ភ្នំពេញ៖ ​គ្រូ​ប្រដាល់​នៅ​ជាយ​ដែន លោក ហេង ប៊ុនឃីម ដែល​ជា​ឪពុក​បង្កើត​របស់​កីឡាករ ឃីម បូរ៉ា ​នៅ​តែ​មិន​ទាន់​អាច​លាង​ជម្រះ​ពី​ក្តី​បារម្ភ​ចេញ​ពី​ក្នុង​ចិត្ត នៅ​ពេល​កូន​ប្រុស​របស់​លោក​ត្រូវ​ប្រកួត​ដណ្តើម​យក​ម៉ូតូ និង​ប្រាក់​រង្វាន់​ក្នុង​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ជាមួយ​ជើង​ខ្លាំង​មក​ពី​ខេត្ត​បាត់​ដំបង ឈុតសេរី វ៉ាន់ថង ក្នុង​កម្មវិធី «កម្ពុជា​សង្វៀន​គុន​ខ្មែរ» នៅ​សង្វៀន CNC ព្រឹក​ថ្ងៃ​សៅរ៍​។


នៅ​ក្នុង​ការ​ប្រកួត​ដ៏​សំខាន់​នេះ លោក ហេង ប៊ុនឃីម គ្រោង​ជំរុញ​ឲ្យ ឃីម បូរ៉ា វ៉ៃ ឈុតសេរី វ៉ាន់ថង ឲ្យ​រាប់ ឬ​វ៉ៃ​ឲ្យ​សន្លប់ ព្រោះ​លោក​បារម្ភ​ថា ការ​ប្រកួត​បែប​ប្រដំ​ប្រសង ឬ​មាន​ប្រៀប​បន្តិច​បន្តួច គឺ បូរ៉ា អាច​នឹង​ត្រូវ​បាន​គេ​កាត់​សេចក្តី​ឲ្យ​ចាញ់ ដូច​កាល​ជួប​គ្នា កាល​ពី​ថ្ងៃទី ​២ ខែឧសភា ខណៈ​ការ​ប្រកួត​នោះ លោក​មើល​ឃើញ​ថា ឃីម បូរ៉ា មាន​ប្រៀប​លើ វ៉ាន់ថង បន្តិច​បន្តួច ឬ​អាច​ថា ​​ប្រដំ​ប្រសង​គ្នា ប៉ុន្តែ​ចៅ​ក្រម​បែរ​ជា​កាត់​ក្តី​ឲ្យ​កូន​របស់​លោក ចាញ់​ដាច់​ដោយ​ឯកច្ឆន្ទ​ទៅ​វិញ។


លោក ហេង ប៊ុនឃីម បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ម្សិល​មិញ​ថា៖ ​«ខ្ញុំ​នៅ​តែ​បារម្ភ​ទៅ​លើ​បញ្ហា​នេះ ហើយ​ខ្ញុំ​គិត​ថា ​បើ​យើង​​វ៉ៃ​បាន​ត្រឹម​ប្រហាក់​ប្រហែល​ឈ្នះ​គេ​​មិន​ដាច់ ឬ​មិន​អាច​វ៉ៃ​គេ​ឲ្យ​រាប់ ឬ​ក៏​ផ្តួល​គេ​ឲ្យ​សន្លប់​ទេ​នោះ យើង​អាច​នឹង​ទទួល​បាន​លទ្ធផល​បែប​ខក​ចិត្ត​ដូច​លើក​មុន​ម្តង​ទៀត ប៉ុន្តែ​យើង​ក៏​មិន​ត្រូវ​គិត​ច្រើន​ពេក​នោះ​ទេ គឺ​មាន​តែ​ត្រូវ​ប្រឹងប្រែង​​ឲ្យ​អស់​ពី​សមត្ថភាព​របស់​យើង​ដោយ​រំពឹង​ថា យើង​អាច​នឹង​មាន​ភ័ព្វ​សំណាង»។


យ៉ាង​ណា​ក៏​ដោយ លោក ហេង ប៊ុនឃីម យល់​ថា របៀប​វ៉ៃ​បែប​រត់​គេច​របស់ ឈុតសេរី វ៉ាន់ថង មិន​អាច​នឹង​ផ្តល់​ឱកាស​ឲ្យ ឃីម បូរ៉ា វ៉ៃ​គេ​ឲ្យ​រាប់ ឬ​ឲ្យ​សន្លប់​បាន​នោះ​ទេ។ ឪពុក​រូប​នេះ​ បាន​និយាយ​ថា៖ ​«បើ​មើល​ទៅ​លើ​កម្រិត​ប្រកួត​របស់​អ្នក​ទាំង ២​ នេះ ពិសេស​របៀប​វ៉ៃ​រត់ៗ និង​គេច​របស់ វ៉ានថង គឺ​យើង​មិន​សង្ឃឹម​ថា អាច​វ៉ៃ​គេ​ឲ្យ​រាប់ ឬ​សន្លប់​បាន​នោះ​ទេ ព្រោះ​ការ​ផ្តួល​គ្នា​ឲ្យ​សន្លប់ លុះត្រា​ហ៊ាន​វ៉ៃ​ប្តូរ​ដូច​គ្នា។ យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​បាន​បង្វឹក​បច្ចេកទេស​ថ្មីៗ​មួយ​ចំនួន​ទៀត​ដល់ បូរ៉ា រួច​អស់​ហើយ អ៊ីចឹង​លទ្ធផល​បែប​ណា​នោះ គឺ​វា​អាស្រ័យ​ទៅ​លើ​ការ​ប្រកួត​ជាក់​ស្តែង»។


