ក្រុងឡុងដ៍៖ លោក Jose Mourinho បាននិយាយដោយទទូចថា គាត់មិនបាន «ច្រណែន» នឹងក្លិបផ្សេងទៀតដូចជា Liverpool និង Man City នោះទេ ដោយអះអាងថា ក្រុម Spurs គឺជារឿងផ្សេងមួយទៀត។
ក្លិប Man City កំពុងព្យាយាមឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ជាប់ៗគ្នា ខណៈដែលក្រុម Liverpool កំពុងនាំមុខដាច់ ១៤ ពិន្ទុ ជាមួយការនៅសល់ ១ ប្រកួតទៀតនៅរដូវកាលនេះ។
លោក Mourinho ត្រូវបានតែងតាំងជាគ្រូបង្វឹកក្លិប Spurs កាលពីខែវិច្ឆិកា ហើយក្រុមរបស់គាត់កំពុងបឹ្រងប្រែងនៅក្នុងចំណាត់ថ្នាក់ទី ៨ នៅក្នុងក្របខ័ណ្ឌនេះ។
ប៉ុន្តែគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបាននិយាយថា ពួកគេមិនអាចយកទៅប្រៀបធៀបនឹងក្រុម Man City និងក្លិប Liverpool បានទេបើទោះជាគាត់មិនទាន់មានការអះអាងណាមួយក៏ដោយ។
លោក Mourinho បាននិយាយថា៖ «វាគឺបែបនេះឯង ប៉ុន្តែយើងមិនអាចយកក្រុមមួយទៅប្រៀបធៀបនឹងក្រុមផ្សេងទៀតបានទេព្រោះវាមិនមែនជាខ្លួនយើង»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «ខ្ញុំបានមើលក្រុម Man City ប្រកួតជាមួយក្រុម Aston Villa ហើយខ្ញុំក៏បានឃើញកីឡាករ [Raheem] Sterling, Bernardo Silva, [Ilkay] Gundogan, [Nicolas] Otamendi អង្គុយនៅកៅអីផងដែរ ហើយរឿងនេះអ្នកប្រហែលជាយល់ហើយ»។
គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «រីឯក្រុម Liverpool ដូចអ្នកឃើញហើយក៏មានកីឡាករអង្គុយរង់ចាំនៅកៅអី ហើយក៏មានកីឡាកររបួសផងដែរ»។
គ្រូបង្វឹក Mourinho បានបន្តថា៖ «ខ្ញុំមិនច្រណែននោះទេ ហើយខ្ញុំមានការងារដ៏អស្ចារ្យមួយ ប៉ុន្តែពួកគេ គឺជាការងារផ្សេងពីយើងព្រោះនេះគឺជាក្លិបផ្សេងមួយទៀត»។
គ្រូបង្វឹករូបនេះបានបង្ហាញថា ការងារនៅក្លិប Spurs គឺជាការងារដ៏លំបាកបំផុតរបស់គាត់តាំងពីគាត់ស្ថិតនៅក្លិប Porto ជាទីដែលគាត់បានដឹកនាំនៅដើមឆ្នាំ ២០០២។
លោក Mourinho បាននិយាយថា៖ «វាជាលើកទី ២ ដែលខ្ញុំទទួលយកក្រុមមួយនៅពាក់កណ្ដាលរដូវកាលនេះ គឺទើបតែលើកទី ២ ប៉ុណ្ណោះ»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «លើកដំបូង គឺមិនងាយស្រួលទេព្រោះវាជាចុងបញ្ចប់នៃក្រុមមួយក៏ដូចជា ចុងបញ្ចប់នៃរដូវកាលមួយដែលមិនទទួលបានពានរង្វាន់ផងដែរ»។
ទន្ទឹមនឹងនេះ លោក Jose Mourinho បានបញ្ជាក់ពីព័ត៌មានចុងក្រោយពីស្ថានភាពរបួសរបស់កីឡាករ Harry Kane ហើយគាត់មិនបានដឹងថា តើខ្សែប្រយុទ្ធក្លិប Tottenham រូបនេះនឹងបន្តអវត្តមានក្នុងការប្រកួតរហូតដល់ខែមេសា ខែឧសភា ឬរដូវកាលក្រោយនោះទេ។
ក្លិបនេះបានបញ្ជាក់ពីសប្ដាហ៍មុនថា កីឡាករ Kane ត្រូវការវះកាត់សរសៃពួរភ្លៅខាងឆ្វេង ហើយនឹងអវត្តមានការប្រកួតរហូតដល់យ៉ាងហោចណាស់ខែមេសាក្រោយពីរងរបួសក្នុងការប្រកួតចូលឆ្នាំថ្មីជាមួយក្រុម Southampton នៅពេលរូបគេបានស៊ុតបាល់ចូលទី ប៉ុន្តែត្រូវលុបចោលវិញដោយសារបាល់ offside។
ក្លិប Spurs សង្ឃឹមថា កីឡាករអាយុ ២៦ ឆ្នាំរូបនេះ នឹងបានជាសះស្បើយឆាប់ៗ និងអាចចូលរួមប្រកួតឡើងវិញសម្រាប់ក្លិបនេះនៅចុងរដូវកាលនេះ និងសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសក្នុងការប្រកួត Euro 2020 ផងដែរ។
លោក Mourinho បាននិយាយថា៖ «យើងនឹងព្យាយាមឲ្យអស់ពីសមត្ថភាព ហើយព័ត៌មានជុំវិញស្ថានភាពរបស់ Kane យើងមិនទាន់ដឹងច្បាស់នៅឡើយទេ ហើយប្រសិនបើអ្នកនៅតែបន្តសួរខ្ញុំគ្រប់ពេល យើងនឹងមកទីនេះបន្តឆ្លើយនូវសំណួរដដែលៗនេះ»៕ AFP/SN