្តភក្តិ កូន​សិស្ស​ និង​សប្បុរសជន​ជួយ​ផ្តល់​ឱ្យ​»​។

អ្នកស្រី​ សោម​ រ៉ែន បញ្ជាក់​ថា៖ ​«កាល​ពី​មិន​ទាន់​ឈឺ​ គាត់​បង្វឹក​សិស្ស​ និង​ធ្វើ​គណៈកម្មការ​ប្រកួត​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ គឺ​បាន​លុយ​ខ្លះ ​និង​រត់​ម៉ូតូ​ឌុប​ខ្លះ​ផ្សំ​ផង​ ប៉ុន្តែ​ពេល​នេះ​ ចប់​តែ​ម្តង ​ដោយសារ​ការងារ​នៅ​ទីនោះ​ គេ​បិទ​ច្រើន​ខែ​ហើយ​ ហើយ​ឥឡូវ​ឈឺ​ធ្ងន់​ទៀត​ គឺ​រង់ចាំ​តែ​ជីវិត​ចុង​ក្រោយ​ប៉ុណ្ណោះ។​ ហេតុ​នេះ ​សូម​សប្បុរស​ជន​មេត្តា​ជួយ​គាត់​ក្នុង​គ្រា​ដ៏​លំបាក​បំផុត​នេះ​ផង ​​ព្រោះ​យើង​​គ្មាន​អ្វី​ជា​ទី​ពឹង​នោះ​ឡើយ​»​។​

លោក ​គង់ ​ចាន់ធីណា​ ប្រធាន​ក្លិប​មកុដរាជសីហ៍​ បាន​ប្រាប់​ថា​៖ «លោក ​ខ្វាន់ចៃ​ បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​រយៈ​ពេល ​២ សប្តាហ៍​មក​ហើយ​ ហើយលោ​ក​ក៏​បាន​​ឃ្លាត​ពី​ការ​បង្វឹក​​ច្រើន​ខែ​មក​ហើយ​ដែរ​ ដោយ​បញ្ហា​សុខភាព​នេះ ចំណែក​ជីវភាព​របស់​គាត់ ​គឺ​ពិត​ជា​ក្រ​តោក​យ៉ាក​ណាស់ ព្រោះ​​ក្រៅ​ពី​ធ្វើ​ជា​គ្រូ​ប្រដាល់​ គាត់​រត់​ម៉ូតូ​ឌុប​ខ្លះ ​ប៉ុន្តែ​ពេល​នេះ​ គឺ​ចប់​ទាំង​អស់ ​ដេក​មួយ​កន្លែង​​និយាយ​មិន​ច្បាស់​ផង»​។​

លោក​បាន​បន្ត​ថា​ ក្រុម​កូន​សិស្ស​ និង​សប្បុរស​ជន ​មួយ​ចំនួន​បាន​ជួយ​គាត់​តាម​លទ្ធភាព​តិច​តួច ​ដើម្បី​សម្រាល​ការ​លំបាក ​និង​បាន​ទៅ​ពេទ្យ​ប៉ុន្មាន​ថ្ងៃ​ ប៉ុន្តែ​មិន​អាច​បាន​តាម​តម្រូវ​ការ​ជាក់​ស្តែង​នោះ​ឡើយ​ គឺ​បាន​មួយ​គ្រាៗ​ប៉ុណ្ណោះ​ ហើយ​លោក ឈិន ខ្វាន់ចៃ ​ជា​ អ្នក​ប្រដាល់​បន្ត​វេន​ពី​ជីតា និង​ឪពុក ដែល​មាន​ស្រុក​កំណើត ​នៅ​ខេត្ត​បាត់ដំបង។

លោក ចាន់ធីណា បាន​បន្ថែម​ថា ជីតា​ និង​ឪពុក​របស់​លោក ខ្វាន់ចៃ​ ជា​អ្នក​ប្រដាល់​ល្បីល្បាញ​នៅ​ខេត្ត​បាត់ដំបង​ជំនាន់​ទសវត្សរ៍​ ៥០​ និង ​៦០ ​ឈ្មោះ​ តា​ ខ្វាន់ និង​ តា ឈិន ចំណែក​លោក ខ្វាន់ចៃ ​បាន​មក​បង្វឹក​ប្រដាល់​ឱ្យ​ក្លិប​មកុដរាជសីហ៍​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ ​២០១១​ រហូត​មក​ដល់​បច្ចុប្បន្ន ​ដែល​ធ្លាក់​ខ្លួន​ឈឺ​នេះ​។​

គួរ​បញ្ជាក់​ថា គ្រូ​ប្រដាល់ ឈិន ខ្វាន់ចៃ ​មាន​អាយុ​ពិត​ជាង ​៧០ ​ឆ្នាំ ​មាន​បងប្អូន ​៤ ​នាក់ ​ស្រី ​១ ​និង​ប្រុស ​៣ ​នាក់ ​ជា​អ្នក​ប្រដាល់​ទាំង​អស់​ ដែល​មាន​វ័យ​ចាស់ៗ​ទៅ​ហើយ​។ ​លោក​ ខ្វាន់ចៃ បណ្តុះបណ្តាល​បាន​កូន​ប្រុស​ម្នាក់ ​ជា​កីឡាករ​ឆ្នើម​គួរ​សម ​ឈ្មោះ​ ឈិន ​ ខ្វាន់ង៉ុយ​ ហើយ​បន្ថែម​លើ​នេះ លោក​បង្វឹក​កីឡាករ​ឱ្យ​មាន​សមត្ថភាព​ល្អ​គួរ​សម​ ដែល​មាន​ឈ្មោះ​ល្បី​ចូល​ប្រកួត​ប្រជែង​បាន​លំដាប់​ជួរ​មុខ​មួយ​ចំនួន​ដូច​ជា​ រឿង​ សោភ័ណ្ឌ​, ​ឌុម​ កែវដា​, ​រិន ​មុន្នី​, សេក​ គឹម​រួន​,​ រឿង​ សារិទ្ធ​ និង ធា​ នុរាជ​ ជា​ដើម ប៉ុន្តែ​​ពេល​នេះ ​លោក​និយាយ​មិន​ច្បាស់ ​ស្តាប់​មិន​បាន ​ហើយ​កំពុង​ស្នាក់​នៅ​ជា​បណ្តោះអាសន្ន​ជាមួយ​ប្រពន្ធ​ ក្នុង​លក្ខណៈ​ក្រ​លំបាក​បំផុត​នៅ​ភូមិ​ចុង​ក្រូច ​ឃុំរាប ​ស្រុក​ពារាំង ​ខេត្ត​ព្រៃ​វែង​៕​

ព័ត៌មានថ្មីៗ