ភ្នំពេញៈ ក្រុមណាហ្គាវើលរបស់កម្ពុជាបានរកឃើញការឈ្នះជាលើកដំបូងរបស់ខ្លួនហើយនៅក្នុងការប្រកួតជម្រុះប្រចាំពូល F នៃពាន AFC Cup 2019 ខណៈពួកគេបានយកឈ្នះលើក្រុម Yangon United កាលពីថ្ងៃអង្គារដើម្បីលាងជម្រះការខូចចិត្តសម្រាប់ការចាញ់ក្រុម Hanoi FC រហូតដល់ ១០-០ នោះ។
យ៉ាងណាក៏ដោយជ័យជម្នះរបស់ក្រុមណាហ្គាវើលលើក្រុម Yangon United នៅពហុកីឡដ្ឋានជាតិកាលពីយប់ថ្ងៃអង្គារនោះត្រូវបានគេមើលឃើញថា «ជាសំណាង» ព្រោះគ្រាប់បាល់ទាំង ២ របស់ក្រុមនេះសុទ្ធរកបានដោយការទទួលបានបាល់ពិន័យ ១១ ម៉ែត្រពីលោកអាជ្ញាកណ្តាលហើយអ្វីដែលពិសេសទៀតនោះគឺក្រុម Yangon បានបាត់សមាជិក ១ រូបតាំងពីនាទីទី ៦។
ប៉ុន្តែលោក Myo Min Tun គ្រូបង្វឹកក្រុម Yangon United បាននិយាយក្នុងសន្និសីទកាសែតក្រោយការប្រកួតថា៖ «ខ្ញុំគិតថាការទទួលបានជ័យជម្នះរបស់ក្រុមណាហ្គាវើលនៅថ្ងៃនេះវាមិនមែនជារឿងសំណាងនោះទេ គឺមកពីណាហ្គាវើលខំប្រឹងប្រែងលេង និងលេងបានល្អ ប៉ុន្តែការពិន័យរបស់អាជ្ញាកណ្តាលធ្ងន់ពេកហើយ ព្រោះគាត់ឲ្យបាល់ប៉េណាល់ទីហើយគាត់ពិន័យកាតក្រហមដល់កីឡាករខ្ញុំទៀត»។
គួរបញ្ជាក់ថាកីឡាករ Zaw Pyae Pyho របស់ Yangon United ត្រូវបានពិន័យកាតក្រហមនៅនាទីទី ៦ ដោយសារដៃរបស់គេបានប៉ះបាល់ពីការស៊ុតរបស់ Kipson។ បន្ថែមលើការពិន័យកាតក្រហមនេះលោកអាជ្ញាកណ្តាលក៏ផ្តល់បាល់ពិន័យ ១១ ម៉ែត្រឲ្យក្រុមណាហ្គាវើលផងដែរហើយ Kipson ជាអ្នកធ្វើបានសម្រេច។
នៅនាទីទី ៩ ខ្សែប្រយុទ្ធ Miller បានស៊ុតបាល់បញ្ចូលទីតាមស្មើឲ្យក្រុម Yangon វិញប៉ុន្តែនៅនាទីទី ២៦ លោកអាជ្ញាកណ្តាលបានផ្តល់បាល់ពិន័យ ១១ ម៉ែត្រឲ្យណាហ្គាវើលម្តងទៀតនៅពេលដៃរបស់កីឡាករ Kosuke Yamazaki បានប៉ះបាល់ពីការស៊ុតរបស់ខ្សែប្រយុទ្ធ Amir Gubani នោះ ហើយ Kipson ជាអ្នកធ្វើបានសម្រេចដដែល។