ចំណែក​លោក ឈុត សេរី ដែល​ជា​ឪពុក និង​ជា​​គ្រូ​បង្វឹក​របស់ ឈុតសេរី វ៉ាន់ថង ក៏​មិន​ហ៊ាន​រំពឹង​ខ្ពស់​ដូច​គ្នា។ លោក​បាន​ប្រាប់ ភ្នំពេញប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​​ថា៖ ​«យើង​ត្រៀម​បាន​រួច​រាល់​ហើយ ប៉ុន្តែ​យើង​មិន​ហ៊ាន​សង្ឃឹម​ច្រើន​ពេក​ទេ គឺ​ត្រឹម​តែ ​៥០ ​ទៅ ​៦០ ​ភាគរយ​បាន​ហើយ ព្រោះ​គេ​ក៏​ល្អ​ដែរ»។


យ៉ាង​ណា​ក៏ដោយ លោក សេរី គិត​ថា ករណី​សន្លប់ អាច​នឹង​កើត​មាន​ឡើង បើ​សិន​ជា​មាន​អ្នក​ភ្លាត់​នៅ​ក្នុង​ការ​ប្រកួត​នេះ។ «អ្នក​ទាំង ​២ ​នេះ មាន​អាវុធ​សម្លាប់​រៀងៗ​ខ្លួន ដូច្នេះ​អ្នក​ណា​ភ្លាត់ នឹង​មាន​គ្រោះ​ថ្នាក់។ ការ​ប្រកួត​នេះ នឹង​មាន​ភាព​តានតឹង​ខ្លាំង និង​ល្អ​មើល​ជាង​មុន ហើយ​ករណី​ភ្លាត់ ឬ​សន្លប់ ក៏​វា​អាច​នឹង​កើត​មាន​ផង​ដែរ ព្រោះ​ការ​​ប្រកួត​ដែល​មាន​ទាំង​ម៉ូតូ និង​ប្រាក់​រង្វាន់​ច្រើន​បែប​នេះ គឺ​ម្នាក់ៗ​ច្បាស់​ជា​ផ្តោត​ខ្លាំង​ទៅ​លើ​ការ​ប្រកួត»។

នៅ​ក្នុង​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ប្រចាំ​ក្រុម ២ ​នេះ អ្នក​ឈ្នះ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ ​៥០០ ​ដុល្លារ អម​ជាមួយ​ម៉ូតូ Zoomer X មួយ​គ្រឿង រីឯ​អ្នក​ចាញ់​​លេខ ​២ ​បាន​ប្រាក់​​​ ២ ០០០ ដុល្លារ។ បន្ថែម​លើ​នេះ អ្នក​លេខ ​១ នឹង​​បាន​ឡើង​ទៅ​ប្រកួត​ផ្តាច់​ព្រ័ត្រ​​ដណ្តើម​ខ្សែ​ក្រវាត់​ អម​ជាមួយ​ប្រាក់​រង្វាន់​ ៦ ០០០ ដុល្លារ និង ​៣ ០០០ ដុល្លារ ជាមួយ​ តាញ់ មករា ដែល​ទទួល​បាន​លេខ ​១ ​ប្រចាំ​ក្រុម ​១​ ជា​បន្ត​ទៀត។

លោក ឈុត សេរី ​បាន​បន្ថែម​ថា៖​ «ដោយសារ អ្នក​ទាំង ​២ ​នេះ ទើប​ប្រកួត​គ្នា អ៊ីចឹង​យើង​ក៏​ឃើញ​​ចំណុច​ខ្សោយ​របស់​គេ ហើយ​គេ​ក៏​មើល​ឃើញ​ចំណុច​ខ្សោយ និង​ចំណុច​ខ្លាំង​របស់​យើង​ដូច​គ្នា ហេតុ​នេះ​ខ្ញុំ​បាន​​ប្រាប់​យុទ្ធសាស្រ្ត​ថ្មីៗ​មួយ​ចំនួន​ទៀត​ដល់ វ៉ាន់​ថង អ៊ីចឹង​ការ​ប្រកួត​នេះ យើង​នឹង​មាន​បច្ចេកទេស​វ៉ៃ​ថ្មី ខុស​ប្លែក​ពី​មុន តែ​ខ្ញុំ​សូម​លាក់​សិន គឺ​នៅ​ពេល​ឡើង​ដល់​លើ​សង្វៀន​នឹង​ឃើញ​ច្បាស់​ទាំង​អស់​គ្នាហើយ»៕