លោក Myo Min Tun បានបន្ថែមថា៖ «យើងពិតជាមានសម្ពាធខ្លាំង នៅពេលប្រកួតបានត្រឹម ៦ នាទីក៏ទទួលបានកាតក្រហម និងយើងត្រូវពិន័យបាល់ប៉េណាល់ទីរហូតដល់ ២ លើកនោះគឺវាពិតជាលំបាកណាស់ ព្រោះជាធម្មតាបាល់ទាត់នៅពេលបាត់សមាជិក ១ នាក់ហើយ វាមិនមែនជារឿងងាយស្រួលនោះទេ»។
ចំណែកលោក មាស ចាន់ណា ក៏ហាក់មិនសូវពេញចិត្តនឹងទម្រង់លេងរបស់កូនក្រុមលោកប៉ុន្មានដែរ។ លោកបាននិយាយថា៖ «ប្រាកដណាស់ យើងពិតជាសប្បាយចិត្តនៅពេលទទួលបាន ៣ ពិន្ទុនៅលើទឹកដី ប៉ុន្តែការប្រកួតនេះតឹងតែងមែនទែន ហើយខ្ញុំជឿថាបើសិនជា Yangon United មិនមានកាតក្រហមនៅនាទីទីដំបូងប្រហែលជាយើងយ៉ាប់មែនទែន ព្រោះយើងមានបញ្ហាទៅលើការសម្រេចទីចុងក្រោយដែលនេះជាបញ្ហាធំណាស់»។
លោកបានបញ្ជាក់ថា៖ «យើងពេញចិត្តខ្លាំងនឹងលទ្ធផលឈ្នះ ប៉ុន្តែទម្រង់នៃការលេងគឺទើបតែបាន ៥០ ភាគរយទេ។ មានន័យថាអ្វីដែលខ្ញុំដាក់ទៅគាត់ធ្វើបាន ប៉ុន្តែគាត់នៅខ្វះការច្នៃប្រឌិតបន្ថែម ព្រោះក្នុងស្ថានភាពបាល់ទាត់វាមានច្រើនមែនទែនគឺខ្ញុំមិនអាចរៀបចំទាំងអស់បានទេ។ ខ្ញុំរៀបចំតែកន្លែងសំខាន់ៗ អ៊ីចឹងកន្លែងចន្លោះផ្សេងទៀតគាត់ត្រូវតែមានការច្នៃប្រឌិតខ្លួនឯងបន្ថែមទៀតដូចជាចលនាក្នុងការបញ្ចប់ទី (ស៊ុតបាល់បញ្ចូលទី) និងការបញ្ជូនបាល់សម្លាប់ជាដើម»។
នៅក្រោយការរកបានគ្រាប់បាល់នាំមុខ ២-១ នោះ ណាហ្គាវើលបានវាយលុកកាន់តែខ្លាំងហើយខ្សែប្រយុទ្ធ Paul Omogba បានបង្កើតឱកាសមាសឲ្យ Amir Gubani ចំនួន ៣ លើក តែខ្សែប្រយុទ្ធរូបនេះស៊ុតបាល់ដាច់យ៉ាងកៀកទីនេះ ឡើងលើរហូត។ ចំណែក សួង វិរៈ ក៏បានបាល់ទី ១ ដែរ តែស៊ុតមិនផុតពីការចេញមកសង្គ្រោះអ្នកចាំក្រុម Yangon United។
ចំណែកក្រុម Hanoi FC របស់វៀតណាមបានត្រឹមស្មើ ១-១ ជាមួយក្រុមម្ចាស់ផ្ទះ Tampines Rovers របស់សិង្ហបុរីសម្រាប់ការប្រកួតលើកទី ២ កាលពីថ្ងៃអង្គារនោះដែរហើយលទ្ធផលនេះបានធ្វើឲ្យក្រុមទាំង ២ នេះមាន ៤ ពិន្ទុជាមួយការឈ្នះ ១ និងស្មើ ១ ប្រកួតដូចគ្នា ឯណាហ្គាវើល ឈរនៅលេខ ៣ មាន ៣ ពិន្ទុ តែ Yangon United បានចាញ់ទាំង ២ ប្រកួត៕